ពាក្យអប់រំទូន្មានកូន របស់ម្ចាស់ហាងពេជ្រ ដាណា មានន័យជ្រៅ អានហើយភ្លឺភ្នែកចាំក្នុងចិត្ត

ម្ចាស់​ហាង​ពេជ្រ​រូប​ស្រស់​ម្នាក់​នៅ​ព្រែក​ព្នៅ ឈ្មោះ ទ្រី ដាណា តែង​ចែក​រំលែក​គំនិត​ល្អ​ៗ​ជា​ច្រើន លើ​បណ្ដាញ​សង្គម។ នៅ​ថ្ងៃ​នេះ លោក​ស្រី ក៏​បាន​និយាយ​ពី​ការ​អប់រំ​កូន ធ្វើ​ឱ្យ​មាន​អ្នក​គាំ​ទ្រ និង​ចែក​រំលែក​ជា​ច្រើន​ដង។

អ្នក​ស្រី ទ្រី ដាណា បាន​សរសេរ​រៀប​រាប់​ថា៖ "ខ្ញុំ​មិន​ធ្លាប់​និយាយ​ច្រើន​ទេ រឿង​កូនៗ ព្រោះ​កាល​ពី​មុន គ្រប់​គ្នាក៏​មិនទាន់​បាន​ស្គាល់​ដែរ។ តែ​ឥឡូវ​បាន​ឃើញ​ហើយ ចង់​និយាយ​បន្តិច រឿង​អប់រំ​កូន។ ខ្ញុំ​មិន​ដឹង​ថា ថ្ងៃ​ក្រោយ ពួក​គាត់​ប្រែ​ប្រួល​យ៉ាង​ណា គ្រាន់​ដឹង​ថា រាល់​ថ្ងៃ​នេះ គាត់​ចេះ​គោរព ចេះ​ដឹង​ខុស​ត្រូវ ចេះ​ស្ដាប់​បង្គាប់ មិន​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទេ។ ទៅ​ថ្ងៃ​ក្រោយ ជា​​រឿង​ថ្ងៃ​ក្រោយ ព្រោះ​យើង​សុទ្ធតែ​មិន​បាន​ដឹង​ច្បាស់​ដូច​គ្នា។

ខ្ញុំ​ឃើញ អ្នក​ខ្លះ គាត់​កំពុង​ធ្វើ​ខុស មិន​មែន​ឪពុក​ម្ដាយ​ទេ ជួន​កាល​អ្នក​ក្រៅ​មក​លេង ក៏​ប្រាប់​ឱ្យ​ក្មេង​ទៅ​វ៉ៃ​គេ ឬ​ជេរ​គេ ចង្អុល​មុខ​គេ ហើយ​ក៏​សើច​សប្បាយ ថា​ក្មេង​នោះ​ឆ្លាត។ តែ​ធ្វើ​បែប​នេះ មិន​ត្រូវ​ទេ ព្រោះ​ក្មេង មិន​ទាន់​ដឹង​អ្វី​ល្អ​អាក្រក់ ដល់​ពេល​មាន​គេ​បង្រៀន​បែប​នេះ ក៏​ចេះ​តែ​ធ្លាប់ ក្លាយ​ជា​ទម្លាប់​តែ​ម្ដង។ ធំ​ទៅ ពេល​ធ្វើ​បែប​នេះ ទៅ​ជា​ថា​ក្មេង​នោះ​ឈ្លើយ​វិញ នោះ​មក​មក​ពី​យើង​បង្រៀន​ក្មេង។ នៅ​តូច គួរ​បង្រៀន​គាត់​ឱ្យ​ចេះ​សំពះ ចេះ​អរគុណ ចេះ​ញញឹម​ដាក់​គេ​ឯង ចេះ​ចែក​រំលែក​នំ​ចំណី ដល់​អ្នក​ដទៃ។

ដល់​ពេល​ធំ​បន្តិច ដឹង​ក្ដី បង្រៀន​គាត់​ធ្វើ​ការងារ​ផ្ទះ ចេះ​ជួយ​ការងារ​ទូទៅ បោសផ្ទះ ជូត​ផ្ទះ រហូត​ដល់​អាយុ​ជាង ១០​ឆ្នាំ បង្រៀន​គាត់​ឱ្យ​ដឹង​ពី​របៀប​ធ្វើ​ម្ហូប​ណា​ស្រួលៗ​ទៀត។ ទោះ​មាន​លុយ​ច្រើន មាន​អ្នក​ដាំបាយ មាន​ឈ្នួល​ផ្ទះ​ផ្ទះ​ក៏​ដោយ មិន​ត្រូវ​ឱ្យ​កូន​រំលង​ការងារ​អស់​នេះ​ទេ ត្រូវ​តែ​បង្រៀន​គាត់​ឱ្យ​បាន​គ្រប់​សព្វ កូន​យើង​នឹង​សប្បាយ​ចិត្ត​នៅ​ថ្ងៃ​ក្រោយ នៅ​ពេល​ចូល​សង្គម។

