ពិធីការនី មាស សុវណ្ណរតនា ចោលការងារសិល្បៈ មកចាប់ជំនួញជាមួយ ទ្រី ដាណា ឥឡូវត្រូវប៉ាន់ក្លាយជាម្ចាស់ប្រេន

អ្នកស្រី មាស សុវណ្ណរតនា ដែល​ធ្លាប់​ជា​ពិធីការនី​ពោរពេញ​ដោយ​វោហារ​សព្ទ បាន​ស្រវា​ចាប់​យក​ជំនួញ​គ្រឿង​សម្អាង​ជាមួយ​ក្រុមហ៊ុន ដាណា ទ្រី ហើយ​ពេល​នេះ​ជោគ​ជ័យ​ខ្លាំង​ហួស​ការ​ស្មាន​ត្រឹម​ពេល​ដ៏​ខ្លី រហូត​ក្លាយ​ជា​ម្ចាស់​ប្រេន​ធំ​មួយ ទើប​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០៨ ខែ​សីហា ឆ្នាំ​២០២០ នេះ។

អ្នក​ស្រី មាស សុវណ្ណរតនា បាន​និយាយ​ថា ពិត​ជា​នឹក​ស្មាន​មិន​ដល់​ដែល​មាន​ថ្ងៃ​នេះ ហើយ​វា​ផ្ដើម​ចេញ​ពី​ដើម​ទុន ៣៨​ម៉ឺន​រៀល ក្រោម​ការ​ជួយ​យឺត​យោង ពី​លោក​ស្រី ទ្រី ដាណា រហូត​ដល់​ពេល​នេះ មាន​ឥវ៉ាន់​ក្នុង​ស្តុក​រាប់​ម៉ឺន​ដុល្លារ និង​អាច​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត សង​បំណុល​គេ​រួច​ទាំង​ស្រុង។ ពិធីការនី​រូប​ស្រស់ បាន​ថ្លែង​បែប​នេះ​ថា "អ្នក​ទាំង​អស់​គ្នា គិត​ថា​ខ្ញុំ​មាន​ដើម​ច្រើន រាប់​ម៉ឺន​ដុល្លារ ទើប​ក្លាយ​ជា​ម្ចាស់​ប្រេន អត់​ទេ... ខ្ញុំ​មាន​តែ ៣៨​ម៉ឺន​រៀល​ខ្ចី​ម្ដាយ​ខ្ញុំ ហើយ​កាល​នោះ ដក​១៥០០០​រៀល ទិញ​ម្ហូប​ទៀត សូម​អរគុណ​ណាស់​ដល់​អគ្គនាយិកា និង​លោក​អគ្គនាយក"។

បើ​តាម​ការ​រៀប​រាប់​របស់​​អ្នក​ស្រី មាស សុវណ្ណរតនា បាន​ឱ្យ​ដឹង​ថា ដំបូង​ឡើយ​ខ្លួន​​មាន​បញ្ហា​លើ​ការងារ​ដោយ​ត្រូវ​គេ​បោក​ប្រាស់ ហើយ​ម្យ៉ាង​អស់​ប្រាក់​ពី​ខ្លួន​ផង ស្ទើរ​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក។ ប៉ុន្តែ​អ្នក​ស្រី បាន​ឃើញ​​ប្រេន NNP មាន​ភាព​លេច​ធ្លោ ក៏​ចាប់​យក​ផលិត​ផល​មក​លក់ ដោយ​ឈាន​ដល់​ការ​គ្រប់​គ្រង​ដេប៉ូ​ NNP ប្រចាំ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩។ ដោយ​មើល​ឃើញ​ពី​សមត្ថភាព​នៃ​នារី​ឆ្នើម​រូប​នេះ លោក​ស្រី ទ្រី ដាណា ក៏​បាន​សម្រេច​ចិត្ត​ផ្ដល់​សិទ្ធិ​ចែក​ចាយ​ផ្ដាច់​មុខ​លើ​​ផលិត​ផល​ប្រេន NUNA នៅ​ថ្ងៃ​ទី០៣ ខែ​មីនា ឆ្នាំ​២០២០ ហើយ​ទើប​បើក​សម្ពោធ​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០៨ ខែ​សីហា​នេះ។

