អ្នករកស៊ីអនឡាញមួយក្រុម ចូលលុយគ្នា ទិញអង្ករ និងអាហារ ចែកជូនគ្រួសារជួបការលំបាក

ក្នុង​ពេល​ដែល​វីរុស​កូវីឌ១៩ កំពុង​រាលដាល ប្រជាជន​មួយ​ចំនួន​បាន​ជួប​ការ​លំបាក ដោយ​ផ្អាក​ការងារ និង​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ជាមួយ​គ្នា​​នេះ​ដែរ គេ​ឃើញ​ក្រុម​អ្នក​រកស៊ី​អនឡាញ​ជាមួយ​ផលិត​ផល​គ្រឿង​សម្អាង NNP បាន​រំលែក​ថវិកា​រួម​គ្នា ទិញ​ជា​អង្ករ មី ត្រីខកំប៉ុង និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ចែក​ជូន​ដល់​អ្នក​ជួប​ការ​លំបាក។

អ្នក​ស្រី វង្ស វត្តី ជា​ម្ចាស់​ដេប៉ូ​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌ​សែនសុខ ដែល​បាន​ដឹក​នាំ​ការងារ​មនុស្ស​ធម៌​នេះ បាន​ប្រាប់​ថា នេះ​ជា​ការ​ចែក​រំលែក​មួយ​សម្រាប់​បង​ប្អូន​ជួប​ការ​លំបាក ក្នុង​ពេល​ដែល​កូវីឌ១៩ កំពុង​រាលដាល។ អ្នក​ស្រី​បាន​លើក​ឡើង​ថា អំណោយ​ទាំង​នេះ គឺ​កើត​ចេញ​ពី​ទឹក​ចិត្ត​សាមគ្គី និង​ការ​ចែក​រំលែក របស់​បង​ប្អូន​អ្នក​តំណាង​ចែក​ចាយ និង​ម្ចាស់​ដេប៉ូ នៃ​ផលិត​ផល​គ្រឿង​សម្អាង NNP។

អ្នក​ជោគជ័យ​លើ​អាជីវកម្ម​អន​ឡាញ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ទាំង​អស់​នេះ គឺ​មាន​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ពី​លោក​ស្រី ទ្រី ដាណា ដែល​ជា​អគ្គនាយិកា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ព្រោះ​លោក​ស្រី តែង​រំលឹក​ឱ្យ​អ្នក​តំណាង​ចែក​ចាយ​ទាំង​អស់ ធ្វើ​អំពើ​ល្អ និង​ចេះ​ចែក​រំលែក​ទៅ​អ្នក​អត់​ជាង​ខ្លួន​ជា​និច្ច។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ពេល​ដែល​កូវីឌ១៩ កំពុង​រាល​ដាល​នៅ​កម្ពុជា អ្នក​ស្រី ទ្រី ដាណា បាន​ជួយ​ជា​ថវិកា​ដល់​ក្រសួង​សុខាភិបាល​ចំនួន ២​ម៉ឺន​ដុល្លារ។ បន្ទាប់​មក​ក៏​ជួយ​ដល់​សាខា​កាកបាទ​ក្រហម ៥០០០​ដុល្លារ និង​បន្ត​ចែក​អំណោយ ចែក​ជែល​លាង​ដៃ ដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក។ នៅ​ថ្ងៃ​នេះ លោក​ស្រី ក៏​បាន​ប្រគេន​ដល់​​វត្ត​អង្គស្លែង នូវ​អង្ករ​ចំនួន ២០​បាវ ព្រម​ទាំង​បច្ច័យ​មួយ​ចំនួន​ផង​ដែរ៕ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!