សម្ដេចតេជោ ហ៊ុន សែន បដិសេធសំណើក្រុមហ៊ុនមួយ ចង់នាំចូលសត្វជ្រូក ១លានក្បាលមកកម្ពុជា

សម្ដេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ថ្លែង​បញ្ជាក់ថា នៅ​ថ្ងៃ​ម្សិល​មិញ​សម្តេច​ទើប​បាន​បដិសេធ​សំ​ណើ​របស់​ក្រុមហ៊ុន​មួយ ដែល​ចង់​នាំចូល​ជ្រូក​១​លាន​ក្បាល​មក​កម្ពុជា ដែល​ការបដិសេធ​នេះ ត្រូវបាន​សម្តេច​តេជោ​អះអាង​ថា ដើម្បី​ការពារ​កសិករ​ចិញ្ចឹម​ក្នុងស្រុក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​សម្តេច​យល់​ព្រម​ឲ្យ​មាន​ការនាំចូល​ជ្រូក​១​លាន​ក្បាល​នេះ ស្មើនឹង​សម្តេច​សម្លាប់​កសិករ​របស់ខ្លួន ដែល​កំពុងតែខិត​ខំ​ចិ​ញ្ចឹ​ម​ជ្រូក​យ៉ាង​ផុលផុស​។​

​ការ​ថ្លែង​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី​កម្ពុជា ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច នៅ​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​អភិ​វ​ឌ្ឍ​ន៍​ពូជ​ត្រី ក៏ដូចជា​សំណេះសំណា​ល​ជាមួយ​ប្រជាកសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នា​២០២០​។​

​សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី​បាន​ថ្លែង​យ៉ាង​ដូ​ច្នេះ​ថា «​ពិតមែន​ហើយ​ម្សិល​មិញ មាន​សំណើ​ក្រុមហ៊ុនមួយ ដែល​បាន​បញ្ជូន​មក​ខ្ញុំ ហើយ​ខ្ញុំ​ចារ​ត្រឡប់​ទៅ​ឲ្យ​ឯកឧត្តម វេង សាខុន និង​ពិភាក្សា​ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អំពី​ការស្នើសុំ​នាំចូល​ជ្រូក​រស់​ពី​ថៃ​១​លាន​ក្បាល ចូល​ក្នុង​ប្រទេស​កម្ពុជា ហើយ​អាច​ផ្គត់​ផ្គង់​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នាំទៅ​វៀតណាម​។ ខ្ញុំ​គ្រាន់តែ​ចារ​ទៅ​ឲ្យ​អ្នកបច្ចេកទេស​សិក្សា​ទេ ប៉ុន្តែ​គំនិត​របស់ខ្ញុំ គឺ​កុំ​នាំ​ចូលពី​គេ​ហើយ​សម្លាប់​ការ​ចិ​ញ្ចឹ​ម​សត្វ​ក្នុង​ប្រទេស​របស់ខ្លួន​។ ខ្ញុំ​មិន​យល់ស្រប​ទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា «​បើសិនជា​យើង​ត្រូវការ​នាំចូល យើង​នាំចូល​តែ​ចំនួន​ដែល​ខ្វះ​។ ឥឡូវ​យើង​ខ្វះ [​ជ្រូក​] ១៨​ភាគ​យ បើ​យើង​ចិញ្ចឹម​ឲ្យ​គ្រប់ គឺ​យើង​មិនចាំបាច់​នាំចូល​ពី​គេ​ទៀត​ទេ ព្រោះ​បើ​ទីផ្សារ​យើង​គ្រប់​ហើយ យើង​ចាំបាច់​អី​នាំចូល​ទៀត [...] បើ​ខ្ញុំ​ចារ​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​នោះ​នាំចូល​ជ្រូក​១​លាន​ក្បាល ច្បាស់​ណាស់​ខ្ញុំ​សម្លាប់​កសិក​រចិ​ញ្ចឹ​ម​ជ្រូក​ក្នុងស្រុក​ខ្មែរ​ខ្លួនឯង​ម្តង ក្នុងពេលដែល​ខ្លួន​ដើរ​ប្រកាស​ឲ្យ​កសិករ​ចិញ្ចឹ​ម​ជ្រូក​»​។​