ប្រើ​ពេល​ជាង ៥​ខែ អ្នក​ស្រី មាស សុវណ្ណរតនា និង​ស្វាមី គឺ​លោក ខ្លូត សុផានេត្រ បាន​ធ្វើ​ឱ្យ​ទីផ្សារ NUNA ផ្ទុះ​ឡើង​វិញ​លើ​ទីផ្សារ រហូត​មាន​អ្នក​តំណាង​ចែក​ចាយ​ជាង ១​ពាន់​នាក់ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា។ ម្ចាស់​ប្រេន NUNA បាន​បញ្ជាក់​ថា នៅ​តែ​បន្ត​ជ្រើសរើស​ដៃគូ​តំណាង​ចែក​ចាយ​ផលិត​ផល​បន្ត ប៉ុន្តែ​មើល​លើ​សមត្ថភាព​សិន ទាំង​ការ​ដឹក​នាំ និង​យុទ្ធសាស្ត្រ​ទីផ្សារ មិន​មែន​វាយ​តម្លៃ​តែ​លើ​ដើម​ទុន​មួយ​មុខ​នោះ​ទេ។

លោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយក​ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី បាន​ថ្លែង​ចំណាប់​អារម្មណ៍​ថា លោក​ពិត​ជា​មាន​ក្ដី​រំភើប​ដែល​ឃើញ​នារី​ខ្មែរ​ជា​ច្រើន មាន​មុខ​របរ​ផ្ទាល់​ខ្លួន ដែល​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ជាតិ។ លោក​បាន​លើក​ឡើង​បែប​នេះ​ថា៖ "ព្រឹត្តិការណ៍នេះ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ឥត​ឈប់ឈរ​​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​​សមត្ថភាព​ពិតៗ​របស់​នារី​ខ្មែរ ដែល​ក្លាយ​ជា​ម្ចាស់​ជំនួញ​បន្ត​បន្ទាប់ ហើយក៏​អាច​ឈាន​ដល់​ការ​ទទួលសិទ្ធិកាន់​កាប់​ប្រេន​ថ្មី​របស់​ក្រុមហ៊ុន។"

ពាក់​ព័ន្ធ​នឹង​បញ្ហា​កូវីដ១៩ លោក​អគ្គនាយក​ក៏​បាន​លើក​ឡើង​ដែរ​ថា៖ "ទោះ​បី​នៅ​ពេលនេះ វិបត្តិ​កូវីដ១៩ កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា ប៉ុន្តែ​យើង​មិន​អាច​បញ្ឈប់​ដំណើរ​នោះ​ទេ។ បើ​​យើង​បញ្ឈប់​ដំណើរ ឬ​ផ្អាក​ដំណើរ វា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាន់​តែ​រង​ផល​ប៉ះ​ពាល់​ខ្លាំង ដូច​នេះ​យើង​នៅ​តែ​បន្ត​ធ្វើ​អ្វីៗ​តាម​ផែន​ការ ប្រឹង​ប្រែង​រកស៊ី​ដូច​ធម្មតា ប៉ុន្តែ​ធ្វើ​ដោយការ​ការពារ​ឱ្យបាន​ត្រឹម​ត្រូវ​បំផុត។ ខ្ញុំ​សូម​ឱ្យ​បងប្អូន ចូល​រួម​ការពារ និង​ទប់​ស្កាត់​ការ​រាល​ដាល ដោយ​អនាម័យ​ជា​ប្រចាំ ហើយ​ម្យ៉ាង​វិញទៀត​ ក៏​ស្នើ​សុំ​ឱ្យ​បង​ប្អូន អប់​រំ​គេ​បន្ត និង​ចែក​រំលែក​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។"

ចំណែក​លោក​ស្រី ទ្រី ដាណា ដែល​ជា​អគ្គនាយិកា​របស់​ក្រុមហ៊ុន បាន​និយាយ​ថា ក្រុមហ៊ុន​មិនមែន​ផ្ដោត​លើ​តែ ​លុយ​មួយ​មុខ​ទេ គឺ​ផ្ដោត​លើ​គុណភាព និង​កេរ្តិ៍ឈ្មោះ​ផង​ដែរ។ ដោយសារ​បែប​នេះ​ហើយ ទើប​ផលិត​ផល​លក់​ដាច់ ហើយ​តំណាង​ចែក​ចាយ​ក៏​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ទីផ្សារ។ ជាក់​ស្ដែង​នៅ​ពេល​នេះ ក្រុមហ៊ុន​បាន​ឈាន​ទៅ​ដល់​ការ​សម្ពោធ​ប្រេន​ថ្មី NUNAហើយ​អ្នក​ស្រី​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា នៅ​ពេល​ខាង​មុខ វា​នឹង​ល្បី​ល្បាញ​មិន​ចាញ់ NNP ឡើយ ចំណែក​ម្ចាស់​ដេប៉ូ និង​អ្នក​តំណាង​ចែក​ចាយ​ក៏​នឹង​មាន​ជីវភាព​ល្អ​ប្រសើរ​គ្រប់ៗ​គ្នា​ផង​ដែរ៕ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!