ជួយទៀតហើយលោកព្រះ! ទើបចែកអំណោយ និងជួយ ២ម៉ឺនដុល្លារ ឥឡូវស្រីស្អាត ទ្រី ដាណា ជួយដល់ខេត្តកណ្ដាល ៥ពាន់​ដុល្លារ​ទៀត

ម្ចាស់​ហាង​ពេជ្រ​រូប​ស្រស់​ម្នាក់ ដែល​គេ​ស្គាល់​ថា​មាន​ឈ្មោះ ទ្រី ដាណា បាន​បញ្ចេញ​សកម្មភាព​ជួយ​បន្ត​បន្ទាប់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូវីឌ១៩។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ស្រី​ទើប​បាន​ប្រគល់​ប្រាក់​ជំនួយ ២​ម៉ឺន​ដុល្លារ​ដល់​ក្រសួង​សុខាភិបាល បន្ទាប់​មក​ក៏​ចែក​ជែល ចែក​អំណោយ ជូន​ដល់​អ្នក​ជួប​ការ​លំបាក​ស្ទើរ​រាល់​ថ្ងៃ ហើយ​នៅ​ថ្ងៃ​នេះ​អ្នក​ស្រី​ក៏​បន្ត​ជួយ​ដល់​ខេត្ត​កណ្ដាល ៥០០០​ដុល្លារ​ទៀត។

ជំងឺ​កូវីឌ​១៩ ជា​បញ្ហា​ដែល​មនុស្ស​គ្រប់​គ្នា កំពុង​គិត កំពុង​រក​វិធី​បញ្ចៀស និង​ជួយ​ដល់​អ្នក​រង​គ្រោះ រង​ផល​ប៉ះ​ពាល់។ សប្បុរស​ជន​ជា​ច្រើន​បាន​នាំ​គ្នា​ចេញ​មុខ​ជួយ​បន្ត​បន្ទាប់ ហើយ​ក្នុង​ចំណោម​នោះ គេ​កត់​សម្គាល់​ឃើញ​ថា លោក​ស្រី ទ្រី ដាណា ដែល​ជា​ម្ចាស់​ហាង​ពេជ្រ ដាណា និង​ជា​ម្ចាស់​ប្រេន NNP បាន​បញ្ចេញ​សកម្មភាព​បន្ត​បន្ទាប់ ទាំង​ការ​ជួយ​ឧបត្ថម្ភ និង​ការ​បង្រៀន​ពី​របៀប​ការពារ​ខ្លួន។

កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា​កន្លង​ទៅ អ្នក​ស្រី ទ្រី ដាណា បាន​ប្រគល់​ថវិកា​ផ្ទាល់​ខ្លួន ២​ម៉ឺន​ដុល្លារ ជូន​ដល់​ក្រសួង​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូវីឌ១៩។ ក្រោយ​មក អ្នក​ស្រី ក៏​បាន​យក​ជែល​ទៅ​ចែក​ជូន​ដល់​គ្រួសារ​ជួប​ការ​លំបាក​នៅ​តាម​ជន​បទ ហើយ​កាល​ពី​ថ្ងៃ​ទី៣១ មីនា​ម្សិលមិញ​នេះ ម្ចាស់​ហាង​ពេជ្រ​រូប​ស្រស់​បាន​បន្ត​ចែក​អំណោយ​នៅ​មុខ​ផ្ទះ​តែ​ម្ដង។

ចំណែក​នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ អ្នក​ស្រី ទ្រី ដាណា បាន​ប្រគល់​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ៥០០០​ដុល្លារ​ទៀត ជូន​ដល់​គណៈកម្មាធិការ​​សាខា​កាក​បាទ​ក្រហម​ខេត្ត​កណ្ដាល ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ជួយ​ដល់​គ្រួសារ​ជួប​ការ​លំបាក រង​ផល​ប៉ះ​ពាល់​ពី​កូវីឌ១៩ និង​ប្រើ​ប្រាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​ឆ្លង​មួយ​នេះ។ ចំណែក​ថវិកា ត្រូវ​បាន​ទទួល​ផ្ទាល់​ដោយ​​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កណ្ដាល៕ ​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!