កុំ​បង្ហាញ​កូន​ពី​ជីវិត​អ្នក​មាន ត្រូវ​ចាប់​ផ្ដើម​ដំបូង​ពី​ជីវិត​សាមញ្ញ ដឹង​ពី​របៀប​​រស់​ដោយ​ធម្មតា ចេះ​ធ្វើ​អ្វី​ៗ​ខ្លួន​ឯង ឯករាជ្យ ហើយ​ក៏​មិនទាន់​ឱ្យ​ប្រឡូក​ការងារ​រក​ស៊ី​ជាមួយ​យើង​ដែរ ព្រោះ​គ្នា​នៅ​ក្មេង ត្រូវ​រៀន​សូត្រ​ឱ្យ​បាន​ច្រើន​សិន។ ចឹង​ហើយ ថ្ងៃ​ក្រោយ គាត់​ទៅ​ណា​ក៏​ចូល​គេ​ចុះ​ដែរ ហើយ​ពេល​គាត់​មាន​ជំនាញ​ជីវិត​ច្រើន​ដឹង គាត់​នឹង​សប្បាយ​ចិត្ត ពេល​ដើរ​ជាមួយ​គេ។

រហូត​ដល់​គាត់​ធំ​ដឹង​ក្ដី ចេះ​បែង​ចែក​ខុស​ត្រូវ ចេះ​ទទួល​យក ចេះ​អត់ធ្មត់ ចេះ​រង​សម្ពាធ​បាន ចាំ​ឱ្យ​គាត់​ស្គាល់​ពី​សង្គម។ ដូច​កូន​ស្រី​ខ្ញុំ​ចឹង គាត់​មិន​ដែល​ចង់​បាន​ជីវិត​ជា​អ្នក​មាន​ទេ គឺ​ចង់​រស់​សាមញ្ញៗ តែ​គោរព និង​ដាក់​ខ្លួន​ណាស់។ ខ្ញុំ​សាក​ទិញ​ឡាន​ឱ្យ​គាត់៥០ម៉ឺន​ដុល្លារ​ជិះ ឱ្យ​គាត់​សាក​បង្កើត​ផេក ចង់​ដឹង​ថា​គាត់​ប្រែ​ប្រួល​ចរិត​បែប​ណា។

បង​ប្អូន​ដឹង​ទេ បាន​តែ​ប៉ុន្មាន​ថ្ងៃ គាត់​មក​ប្រាប់​ខ្ញុំ​ថា ពិបាក​ណាស់ ល្បី​ពេក គេ​វាយ​ប្រហារ គេ​ចេះ​តែ​ថា​បែប​នេះ ថា​បែប​នោះ មិន​ចេះ​ចប់ ហើយ​ក៏​ប្រាប់​ថា ចង់​ផ្អាក​ប្រើ​ផេក​វិញ កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ឈ្មោះ​ប៉ា​ម៉ាក់។ រហូត​ដល់​ពេល​នេះ ទំនេរ​គាត់​មើល យូធូប គាត់​រៀន​តាម​អនឡាញ ហើយ​ជួយ​លក់ មិន​ដើរ​លេង​ទៅ​ណា​ទេ។

កាល​មុន ស្រណោះ​តែ​គាត់​ថា ចង់​ទៅ​រៀន​នៅ​បរទេស មិន​ចង់​បាន​អ្វី​ពី​ពុក​ម្ដាយ​ទេ។ ខ្ញុំ​សួរ​គាត់​ថា ចង់​ជិះ​អី គាត់​ថា​ចង់​ជិះ​ព្រូស អត់​ក៏​បាន។ សួរ​គាត់​ចង់​បាន​ផ្ទះ​អត់ គាត់​ថា​បាន​ផ្ទះ​មួយ​ល្វែង​ក៏​បាន ដល់​ពេល​សើច​ទៅ គាត់​ថា​ចាំ​រក​លុយ​ទិញ​ខ្លួន​ឯង​ក៏​បាន។"

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!