ក្ដៅ! អ្នកលក់អនឡាញ ពូកែជេរ និយាយដើមគេ ទ្រី សុផានិត ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការ
អ្នកផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ បើតាមកម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។
តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។
ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋាននាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៀត៕