ទំនាយយាយពិការភ្នែកថា ឆ្នាំ២០១៩នេះ ដូណាល់ ត្រាំ និងពូទីន នឹងជួបរឿងអាក្រក់ហួសស្មាន

លោក​យាយ Baba Vanga ​ជា​គ្រូទាយ​ពិការ​ភ្នែក​ជនជាតិ​ប៊ុលហ្ការី ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្ទើរ​ជុំវិញ​ពិភព​លោក​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​ការ​ទស្សន៍ទាយ​​អំពី​ព្រឹត្តិការណ៍​ធំ​ៗ​ជុំវិញ​ពិភព​លោក​ទុកមុន​រាប់​សិប​ឆ្នាំ បាន​ត្រឹម​ត្រូវ​​ជា​ច្រើន​ដូច​ជា​ ការ​កកើត​ក្រុម​ភេរវក ISIS ​យន្តហោះ​បុកអគារ​ភ្លោះ​នៅ​អាមេរិក និង​ប្រទេស​អង់គ្លេស​ចង់​ដក​ខ្លួន​ពី​អឺរ៉ុប​ផង។

លោក​យាយ​​កើត​នៅ​ថ្ងៃ​ទី ៣១ ​មករា ​ឆ្នាំ ១៩១១ និង​ស្លាប់​នៅ​ថ្ងៃ​ទី ១១ ​សីហា ឆ្នាំ​១៩៩៦ ​ប៉ុន្តែ​លោក​យាយ​បាន​ទាយ​ដឹង​គ្រោះ​មហន្តរាយ​ពិភពលោក​ទៅ​មុខ​រាប់​ពាន់​ឆ្នាំ រហូត​ដល់​ពិភពលោក​ត្រូវ​បាន​បញ្ចប់​នៅ​សតវត្ស​ទី ៥១ ​ទៀត​​ផង​។

ចំណែក​នៅ​ចុង​ឆ្នាំ ២០១៨ ​នេះ ​វេប​សាយ​បរទេស​ជា​ច្រើន​បាន​គាស់​កកាយ​យក​ទំនាយ​របស់​លោក​យាយ​មក​ចុះ​ផ្សាយ​ពី​ព្រឹត្តិការណ៍​សម្រាប់​ឆ្នាំ ២០១៩​ ខាង​មុខ។ ​លោក​យាយ Baba ​បាន​ទស្សន៍ទាយ​បាន​ឲ្យ​ដឹង​ថា​ មេ​ដឹក​នាំ​កំពូល​របស់​ពិភព​លោក​ ២​រូប​ គឺ​ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​អាមរិក នឹង​មាន​រឿង​អាក្រក់​កើត​ឡើង​នៅ​ឆ្នាំ​២០១៩​នេះ។ ​ការ​ទស្សន៍​ទាយ​ថា លោក​ប្រធានាធិបតី​រុស្សី វ្ល៉ា​ឌិមៀ ពូទីន នឹង​មាន​អ្នក​ប៉ុនប៉ង​ធ្វើ​ឃាត​ដែល​ជន​នោះ​ស្ថិត​នៅ​ក្នុង​ក្រុម​ការពារ​សន្តិសុខ​របស់​លោក​ផ្ទាល់។ ឯ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ដូណាល់ ​ត្រាំ នឹង​មាន​បញ្ហា​ត្រចៀក​ស្តាប់​លែង​ឮ​ដោយ​សារ​ជំងឺ​ចម្លែក​មួយ។ តើ​រឿង​ទាំង​នេះ​អាច​ក្លាយ​ជា​ការ​ពិត​ដែរ​ ឬ​ទេ?

លោក​ពូទីន ធ្លាប់​មាន​គេ​លប​ធ្វើ​ឃាត​រួច​ម្តង​មក​ហើយ ហើយ​ធ្វើ​ឲ្យ​លោក​ខក​ខាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ប្រធានាធិបតី កាល​ពី​ឆ្នាំ​ ២០១២ ​កន្លង​ទៅ។ សព្វ​ថ្ងៃ ​លោក​ប្រធានាធិបតី ​ពូទីន បាន​ចាត់​កំលាំង​ការពារ​សន្តិសុខ​ផ្ទាល់​ខ្លួន​លោក​ ដោយ​អ្នក​បាញ់​កាំភ្លើង​មាន​ការ​ហ្វឹកហាត់​យ៉ាង​ស្ទាត់​ជំនាញ​ហើយ​មាន​ភារៈ​កិច្ច​តែ​មួយ​គត់ គឺ​ថែ​រក្សា​សុវត្ថិភាព​លោក​គ្រប់​ពេល​។

លោក​ក៏​បាន​យល់​ស្រប​នឹង​ទស្សនៈ​នៃ​ការ​ទស្សន៍ទាយ​របស់​លោក​យាយ Baba ​ដែរ​ថា​ នឹង​មាន​នរណា​ម្នាក់​តាម​សម្លាប់​លោក​នៅ​ឆ្នាំ​ ២០១៩​នេះ។ រឿង​មួយ​ទៀត​លោក​ពូទីន ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ការពារ​ពី​ការ​ធ្លាក់​អាចម៍​ផ្កាយ​យក្ស​មក​លើ​ប្រទេស​រុស្ស៊ី​ដែរ ដែល​លោក​យាយ​បាន​ទាយ​កន្លង​មក។

