កម្ពុជាកំពុងធ្វើការជាមួយចិន ហុងកុង វៀតណាម ពាក់ព័ន្ធការនាំឈើ ២០០តោនពីកម្ពុជាទៅហុងកុង

មន្រី្ត​គយ​កម្ពុជា បាន​ប្រជុំ​ជាមួយម​ន្រី្ត​គយ​ប្រទេស​ចិន ហុងកុង និង​វៀតណាម​ហើយ ដើម្បី​ស្រាវជ្រាវ​រក​ជន​ល្មើស​នាំ​ឈើ​ចេញ​ជាង​២០០​តោន​ទៅ​ហុង​ហុង​។ ស​ង្គ​ម​ស៊ីវិល និង​សកម្ម​ជន​បរិស្ថាន ស្នើ​ឲ្យ​ក្រសួង​ពាក់ព័​ន្ធ​ស៊ើបអង្កេត​ឲ្យ​ហ្មត់ចត់ ហើយ​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​។​

​លោក វេង សាខុន រដ្ឋ​ម​ន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​សារ​ព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​២៨​ឧសភា​នេះថា កម្ពុជា ចិន ហុងកុង និង​វៀតណាម កំពុង​ធ្វើ​ការស៊ើបអង្កេ​ត​លើ​ករណី​នាំ​ឈើ​២១១​តោន​ទៅ​ហុងកុង​។ ដំណើរការប្រ​ជុំ​នេះ ធ្វើឡើង​ដោយ​មាន​ការសម្របសម្រួល​ពី​កា​រិ​យាល័យ​អង្គការសហប្រជាជាតិ​ប្រឆាំង​គ្រឿង​ញៀ​ន និង​ឧក្រិដ្ឋកម្ម (UNODC)​។

​«​កាលពីដើម​សប្តាហ៍​នេះ យើង​បាន​រៀបចំ​កិច្ច​ប្រ​ជុំ​ជាមួយ​គយ​ប្រទេស​ចិន គយ​កោះ​ហុងកុង និង​គយ​ប្រទេស​វៀតណាម ដោយ​មាន​ការសម្របសម្រួល​ពី United Nations Office on Drug and Crime(UNODC) ករណី​ឈើ​នៅ​ហុងកុង កិច្ច​ប្រជុំ​នេះ​ក៏​មាន​តំ​ណា​ង គយ​និង​រដ្ឋ​ករ​កម្ពុជា​ចូលរួម​ផងដែរ​។ ប្រទេស​នីមួយៗ​បាន​សន្យាថា នឹង​បន្ត​ការស្រាវជ្រាវ​រក​ជន​ល្មើស​បន្ត​ទៀត​»​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម ។

​ជុំវិញ​ករណី ហុងកុង​រឹបអូស​កំណាត់ឈើ​ជិត​ផុត​ពូជ​២១១​តោន​នេះ ស​ង្គ​ម​ស៊ីវិល​និង​សកម្ម​ជន​ចំ​នួន​៦៧ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម កាលពី​ថ្ងៃទី​២៧ ឧសភា ស្នើ​ឲ្យ​ក្រសួង​ពាក់ព័​ន្ធ​ស៊ើបអង្កេត និង​កំណត់​មុខសញ្ញា​អ្នក​នាំចេញ​។ ក្នុង​កិច្ច​ស​ម្ភ​សន៍​ជាមួយ​សារ​ព័​ត៌មាន​ថ្មីៗ លោក ហេង គីម​ហុង ប្រធាន​ផ្នែក​កម្មវិធី និង​តស៊ូ​មតិ នៃ​សមា​គម​បណ្ដាញ​យុវ​ជន​កម្ពុជា​(CYN) បាន​បញ្ជាក់ថា ប្រសិន​គ្មាន​ការស៊ើបអង្កេត​និង​បង្ហាញ​ព័ត៌មាន​ជុំវិ​ញ​ករណី​នេះ ជា​សាធារណៈ​ទេ នោះ​សង្គម​ស៊ីវិល​និង​សមា​គម​លោក នឹង​ស្នើ​សុំ​ជួប​រដ្ឋម​ន្រី្ត​កសិកម្ម ដើម្បី​ពិភាក្សា​លើ​រឿង​វ៉ា​វ​នេះ​។

