មហាសេដ្ឋី​​​ឆ្លើយ​​​តប​​​នារី​​​រូប​​​ស្រស់​​​ដែល​​​ចង់​​​បាន​​​ប្ដី​​​អ្នក​​​មាន អាន​​​ហើយ​​​ចុក​​​ឈាម​

នារី​ម្នាក់​​​ដែល​​​មាន​​​សម្រស់​​​ស្អាត​​​បាត បាន​​​បង្ហោះ​​​សារ​​​មួយ​​​ដោយ​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​ប្ដី​​​អ្នក​​​មាន និង​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ​​​លើស​​​ពី ៥០​​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​។ ប៉ុន្តែ​​​អ្នក​​​ជំនួញ និង​​​ជា​​​មហាសេដ្ឋី​​​មាន​​​ទ្រ​ព្យ​​​ម្នាក់​​​បាន​​​ឆ្លើយ​​​តប​​​សារ​​​របស់​​​នាង តាម​​​របៀប​​​អ្នក​​​វិនិយោគ អាន​​​ហើយ​​​ធ្វើ​​​ឲ្យ​​​នាង​​​ឈឺ​​​ចាប់​​​ខ្មាស​​​ខ្លួន​​​ឯង ព្រោះ​​​អត្ថ​ន័យ​​​នៅ​​​ក្នុង​​​សារ​​​នោះ​​​បាន​​​ប្រៀប​​​ធៀប​​​នាង​​​ទៅ​​​នឹង​​​ការ​​​ធ្វើ​​​ជំនួញ​​​ជាក់​​​ស្ដែង​​​តែ​​​ម្ដង​។​



​ខាង​​​ក្រោម​​​នេះ ជា​​​អត្ថ​ន័យ​​​សារ​​​ទាំង​​​ស្រុង ដែល​​​នាង​​​បាន​​​បង្ហោះ​​​ឡើង​៖

​“​តើ​​​ខ្ញុំ​​​គួរ​​​ធ្វើ​​​បែប​​​ណា ទើប​​​អាច​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន​​​បាន​? ឆ្នាំ​​​នេះ ខ្ញុំ​​​អាយុ ២៥​​ឆ្នាំ​​​ហើយ​។ ខ្ញុំ​​​មាន​​​រូប​​​សម្បត្តិ​​​ស្រស់​​​ស្អាត ទាន់​​​ស​ម័​យ ហើយ​​​ក៏​​​ទាក់​​​ទាញ​​​ដែរ​។ ខ្ញុំ​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន​​​ម្នាក់ ដែល​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ ៥០​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ ឬ​​​លើស​​​ពី​​​នេះ​។ អ្នក​​​ប្រហែល​​​ជា​​​លាន់​​​មាត់​​​ថា ខ្ញុំ​​​នេះ​​​ហួស​​​ហេតុ​​​ពេក តែ​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ​​​ត្រឹម ៥០​​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ ចាត់​​​ទុក​​​ថា​​​អ្នក​​​មាន​​​ថ្នាក់​​​កណ្ដាល​​​ប៉ុណ្ណោះ​​​នៅ​​​ក្រុង​New York​។​

ត​ម្រូ​វ​​​ការ​​​ខ្ញុំ​​​មិន​​​ខ្ពស់​​​ពេក​​​ទេ​។ តើ​​​មាន​​​អ្នក​​​ណា ដែល​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ ៥០​ម៉ឺន​​​ដុល្លារ​​​ទេ​។ តើ​​​អ្នក​​​ទាំង​​​អស់​​​នោះ​​​សុទ្ធតែ​​​រៀប​​​ការ​​​អស់​​​ហើយ​​​មែន​​​ទេ ? ខ្ញុំ​​​ចង់​​​សូរ​​​ថា ធ្វើ​​​ម៉េច​​​ទើប​​​អាច​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន ដូច​​​អ្នក​​​ដែល​​​ខ្ញុំ​​​រៀប​​​រាប់​​​អ៊ីចឹង ? មនុស្ស​​​ដែល​​​ខ្ញុំ​​​ធ្លាប់​​​ណាត់​​​ជួប អ្នក​​​មាន​​​បំផុត​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ ត្រឹម​​​តែ ២៥​​ម៉ឺន​​​​ដុល្លារ​​​ប៉ុណ្ណោះ ហើយ​​​វា​​​ហាក់​​​ដូច​​​ជា​​​មិន​​​ទាន់​​​គ្រប់​​​តាម​​​ខ្ញុំ​​​ចង់​​​បាន​​​ទេ​។ ​​សិន​​​ជា​​​ទៅ​​​រស់​​​នៅ​​​តំបន់​​​ដែល​​​មាន​​​ការ​​​ចំណាយ​​​ខ្ពស់ ភាគ​​​ខាង​​​លិច​​​ក្រុង​New York ចំណូល​​​ត្រឹម​​​ជាង ២៥​​ម៉ឺន​​​ដុល្លារ មិន​​​ល្មម​​​គ្រប់​​​គ្រាន់​​​ឡើយ​។​

