នារីម្នាក់ បដិសេធរឿង ឈិន ឡុង ផ្ដល់ប្រាក់ជាង ៥លានដុល្លារដល់ខ្លួន បន្ទាប់ពីផ្ដល់កំណើតកូន

កំណាន់ចិត្ត​របស់​កំ​ពូ​ល​តារា​សម្តែង​ហុងកុង លោក Jackie Chan ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្គាល់​ថា ឈិន ឡុង គឺ​តារា​ស្រី Elaine Ng បាន​ចេញមុខ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា លោក Jackie Chan បាន​ផ្តល់​លុយ ៤០​លាន​ដុល្លារ​ហុងកុង (​ជាង​៥​លាន​ដុល្លារ​) ដល់​ខ្លួន បន្ទាប់ពី​ផ្តល់​កំណើត​កូន​ម្នាក់ កាលពី​ឆ្នាំ​១៩៩៩ ដែល​ជា​តំណក់ឈាម​រួមគ្នា​។ នេះ​បើ​តាម​ការចេញផ្សាយ របស់​សារ​ព័ត៌មាន Straits Time នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។​

​បើ​តាម​របាយការណ៍​ថ្មីៗ​នេះ របស់​អ្នកយក​ព័ត៌មាន​ជាន់ខ្ពស់​មក​ពី​ហុងកុង​បាន​បង្ហាញថា អ្នក​ជំនួញ​ហុងកុង លោក Albert Yeung បាន​ផ្តល់ប្រាក់ ៤០​លាន​ដុល្លារ​ហុងកុង​ទៅ​ឲ្យ​តារា​សម្ដែង លោក ឈិន ឡុង ក្នុង​ឆ្នាំ​១៩៩៩ ដើម្បី​ជួយ ឈិន ឡុង ដោះស្រាយ​បញ្ហា​ជាមួយ តារា​ស្រី Elaine Ny បន្ទាប់ពី​កូនស្រី​របស់​ពួកគេ​ប្រសូត្រ​មក​។​

យ៉ាងណា​មិញ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ Ny បាន​យក​បណ្តាញ​ស​ង្គ​ម Weibo ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​នេះ ថា​នាង​មិន​បាន​ទទួល​ប្រាក់​នោះទេ ជាមួយនឹង​ការបន្ថែម​សារ​ប៉ុន្មាន​ឃ្លា ថា «​នៅលើ​ពិ​ភព​លោក​នេះ មាន​មនុស្ស​ច្រើន​ជំពូ​កណាស់​។ មិន​ថា​ប្រាក់ ២០​លាន ៣០​លាន ឬ ៤០​លាន​នោះទេ ប្រសិនបើ​អ្នក​សប្បាយចិត្ត​ក្នុង​ការនិយាយ​វា ដូច្នេះ​អ្នកក៏​ធ្វើ​ឲ្យ​គ្រប់​គ្នា​សប្បាយចិត្ត​ផងដែរ​»​។​

​បើ​តាម​ពាក្យ​ចចាមអារ៉ាម​បាន​និយាយថា កន្លង​មក ឈិន ឡុង បាន​ផ្គត់​ផ្គង់​តារា​ស្រី Ny ជាសម្ងាត់ បន្ទាប់ពី​បាន​ផ្លាស់​ទៅ​នៅ​សៀង​ហៃ ជាមួយ​កូនស្រី Etta​។ ប៉ុន្តែ​ការលើកឡើង​បែប​នេះ ត្រូវបាន Ny បដិសេដ តាំងពី​ឆ្នាំ​២០១៧ ដោយ​អះអាងថា ឈិន ឡុង មិន​បាន​ផ្តល់​លុយ​ឲ្យ​នាង ចំពោះ​ការចំ​ណាយ​ថ្លៃ​រស់នៅ​ឡើយ​។​

គួរ​ជ​ម្រាប​ថា លោក ឈិន ឡុង ដែល​មាន​វ័យ ៦៦​ឆ្នាំ បាន​រៀបការ​ជាមួយ​តារា​ស្រី Joan Lin ដែល​បច្ចុប្បន្ន​វ័យ ៦៧​ឆ្នាំ ក្នុង​ឆ្នាំ ១៩៨២ ដោយ​ទទួល​បានកូន​ប្រុស​ម្នាក់ គឺ​តារា​សម្តែង Jaycee Chan មាន​វ័យ ៣៧​ឆ្នាំ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!