លោក គីម​ហុង បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖ «​ពួកយើង​ខ្ញុំ​ទាំងអស់ ដែល​ស្រលាញ​ព្រៃឈើ និង​ជា​អង្គការ​ស​ង្គ​ម​ស៊ីវិល​ធ្វើការ​លើ​ធន​ធាន​ធម្មជាតិ​នេះ យើង​នឹង​បន្ត​កិច្ច​អន្តរា​គមន៍​ណាមួយ​ពី​អ្នក​ជំនាញ ហើយ​យើង​នឹង​អាចដាក់​លិខិត​ស្នើសុំ​ជួប​រដ្ឋ​ម​ន្រី្ត​ក្រសួងបរិស្ថាន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម និង​រដ្ឋ​ម​ន្រី្ត​ផ្ទាល់​តែម្ដង ប្រសិនបើ​គ្មាន​ការ​ដោះស្រាយ​(​ករណី​រកឃើញ​ជាង​២០០​តោន​នៅ​ហុងកុង​) ដើម្បី​ទៅ​បង្ហាញ​កង្វល់​ចំពោះមុខ​ពួកគាត់​(​រដ្ឋ​ម​ន្រី្ត​) ហើយ​នឹង​ស្នើ​សុំ​ឬ​ជជែក​ពិភាក្សា​ជុំ​វិ​ញ​ល​ទ្ធ​ភាព​នៃ​ការ​ស្វែង​រក​ឬ​កំ​ណ​ត់​មុខសញ្ញា​ជន​ល្មើស​»​។

​ដោយសារ​មើលឃើញ​ការនាំចេញ​ឈើ​នៅតែ​កើតមាន​នេះ លោក គីម​ហុង ស្នើ​ឲ្យ​ក្រសួងបរិស្ថាន ផ្ដល់​ភាពងាយស្រួល​ដល់​សកម្ម​ជន​ព្រៃឈើ ក្នុង​ការចូលរួម​ថែរក្សា និង​អភិរក្ស ដោយ​កុំឲ្យ​មាន​ការ​រឹតត្បិត​ពី​អាជ្ញាធ​រ ពោលគឺ​បើក​ចំហរ​ឡើងវិ​ញ ដល់​ក្រុម​អ្នក​ធ្វើការ​ក្នុង​វិស័យ​ធន​ធាន​ធម្មជាតិ​នេះ​។

កាលពី​ថ្ងៃទី​៥​ឧសភា កាសែត The Dimsum Daily របស់​ហុងកុង​បាន​រាយការណ៍​ថា គយ​ហុងកុង​បាន​រឹបអូស​កំណាត់​២១១​តោន ដែល​តម្លៃ​ប្រមាណ​១៤​ម៉ឺន​លាន​ដុល្លារ​។ ម​ន្រី្ត​គយ​របស់​ហុងកុង បាន​រកឃើញ​ឈើ​នោះ ក្នុង​ទូ​កុង​ទឺ​ន័រចំ​នួន​៧ នៅ​ច​ន្លោះ​ថ្ងៃទី​២៩ មេសា ដល់​៥ ឧសភា ឆ្នា​២០២១​។ តាម​ការវាយតម្លៃ​រប​ស់ម​ន្ត្រី​គយ​ហុងកុង ប្រភព​កុង​ទឺ​ន័​រទាំង​នោះ​គឺ​ចេញពី​កម្ពុជា​។

​កន្លង​មក អង្គការ​គំនិត​ផ្តួចផ្ដើម​សាកល​ប្រឆាំង ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​រកឃើញថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​ប្រមាណ​៥៥​ម៉ឺន​ហិកតា ដែល​ស្មើនឹង​១១​ភាគ​រយ នៅ​តំបន់​ការពារធម្ម​ជា​តិ​របស់​កម្ពុជា ក្នុង​ច​ន្លោះ​ឆ្នាំ​២០០១​ដល់​២០១៨៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!