ខ្ញុំ​​​ចង់​​​សួរ​​​អ្នក​​​ទាំង​​​អស់ ២ ៣​សំនួរ​៖​

  • ១ . តើ​​​កន្លែង​​​ណា ដែល​​​អ្នក​​​មាន​​​តែង​​​ទៅ​​​ដើរ​​​លេង ? (​អាច​​​កត់​​​ទុក​​​ឲ្យ​​​ខ្ញុំ ដូច​​​ជា​​​បារ ភោជនីយដ្ឋាន និង​​​កន្លែង​​​ហា​ត់​​​ប្រាណ …)​
  • ​២ . តើ​​​ខ្ញុំ​​​គួរ​​​ស្រលាញ់​​​បុរស​​​អាយុ​​​ខ្ទង់​​​ប៉ុន្មាន ?​
  • ​៣ . ហេតុ​​​អី​​​ភរិយា​​​របស់​​​អ្នក​​​មាន ច្រើន​​​តែ​​​មាន​​​សម្រស់​​​ធម្មតា ? ខ្ញុំ​​​ជួប​​​នារី​​​មួយ​​​ចំនួន មើល​​​ទៅ​​​សាម​ញ្ញ ដូច​​​ជា​​​គ្មាន​​​ស្អាត​​​អី​​​ទេ តែ​​​ហេតុ​​​អី​​​គេ​​​អាច​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន​​​បាន ?​
  • ​៤ . តើ​​​អ្នក​​​មាន​​ គិត​​​ថា​​​លក្ខណៈ​​​សម្បត្តិ​​​បែប​​​ណា ទើប​​​អាច​​​រៀប​​​ការ​​​ជា​​​ប្រពន្ធ ហើយ​​​លក្ខណៈ​​​បែប​​​ណា​​​ដែល​​​យក​​​ត្រឹម​​​ជា​​​មិត្ត​​​ស្រី ? (​គោល​​​ដៅ​​​ខ្ញុំ​​ គឺ​​​ចង់​​​រៀប​​​ការ )


​ពី​​​ខ្ញុំ Pooja I Chohan”​

​ខាង​​​ក្រោម​​​នេះ ជា​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​អ្នក​​​ជំនួញ​៖

​“​សួស្ដី Poojar​

​សុខ​​​សប្បាយ​​​ទេ ? ខ្ញុំ​​​បាន​​​អាន​​​ការ​​​បង្ហោះ​​​របស់​​​នាង​​​រួច​​​ហើយ​។ មិន​​​មែន​​​តែ​​​នាង​​​ទេ សំនួរ​​​បែប​​​នេះ នារី​​​ភាគ​​​ច្រើន​​​សុទ្ធតែ​​​ចង់​​​ដឹង​។ ខ្ញុំ​​​ចង់​​​វិភាគ​​​សំនួរ​​​នាង តាម​​​បែប​​​អ្នក​​​វិនិយោគ​​​អាជីព​​​វិញ​។ ខ្ញុំ​​​មាន​​​ចំណូល​​​លើស​​​ពី ៥០​​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ អ៊ីចឹង​​​ត្រូវ​​​តាម​​​នាង​​​ចង់​​​បាន​​​ហើយ ប៉ុន្តែ​​​ខ្ញុំ​​​ចង់​​​បញ្ជាក់​​​ប​ន្តិ​ច​។

តាម​​​ទស្សនៈ​​​អ្នក​​​វិនិយោគ បើ​​​ខ្ញុំ​​​រៀបការ​​​ជាមួយ​​​នាង វា​​​ជា​​​ការ​​​សម្រេច​​​ចិត្ត​​​ខុស​។ ចម្លើយ​​​ធម្មតា​​​ទេ​។ នាង​​​បាន​​​រៀប​​​រាប់​​​ហើយ ថា​​​នាង​​​ស្រស់​​​ស្អាត ហើយ​​​ចង់​​​លក់​​​សម្រស់​​​នោះ​​​ជាមួយ​​​លុយ​។ ប៉ុន្តែ​​​នាង​​​ដឹង​​​ទេ ១០ ទៅ ១៥​​ឆ្នាំ សម្រស់​​​នាង ប្រាកដ​​​ជា​​​ធ្លាក់​​​ចុះ​​​ហើយ តែ​​​លុយ​​​ខ្ញុំ​​​កើន​​​រាល់​​​ថ្ងៃ​។ លុយ​​​ខ្ញុំ​​​មិន​​​ធ្លាក់​​​ទេ ព្រោះ​​​មាន​​​ហេតុផល​​​ច្រើន​។

