លោកស្រី ឃាន លីណា ម្ចាស់ដេប៉ូ NNP ២ខេត្ត ចែករំលែកបទពិសោធន៍ដល់នារីជាង ៥០០នាក់
លោកស្រី ឃាន លីណា ដែលជាម្ចាស់ដេប៉ូគ្រឿងសម្អាង NNP ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានរៀបចំមហាសិក្ខាសាលាដ៏ធំមួយ ចែករំលែកបទពិសោធន៍ដល់នារីជាង ៥០០នាក់ បន្ទាប់ពីទទួលជោគជ័យខ្លាំងលើជំនួញអនឡាញជាមួយ NNP របស់ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេដីង ខូអិលធីឌី។
សិក្ខាសាលាមួយនេះ បានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែតុលា នៅមជ្ឈមណ្ឌលអាស៊ុណា ខេត្តត្បូងឃ្មុំ។ សិក្ខាសាលាដ៏ធំកក្រើកនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងលោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ដែលនាំចូលផ្ដាច់មុខផលិតផលគ្រឿងសម្អាង NNP។
លោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីឃើញចំនួនអ្នកចូលរួមសិក្ខាសាលានៅត្បូងឃ្មុំ និងកំពង់ចាមកើនឡើងខ្ពស់ខ្លាំង ធៀបនឹងសិក្ខាសាលាលើកមុន។ លោកបានថ្លែងថា៖ "លើកនេះពិតជាច្រើនណាស់ ច្រើនជាងសិក្ខាសាលាលើកមុនឆ្ងាយ។ នេះបង្ហាញថា ស្ត្រីជាច្រើន បានជោគជ័យលើជំនួញ ហើយមានសមត្ថភាពពិតៗ ខ្ញុំសប្បាយចិត្ត ព្រោះឃើញស្ត្រីខ្មែរមានការរីកចម្រើនលឿនលើជំនួញអនឡាញ"។
ចំណែកលោកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ក៏បានលើកឡើងស្រដៀងគ្នាថា លោកស្រីពិតជាសប្បាយចិត្ត ដែលឃើញនារីខ្មែរជាច្រើនចេះរកស៊ីដោយកម្លាំងញើសឈាមខ្លួនឯង។ ម្ចាស់ក្រុមហ៊ុនចិត្តធម៌រូបនេះ ក៏បានចែករំលែកនូវបទពិសោធន៍លើជំនួញអនឡាញ និងពន្យល់នូវយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាព ដើម្បីឱ្យអ្នកចូលរួមកាន់តែមានសមត្ថភាពខ្ពស់នៅក្នុងការធ្វើអាជីវកម្ម។
បន្ថែមពីលើនេះ លោកស្រី បានបញ្ជាក់ថា ការធ្វើជំនួញដោយប្រើប្រព័ន្ធអនឡាញ ត្រូវមានភាពឆ្លាតវៃ បត់បែន និងដឹងពីតម្រូវការអ្នកប្រើប្រាស់ច្បាស់។ លោកស្រី បានថ្លែងថា "ខ្ញុំប្រាប់ចុះ អ្នករកស៊ី គេគិតអីថ្មីជានិច្ច មិនមែននៅដដែលទេ ហើយក៏មិនប្រើពាក្យថាបាក់ទឹកចិត្តដែរ បើអ្នកណាប្រាប់ខ្ញុំថា បាក់ទឹកចិត្តហើយ ខ្ញុំថាមិនមែនទេ មិនមែនបាក់ទឹកចិត្តទេ គឺអ្នកនោះខ្ជិលតែម្ដង។ បើហត់សម្រាកសិន តែកុំប្រើពាក្យថាបាក់ទឹកចិត្ត។"
លោកស្រី ឃាន លីណា ជាម្ចាស់ដេប៉ូខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានលើកឡើងថា បន្ទាប់ពីចាប់ផ្ដើមជំនួញជាមួយ NNP លោកស្រីបានផ្លាស់ប្ដូរជីវភាពច្រើន ហើយក៏បានជួយតំណាងចែកចាយជាច្រើននាក់ទៀត ឱ្យមានស្ថានភាពជីវិតកាន់តែប្រសើរឡើង ខុសពីពេលមុនដែលរង់ចាំចំណូលពីប្ដី។ លោកស្រីបានបញ្ជាក់ទៀតថា ការរកស៊ីជំនួញអនឡាញជាមួយ NNP មានភាពងាយស្រួល ត្បិតក្រុមហ៊ុនមានការទទួលស្គាល់ស្របច្បាប់ ហើយផលិតផលមានគុណភាពល្អ។
បន្ថែមពីលើនេះ លោកស្រី ឃាន លីណា ក៏បានថ្លែងអំណរគុណចំពោះអគ្គនាយក និងអគ្គនាយិកា ដែលខិតខំអស់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ លោកស្រី ឃាន លីណា និងក្រុមគ្រួសារ ក៏បានបរិច្ចាគប្រាក់ ២០០០ដុល្លារ ចូលរួមសកម្មភាពមនុស្សធម៌ជាមួយលោកស្រី ទ្រី ដាណា និងលោក ហ៊ីង បញ្ញារិទ្ធ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ផងដែរ។