ដំណឹងរីករាយ! កម្ពុជានឹងទាញរ៉ែមាសជាលើកដំបូង ក្នុងឆ្នាំ២០២១ ដែលបរិមាណដល់តោន

បញ្ហា​ជំងឺ​កូវី​ដ​-១៩ មិនអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំ​ណើ​រការ​ផលិតកម្ម​រ៉ែ​មាស របស់​ក្រុមហ៊ុន​វិនិយោគ Renaissance Minerals (Cambodia) Ltd លើ​ការរុករក​រ៉ែ​មាស ដែល​ទទួលបាន​សិទ្ធិ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក យស មុនី​រ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ​។

ក្រុមហ៊ុន​នេះ​ធ្លាប់បាន​បញ្ជាក់ហើ​យ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ដំណើរការ​ផលិតកម្ម​រ៉ែ​មាស ជា​លើក​ដំបូង នៅ​ឆ្នាំ​២០២១​នេះ ដែល​អាច​ទទួលបាន ក្នុង​បរិមាណ​១០​ម៉ឺន​អោន ក្នុង​១​ឆ្នាំ (​ប្រហែល​៣​តោន​)​។​ ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News លោក យស មុនី​រ៉ាត់ បាន​បញ្ជាក់​ឲ្យ​ដឹងថា បើ​ទោះបី​បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​នូ​វ​បញ្ហា​កូ​វីដ​-១៩ យ៉ាងណាក្ដី ប៉ុន្ដែ​គ​ម្រោង​របស់​ក្រុមហ៊ុន Renaissance Minerals មិន​មាន​ការ​ប្រែប្រួល​នោះទេ​។​

​លោក យស មុនី​រ៉ាត់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មកទល់​ពេល​នេះ គឺ​ដំណើរការ​សាងសង់ នឹង​ឈានទៅដល់​ផលិតកម្ម ក្នុង​ពេលខាងមុខ​នេះ មិនទាន់​មាន​សញ្ញា​បង្ហាញ​ញ​ថា នឹង​មាន​ការយឺតយ៉ាវ​នោះ​នោះទេ ដូច្នេះ​អ្វីៗ​វា​ដំណើរកា​រទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក​»​។​ ​លោក​បាន​ឲ្យ​ដឹងថា បញ្ហា​កូវី​ដ​-១៩ បាន​ជះ​ឥទ្ធិ​ពល​ដល់​ដំណើរការរបស់​ក្រុមហ៊ុន ក្នុង​កម្រិត​តិច​តួចបំ​ផុត ហើយ​ការ​ប៉ះពាល់​នេះ​ដោយសារតែ​អ្នក​ជំ​នា​ញ ការបរទេស ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ត​ម្រូ​វ​ឲ្យ​ច​ត្ដា​ឡី​ស័​ក្ដ ដែល​ធ្វើ​ឲ្យ​គម្រោង​មាន​ការ​យឺត​ប​ន្ដិ​ច​។​

​លោក យស មុនី​រ៉ាត់ បាន​បញ្ជាក់ថា «​ប្រសិនជា​តាម​ផែនការ គឺ​មិន​មាន​ការយឺតយ៉ាវ​ទេ អាច​នឹង​ដំណើរការ​ផលិតកម្ម​រ៉ែ​មាស នៅក្នុង​ឆ្នាំ​២០២១​នេះហើយ [...] អាច​នៅ​ដើម ឬ​កណ្ដាល​ត្រីមាស​ទី​៣ ឆ្នាំ​២០២១ យើង​នឹង​ទទួលបាន​ផលិតកម្ម​ហើយ​»​។​ ​បន្ថែម​ពី​នោះ​ទៀត លោក យស មុនី​រ៉ាត់ បាន​ឲ្យ​ដឹងថា ក្រសួង​សុខាភិបាល បាន​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថា​ម​ពល អនុវត្ដ​ការងារ​ជាមួយគ្នា​យ៉ាង​ល្អ និង​បាន​ការពារ​នៅក្នុង​ការដ្ឋាន​ផលិតកម្ម​រ៉ែ​មាស បាន​យ៉ាង​ល្អប្រសើរ​ផងដែរ ដោយ​មិន​មាន​បញ្ហា​ជំងឺ​កូវី​ដ​១៩ ចូល​មក​ក្នុង​ការដ្ឋាន​នោះឡើយ​។​

​លោក យស មុនី​រ៉ាត់ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បាន​ជ្រើសរើស​ប្រទេស​អូស្ដ្រាលី និង​ប្រទេស​សិង្ហ​បុរី​ជា​ទីតាំង ដើម្បី​យក​រ៉ែ​មាស ដែល​ទាញ​យក​បាន​នោះ​ទៅ​ចម្រាញ់​។​ ​ទ​ន្ទឹ​ម​គ្នា​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ បាន​លើកឡើងថា ការ​អាច​ទាញ​យក​បាន​នូ​វ​រ៉ែ​មាស​នេះ វា​នឹង​ជួយ​ជំរុញ​ដំណើ​រការ​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​ចំណូល​រដ្ឋ​មាន​កើនឡើង សម្រាប់​អភិ​វ​ឌ្ឍ​ន៍ប្រទេស​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជា​ក្រុមហ៊ុន​មួយ​របស់​អូស្ត្រាលី ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស ពី​ក្រសួង​រ៉ែ និង​ថា​ម​ពល​។ ទីតាំង​ដែល​ក្រុមហ៊ុន​នេះ កំពុង​ដំណើ​រការ​អភិ​វ​ឌ្ឍ​ន៍​រ៉ែ​មាស ស្ថិតនៅក្នុង​តំបន់​អូ​ខ្វា​វ ក្នុងស្រុក​កែវ​សីមា ខេត្ត​ម​ណ្ឌ​ល​គិរី​។​ ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជា​ក្រុមហ៊ុន​ទី​១ ដែល​ជា​ក្រុមហ៊ុន​ខ្នាត​អន្ដរជាតិ ដែល​អាច​ចាប់ផ្ដើម​ផលិត​មាស ជា​លើក​ដំបូង នៅ​ប្រទេស​កម្ពុជា ហើយ​បើតាម​ផែនការ​ក្រុមហ៊ុន អាច​ផលិត​មាស​បាន ប្រហែល​១០០​ពាន់​អោន ក្នុង​មួយឆ្នាំ​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!