​ខ្ញុំ​​​ចង់​​​ពន្យល់​​​នាង​​​ថា នាង​​​ដូច​​​ជា ទំនិញ​​​ដែល​​​ធ្លាក់​​​ថ្លៃ ចំណែក​​​ខ្ញុំ​​​ជា​​​ទំនិញ​​​ដែល​​​ឡើង​​​ថ្លៃ ហើយ​​​ការ​​​​ចុះ​​​ថ្លៃ​​​នោះ មិន​​​មែន​​​ធម្មតា​​​ទេ គឺ​​​ចុះ​​​តាម​​​ស​ន្ទ​ស្សន៍​​​ច្បាស់​​​លាស់ ដែល​​​អាច​​​ធ្លាក់​​​ក្នុង​​​រយៈ​​​ពេល ១៥​​ឆ្នាំ​។ តាម​​​ការ​​​ធ្វើ​​​ជំនួញ ការ​​​ទាក់​​​ទង​​​ជាមួយ​​​នាង គឺ​​​ជា​​​រឿង​​​ល្អ ហើយ​​​ការ​​​ទាក់​​​ទង​​​នោះ​​​អាច​​​ជា​​​របៀប​​​ធ្វើ​​​ជំនួញ​។ ពេល​​​ណា ទំនិញ​​​ចាប់​​​ផ្ដើម​​​ធ្លាក់​​​ថ្លៃ គេ​​​លៃលក​​​លក់​​​ចេញ​​​វិញ​​​ហើយ ព្រោះ​​​បើ​​​ទុក​​​យូរ​​​មិន​​​ល្អ​​​ទេ​។

ចឹង​​​មាន​​​ន័យ​​​ថា រៀប​​​ការ​​​ជាមួយ​​​នាង មិន​​​ល្អ​​​ឡើយ ។ សុំទោស​​​ដែល​​​និយាយ​​​ពាក្យ​​​នេះ តែ​​​គំនិត​​​ឆ្លាត​​​វៃ គឺ​​​ត្រូវ​​​លក់​​​ចេញ ឬ​​​ជួល​​​របស់​​​ដែល​​​ធ្លាក់​​​ថ្លៃ មិន​​​អាច​​​រក្សា​​​ទុក​​​បាន​​​ឡើយ​។ អ្នក​​​មាន​​​ចំណូល ៥០​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ មិន​​​មែន​​​ជា​​​មនុស្ស​​​ល្ង​ង់​​​ឡើយ​។ អ្នក​​​ណា​​​ទៅ​​​រៀប​​​ការ​​​ជាមួយ​​​នាង​​​នោះ ? បោះ​​​បង់​​​គំនិត​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន​​​ទៅ​។ កុំ​​​ចំណាយ​​​ពេល​​​ដើរ​​​រក​​​បែប​​​នេះ នាង​​​គួរ​​​ព​ង្រឹ​ង​​​ខ្លួន​​​ឯង ដើម្បី​​​រក​​​បាន​​​ចំណូល​​ ៥០​ម៉ឺន​​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​វិញ នោះ​​​នាង​​​នឹង​​​រក​​​បាន​​​អ្នក​​​មាន​​​រៀប​​​ការ​​​ជាមួយ​​​យ៉ាង​​​ស្រួល​។

