អបអរសាទរ! លោកស្រី ទ្រី ដាណា និងស្វាមី ទទួលបានមេដាយខ្ពស់បំផុត ពីព្រះមហាក្សត្រ

លោក​ស្រី ទ្រី ដាណា ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​នារី​ចិត្ត​ធម៌ ចូល​ចិត្ត​ចែក​រំលែក​ទ្រព្យ​ផ្ទាល់​ខ្លួន​ដល់​អ្នក​ដទៃ និង​ស្វាមី ហ៊ីង បញ្ញារិទ្ធ ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សព្វ​ព្រះ​រាជហឬទ័យ​​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ខ្ពស់​ផុត​លេខ ជាតូបការ បន្ទាប់​ពី​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ច្រើន​រាប់​មិន​អស់។

គ្រឿង​ឥស្សរិយយស ជាតូប​ការ ​ជា​មេដាយ​កិត្តិយស​ខ្ពស់​បំផុត​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ផ្ដល់​ជូន​ដល់​ឥស្សរជន​ឆ្នើម ឬ​សប្បុរស​ជន ដែល​បាន​លះ​បង់​ធំ​ធេង​ជូន​ជាតិ។ គ្រឿង​ឥស្សរិយយស​នេះ ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សព្វ​ព្រះ​រាជហឬទ័យ​​ប្រោស​ព្រះរាជទាន​ដល់​ប្ដី​ប្រពន្ធ​ចិត្ត​ធម៌ តាម​រយៈ​ព្រះ​រាជក្រឹត្យ​លេខ នស/រកត/១២២០/១៤២៣ ចុះ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០២១។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ស្រី ទ្រី ដាណា និង​ស្វាមី ជា​​ម្ចាស់​ជំនួញ​គ្រឿង​សម្អាង NNP, NUNA និង CTM ដែល​កំពុង​ចែក​ចាយ​ពាសពេញ​ប្រទេស​កម្ពុជា។ ក្រៅ​ពី​នេះ អ្នក​ទាំង​ពីរ ក៏​ជា​ម្ចាស់​ហាង​ពេជ្រ​ដ៏​ធំ​មួយ នៅ​ព្រែក​ព្នៅ ដែល​កំពុង​ដំណើរ​ការ​យ៉ាង​រលូន និង​មាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​គ្រប់​ទិស​ទី។

ទោះ​បី​មមាញឹក​នឹង​ជំនួញ​យ៉ាង​ណា​ក្ដី ប្ដី​ប្រពន្ធ​មួយ​គូ​នេះ តែង​ចែក​រំលែក​ជួយ​អ្នក​ក្រ​ខ្សត់ ជា​ពិសេស​គឺ​សកម្មភាព​ចុះ​ចែក​ផ្ទាល់​ៗ​តែ​ម្ដង។ មាន​ប្រវត្តិ​កើត​ចេញ​ពី​ឪពុក​អ្នក​លក់​លៀស​ហាល ឯ​ម្ដាយ​លក់​បន្លែ លោក​ស្រី ទ្រី ដាណា មិន​ដែល​ភ្លេច​កំណើត មិន​ដែល​ភ្លេច​ការ​លំបាក​ដែល​ធ្លាប់​ឆ្លង​កាត់​ឡើយ។ នេះ​ហើយ​ជា​មូលហេតុ ដែល​លោក​ស្រី និង​ស្វាមី តែង​ជួយ​អ្នក​ជួប​ទុក្ខ​លំបាក ដោយ​ក្ដី​រីករាយ​បំផុត៕ ​​



អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!