​ជាមួយគ្នា​នេះ សម្តេច​តេជោ​បាន​អំ​ពា​វ​នាវ​ឲ្យ​ដល់​កសិករ​អ្នក​ចិ​ញ្ចឹ​ម ត្រូវ​ខិត​ខំ​ចិញ្ចឹម​បំ​ពេញ​ត​ម្រូ​វ​ការ​ក្នុង​ប្រទេស​ឲ្យ​គ្រប់​គ្រាន់ និង​ឈានដល់​ការនាំចេញ​នៅ​ពេលអនាគត​ផងដែរ​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមា​គម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ប្រាប់ Fresh News ថា ក្នុង​កំលុងពេល​ជួបប្រទះ​នឹង​ជំ​ងឺ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា ស​ន្ទុះ​នៃ​កំណើ​ន​ការ​ចិ​ញ្ចឹ​ម​សត្វ​មាន​ការកើនឡើង​យ៉ាងខ្លាំង ពិសេស​ការ​ចិញ្ចឹម​ជ្រូក ដោយ​ទទួលបាន​ការ​យកចិត្ត​ទុក​ទុកដាក់ ពី​រាជ​រដ្ឋាភិបាល​កម្ពុជា និង​មានតម្លៃ​សម​រម្យ​អាច​ទទួលបាន​ផល​ចំណេញ​។​

​លោក ស្រ៊ុន ពៅ ថ្លែងថា «​ការ​ចិញ្ចឹម​ជ្រូក​ក្នុងពេល​នេះ​វិ​ញ គឺ​ទទួលបាន​តម្លៃ​ល្អ​ណាស់ ដែល​ធ្វើ​ឲ្យ​កសិករ​, ក្រុមហ៊ុន និង​កសិដ្ឋាន​ទទួល​យក​កបាន ដោយសារ​តម្លៃ​សម​រ​ម្យ និង​ចំណេញបាន​ច្រើន​។ ការ​ចិញ្ចឹម​ជ្រូក​នាពេល​បច្ចុប្បន្ន​នេះ មាន​កំណើន​ការឡើង ដោយ​ក្នុង​មួយថ្ងៃ ដោយ​អាច​ផ្គត់​ផ្គង់​ចូល​ទីផ្សារ​បាន​ប្រមាណ​៥-៦​ពាន់​ក្បាល ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​»​។​

​លោក​បន្តថា បើសិន​កម្ពុជា​មិន​ជួបប្រទះ​នូ​វ​វិបត្តិ​ជំងឺ​យាយី​ទេ រយៈពេល​ប្រមាណ​២​ឆ្នាំ​ខាងមុខ​ទៀត កម្ពុជា​នឹងមាន​ល​ទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​សត្វ​ជ្រូក ក្នុងស្រុក​ដោយ​ខ្លួនឯង លែង​ពឹងផ្អែក​លើ​ការនាំ​ចូល​ទៀតហើយ បើ​ស​ន្ទុះ​នៃ​ការចិ​ញ្ចឹ​ម​កើនឡើង ហើយ​តម្លៃ​ជ្រូក​ល្អ​ដូច​សព្វថ្ងៃ​។​

លោក វេង សាខុន រដ្ឋ​ម​ន្ត្រី​ក្រសួងកសិកម្ម​ធ្លាប់បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃៗ​កម្ពុជា​មាន​ត​ម្រូ​វ​ការសត្វ​ជ្រូក​ប្រមាណ​១​ម៉ឺន​ក្បាល ក្នុង​នោះ​ការចិញ្ចឹ​ម​ក្នុងស្រុក គឺ​មាន​ល​ទ្ធ​ផល​ផ្គត់ផ្គង់​រហូតដល់​៥៨០០​ក្បាល​ក្នុង​១​ថ្ងៃ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការនាំចូល​ពី​៦​ពាន់​-៧​ពាន់​ក្បាល​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!