រកឃើញម្ចាស់ពាន អមទឹកប្រាក់ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រឡងចម្រៀងរបស់លោកស្រី ទ្រី ដាណា

កម្មវិធីប្រឡងចម្រៀងសំនៀងពេជ្រ NNP ដែលរៀបចំឡើងដោយក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរកឃើញជើងខ្លាំងម្ចាស់ពានរដូវកាលទី១ កាលពីយប់ថ្ងៃទី២១ ខែមករា ដោយទទួលប្រាក់រង្វាន់រហូតដល់ទៅមួយម៉ឺនដុល្លារ ពីលោកស្រី ទ្រី ដាណា និងកុងត្រាជាមួយក្រុមហ៊ុនរយៈពេល ២ឆ្នាំ។

ការប្រឡងចម្រៀងនេះ ឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញតាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបេក្ខជនប្រមាណជាង ២ម៉ឺននាក់ដាក់ពាក្យចូលរួម។ ក្រោមការវាយតម្លៃពីគណៈកម្មការ មានបេក្ខជនចំនួន ១០០នាក់ប៉ុណ្ណោះ ដែលត្រូវជ្រើសរើសឡើងឆាក បញ្ចេញសំនៀងមុខគណៈកម្មការផ្ទាល់។

ក្នុងចំណោមបេក្ខជន ១០០នាក់នោះ គណៈកម្មការដែលមានលោក សូរ ស្រណោះ លោក ហេង ពិទូ និងអ្នកស្រី សុខ ចាន់ធីតា បានវាយតម្លៃយ៉ាងល្អិតល្អន់ចម្រាញ់យក ២២នាក់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចម្រុះបន្តយកតែ ៦នាក់ ឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN កាលពីថ្ងៃទី២១ ខែមករា។

នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ បេក្ខជនដែលមានសមត្ថភាពលើកពានគឺ សិលា ដារ៉ូ មកពីខេត្តកណ្តាល ទទួលប្រាក់រង្វាន់ មួយម៉ឺនដុល្លារ លេខ២ ភេក ស៊ីណាត ទទួលប្រាក់រង្វាន់ ៥០០០ដុល្លារ និងលេខ៣ បេក្ខនារី អាន សុខកាន់ ទទួលប្រាក់រង្វាន់ ២៥០០ដុល្លារ។

លើសពីនេះ ម្ចាស់ជយលាភីទាំង៣រូប នឹងទទួលបានកុងត្រាជាមួយក្រុមហ៊ុន២ឆ្នាំផងដែរ។ ចំពោះពានរង្វាន់សស្អាត មាន៣ រង្វាន់បានទៅសៅ សុវណ្ណរ៉ា បេក្ខជនកែម វីរៈបេក្ខជន យន ធី ដោយទទួលប្រាក់លើកទឹកចិត្តម្នាក់ ២០០០ដុល្លារ៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!