​សង្ឃឹម​​​ថា​​​ការ​​​ឆ្លើយ​​​តប​​​នេះ អាច​​​ជួយ​​​នាង​​​បាន !”​

​តម្លៃ​​​អប់​រំ​៖ រឿង​​​រ៉ាវ​​​នេះ​​​​បាន​​​ទទួល​​​ការ​​​ចែក​​​ចាយ​​​ពេញ​​​បណ្ដាញ​​​ស​ង្គ​ម​​​យូរ​​​មក​​​ហើយ តែ​​​មិន​​​មាន​​​ប្រភព​​​ច្បាស់ បង្ហាញ​​​ថា​​​ជា​​​រឿង​​​ពិត ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​។ យ៉ាង​​​ណា​​​ក្ដី វា​​​ក៏​​​ជា​​​សារ​​​អ​ប់​​​រំ​​​មួយ សម្រាប់​​​មនុស្ស​​​ទូទៅ ឲ្យ​​​វិភាគ​​​លើ​​​ខ្លួន​​​ឯង មុន​​​លោ​ភ​​​លន់​​​ចង់​​​បាន​​​អ្វី​​​មួយ​។ មនុស្ស​​​ស្រី​​​មិន​​​គួរ​​​ណា​​​អាង​​​សម្រស់ យក​​​ទៅ​​​ប្ដូរ​​​នឹង​​​ទ្រ​ព្យ​​​សម្បត្តិ​​​របស់​​​អ្នក​​​មាន​​​ឡើយ ព្រោះ​​​ថ្ងៃ​​​ក្រោយ​​​អាច​​​នឹង​​​ស្រក់​​​ទឹក​​​ភ្នែក​។​

សម្រស់​​​មនុស្ស មិន​​​អាច​​​នៅ​​​ឋិត​ថេរ​​​រហូត​​​នោះ​​​ទេ ហើយ​​​នៅ​​​ពេល​​​ចាស់​​​ស្បែក​​​នឹង​​​ចាប់​​​ផ្ដើម​​​ជ្រួញ យារ​​​​ធ្លាក់ ធ្វើ​​​ឲ្យ​​​អ្នក​​​ដែល​​​មើល​​​ឃើញ​​​សម្រស់​​​របស់​​​នាង ចាប់​​​ផ្ដើម​​​អស់​​​ចិត្ត​​​ស្រលាញ់​​​ទៅ​​​តាម​​​នោះ​​​ដែរ​។ គួរ​​​រក​​​មនុស្ស​​​ណា​​​ម្នាក់​​​ដែល​​​ស្រលាញ់​​​ស្មោះ ធ្វើ​​​ជា​​​គូ​​​អនាគត ទើប​​​ទៅ​​​ថ្ងៃ​​​មុខ អាច​​​ជួប​​​សុភម​ង្គ​ល​​​រហូត ព្រោះ​​​គេ​​​បាន​​​ប្រើ​​​ចិត្ត​​​មក​​​ស្រលាញ់​​​ចិត្ត មិន​​​មែន​​​យក​​​ទ្រ​ព្យ​​​មក​​​ប្ដូរ​​​សម្រស់​​​នោះ​​​ឡើយ​។ មាន​​​តែ​​​ចិត្ត​​​ស្រលាញ់​​​នេះ​​​ឯង ទើប​​​មិន​​​ចេះ​​​សាប​​​សូន្យ​។​

​ក្ដី​​​ស្រលាញ់​​​ពិត អាច​​​ឃើញ​​​ច្បាស់​​​នៅ​​​គ្រា​​​ក្រ គ្រា​​​គ្មាន​​​លុយ​។ មនុស្ស​​​ភាគ​​​ច្រើន ស្រលាញ់​​​ពេល​​​សប្បាយ ស្រលាញ់​​​ពេល​​​មាន​​​លុយ ស្រលាញ់​​​ដោយ​​​សារ​​​សម្រស់ និង​​​មើល​​​ឃើញ​​​ផល​​​ប្រយោជន៍ លុះ​​​លែង​​​មាន​​​ផល​​​ប្រយោជន៍ លែង​​​មាន​​​សម្រស់ ឬ​​​អស់​​​ទ្រ​ព្យ​​​សម្បត្តិ ក៏​​​អស់​​​ក្ដី​​​ស្រលាញ់​​​ដូច​​​គ្នា​។ បើ​​​ចង់​​​រក​​​មនុស្ស​​​ម្នាក់​​​ដែល​​​ស្រលាញ់​​​ស្មោះ សូម​​​កុំ​​​បង្ហាញ​​​អ្វី​​​ដែល​​​អ្នក​​​មាន ព្យាយាម​​​ទ​ម្លាក់​​​ខ្លួន​​​ឲ្យ​​​ដល់​​​បាត​​​សិន នោះ​​​អ្នក​​​នឹង​​​ដឹង​​​ថា​​​ន​រណា​​​ស្រលាញ់​​​អ្នក​​​ពិត​៕ (​អត្ថបទ​​​ដោយ Angkor Fresh ហាម​​​លួច​​​ច​ម្ល​ង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​)​

​ប្រែ​​​អត្ថបទ​​៖ លី គីម​ហ្គិ​ច​
​ប្រភព​៖ បរទេស​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!