អរគុណទឹកចិត្ត! លោកស្រី ទ្រី ដាណា ដឹងលោកយាយរស់ក្រោមតង់ ឱ្យគេសង់ផ្ទះជូនភ្លាមៗ

អ្នក​លេង​បណ្ដាញ​សង្គម មាន​ការ​រំជួល​ចិត្ត​ជា​ខ្លាំង​បន្ទាប់​ពី​ឃើញ​ការ​បង្ហោះ​រូប​ភាព​លោក​យាយ​ម្នាក់ រស់ក្រោម​តង់​យក​បាវ​មក​បាំង​ខ្យល់ បាំង​ភ្លៀង គួរ​សង្វេគ។ បន្ទាប់​ពី​ឃើញ​ការ​លំបាក​នេះ លោក​ស្រី ទ្រី បាន​ចាត់​ឱ្យ​ក្រុម​ការងារ នាំ​យក​ជំនួយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ជូន ផ្ដល់​ថវិកា ២​លាន​រៀល និង​សម្រេច​ឱ្យ​គេ​សង់​ផ្ទះ​ជូន​ទៀត។

មិន​ទាន់​បាន​មួយ​សប្ដាហ៍​ផង លោក​ស្រី ក៏​បាន​បង្ហាញ​ពី​រូប​ភាព​ជាង​កំពុង​សង់​ផ្ទះ យ៉ាង​សស្រាក់​ស្រាំ ហើយ​ផ្ទះ​នោះ ល្មម​ស្អាត​គួរ​ឱ្យ​ចង់​រស់​នៅ ដោយ​ខាង​ក្រោម​មាន​រៀប​ឥដ្ឋ ការ៉ូ ឯ​ខាង​លើ​បាំង​ឈើ មាន​សសរ​ធំៗ។ ក្នុង​នោះ​ដែរ លោក​ស្រី ក៏​បាន​កម្ម៉ង់​គេ ឱ្យ​ជួយ​រៀប​ចំ​ចង្ក្រាន្ត​បាយ និង​កន្លែង​បត់​ជើង ដើម្បី​សម្រួល​ដល់​លោក​យាយ​ផង​ដែរ។

លោក​ស្រី បាន​សរសេរ​រៀប​រាប់​ថា៖ "លោកយាយ​ជិត​រួចរាល់​ហើយ នៅតែ​រៀបកា​រ៉ូ និង​ច​ង្ក្រា​ន្តទេ។ អរគុណ​អ្នកភូមិ និង​ជាងៗ ជួយ​ធ្វើ​លឿន​មែនទែន​។​នេះ​ជា​អ្វីដែល​នាង​ខ្ញុំ​អាច​ធ្វើបាន សម្រាប់​គាត់ អាណិត​គាត់​ពេក​ហើយ រំកិល​ខ្លួន​ទៅ​ដាំបាយ​ម្នាក់ឯង ព្រោះ​ស្លាប់​មួយ​ចំ​ហៀងខ្លួន។ ​

​ពេល​ធ្វើ​រួច គាត់​លែង​ពិបាក​រំកិល​ខ្លួន​ហើយ ព្រោះ​រៀបកា​រ៉ូ​ឱ្យ​គាត់ រៀប​កន្លែង​ដាំបាយ​ឱ្យ​ស្រួល​ដល់​គាត់ និង​ឱ្យគេ​ជួយ​ទិញ​ចានឆ្នាំង​ជូន​គាត់​ថែម​ទៀ​ត​។ ពិតជា​អរគុណ​ណាស់ សម្រាប់​កម្លាំង​សាមគ្គី​របស់​គ្រប់​គ្នា មេភូមិ និង​អាជ្ញាធ​រ នៅ​ស្រុក​កូន​មុំ ខេត្ត​រតនគិរី ជួយ​គាត់​ទាំងអស់គ្នា។"

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!