ប្រឡងចម្រៀង រង្វាន់ម៉ឺនដុល្លារពីលោកស្រី ទ្រី ដាណា រកឃើញបេក្ខភាពផ្ដាច់ព្រ័ត្រ ៦នាក់ហើយ
កម្មវិធីប្រឡងចម្រៀងសំនៀងពេជ្រ NNP រដូវកាលទី១ រៀបចំដោយក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី ដែលជម្រុះយ៉ាងស្វិតស្វាញអស់ជាច្រើនថ្ងៃមកក្នុងចំណោមបេក្ខជនជាង ២ម៉ឺននាក់ បានរកឃើញអ្នកមានទឹកដមសំឡេងល្អជាងគេ ៦នាក់ ឈានទៅវគ្គផ្ដាច់ព្រ័ត្រ។
ការប្រឡងចម្រៀងនេះ បានចាប់ផ្ដើមតាំងពីដើមខែវិច្ឆិកា ដោយមានបេក្ខជនដាក់ពាក្យតាមអនឡាញចំនួនជាង ២ម៉ឺននាក់។ ដំបូងគណៈកម្មការ បានវាយតម្លៃសំឡេងតាមរយៈវីដេអូដែលបេក្ខជនផ្ញើមក និងសម្រិតសម្រាំងយក ១០០នាក់ មកប្រកួតជម្រុះផ្ទាល់លើឆាក ដើម្បីជ្រើសរើស ២២នាក់ មកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ បន្ទាប់ពីការប្រឡងផ្សាយផ្ទាល់តាមផេកសំនៀងពេជ្រ NNP ២ថ្ងៃរួចមក គណៈកម្មការបានចម្រាញ់យក ៦នាក់ ទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
បេក្ខភាពទាំង៦នោះមាន បេក្ខជន ភេត ស៊ីណាត សិលា ដារ៉ូ សៅ សុវណ្ណរ៉ា បេក្ខនារី អាន សុខកាន់ បេក្ខជន កែវ វីរៈ និងបេក្ខជន យន ធី។ ពួកគេទាំង៦ នឹងកាន់ដៃគ្នាទៅប្រកួតប្រជែងបន្តទៀតនៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយតាមរយៈទូរទស្សន៍ភីអ៊ិនអ៊ិន នាម៉ោង ៧យប់ ថ្ងៃទី ២១ ខាងមុខនេះ ដោយជ្រើសរើសម្ចាស់ជយលាភីចំនួន ៣រូប។
បើតាមការប្រកាសបើកកម្មវិធីជាផ្លូវការ ដោយលោកស្រី ទ្រី ដាណា និងលោក ហ៊ីង បញ្ញារិទ្ធ កាលពីដើមខែវិច្ឆិកាបានឱ្យដឹងថា ក្រៅពីរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកលេខ ១ ចំនួន ៤០លានរៀល លេខ២ ២០លានរៀល និងលេខ៣ ១០លានរៀល ពួកគេក៏ទទួលបានកុងត្រា ២ ឆ្នាំ ជាមួយក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី ហើយមានប្រាក់ប្រចាំខែទៀតផង៕