សម្រាប់​លោក​ដូណាល់ ត្រាំ ​វិញ​ត្រូវ​បាន​លោក​យាយ​ព្យាករណ៍​ថា​ នឹង​មាន​គ្រោះ​មហន្តរាយ​នៅ​ឆ្នាំ​២០១៩ ក្នុង​នោះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​លោក​មាន​ជំងឺ​ត្រចៀក​មិន​អាច​ព្យាបាល​ជា​នោះ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​លោក​មាន​អាការៈ​ដូច​ជា ​ក្អួត​ចង្អោរ ​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ និង​ស្តាប់​មិន​ឮ​ ហើយ​គ្រួសារ​របស់​លោក​នឹង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ទៀត​ផង។

គួរ​រំលឹក​ផង​ដែរ​ថា លោក​យាយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភព​លោក​កោត​សរសើរ និង​បក​ស្រាយ​មិន​ចេញ​ចំពោះ​ព្រឹត្តិការណ៍​លោក​យាយ​ទស្សន៍ទាយ​ឆុត​ៗ​ដូច​ជា ​គ្រោះ​មហន្តរាយ​រោង​ចក្រ​នុយក្លេអ៊ែរ​អ៊ុយក្រែន Chernobyl, ​រលក​យក្ស​ស៊ូណាមិ​ឆ្នាំ ២០០៤, សង្គ្រាម​នៅ​ស៊ីរី, ការ​កកើត​ក្រុម ISIS, ប្រធានាធិបតី​អាមេរិក​ទី ៤៤ ជា​ជនជាតិ​ស្បែក​ខ្មៅ (អូបាម៉ា) និង​សោកនាដកម្ម​យន្ត​ហោះ​បុក​អគារ​ភ្លោះ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ញូវយ៉ក​ជា​ដើម។

លោក​យាយ​បាន​រៀបការ​ជាមួយ​លោក Vangelia Gushterova ​និង​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​រស់​នៅ​តំបន់ Rupite ​ជួរ​ភ្នំ Kozhuh ប្រទេស​ប៊ុលហ្ការី។ រម្លឹក​ពី​ជីវប្រវត្តិ​ខ្លះ​ៗ លោក​យាយ​​បាន​កើត​មុន​ថ្ងៃ​កំណើត​ ២​ខែ (មិន​គ្រប់​ខែ)​នៅ​ក្រុង Strumica ​(កាល​នៅ​ក្នុង​អាណាចក្រ​អូតាម៉ង) មាន​ទង​ត្រចៀក​ស្អិត​ជាប់​ក្បាល ​ហើយ​ដៃ និង​ជើង​ស្អិត​ជាប់​គ្នា​ជាមួយ​សុខភាព​ទន់​ខ្សោយ។ គ្មាន​នរណា​ម្នាក់​សង្ឃឹម​ថា គាត់​អាច​រស់​បាន​ទេ រួច​ក៏​រុំ​ខ្ចប់​ក្នុង​ឡាំង​មួយ​រហូត​ដល់​អាយុ ៩​ខែ​ពេញ​លេញ​ដូច​ក្មេង​ទូទៅ។ ​កាល​នៅ​តូច លោក​យាយ​ចូល​ចិត្ត​លេង​បោច​ស្មៅ​ព្យាបាល​ជំងឺ​មិត្តភ័ក្ដិ​ដែល​ធ្វើ​ពុត​ជា​ឈឺ។

តើ​លោក​យាយ​ពិការ​តាំង​ពី​ពេល​ណា? ដោយ​សារ​អ្វី? ​លោកយាយ​មិន​មែន​ពិការ​ពី​កំណើត​ទេ គឺ​ទើប​ពិការ​កាល​ជា​ក្មេង​រត់​លេង ក៏​មាន​ព្យុះ​កំបុតត្បូង​កួច​លើក​គាត់​ទៅ​លើ​អាកាស រួច​ទម្លាក់​ទៅ​លើ​វាល​​មួយ។ ​មនុស្ស​ជា​ច្រើន​បាន​តាម​រក ​ក៏​ប្រទះ​ឃើញ​គាត់​ដេក ​ក្រោក​មិន​រួច​ដោយ​មាន​ដី និង​ខ្សាច់​គ្រប​ពេញ​មុខ។ គាត់​មិន​អាច​បើក​ភ្នែក​បាន ព្រោះ​​​ចុកចាប់​ដោយ​​ខ្សាច់​ចូល​ភ្នែក​​ណែន​ រហូត​មើល​លែង​ឃើញ​បន្តិច​ម្ដង​ៗ​ និង​គ្មាន​ប្រាក់​ព្យាបាល។ ​គាត់​ល្បី​ទាយ​ឆុត​នៅ​អាយុ​ជាង ៣០​ឆ្នាំ។

ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ លោក​យាយ Baba ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រត់​ទៅ​រក​ឲ្យ​គាត់​ជួយ​ទស្សន៍ទាយ​ពី​ជោគ​វាសនា​សាច់​ញាតិ​ថា នៅ​រស់ ឬ​ស្លាប់ បើ​ស្លាប់ ពួក​គេ​ស្លាប់​នៅ​ទីណា។ មនុស្ស​ដែល​ទៅ​រក​ឲ្យ​គាត់​ទាយ​រាប់​ចាប់​តាំង​ពី ​ប្រធានាធិបតី ​ប្រមុខ​រដ្ឋ ​អ្នក​ជំនួញ អ្នក​នយោបាយ ស្ដេច ​អ្នក​វិទ្យាសាស្ត្រ ​អ្នកនិពន្ធ ទស្សនវិទូ មហាសេដ្ឋី និង​បុគ្គល​ល្បី​ៗ​ស្ទើរ​ជុំវិញ​ពិភព​លោក។ រឿង​មួយ​ទៀត​ធ្វើ​ឲ្យ​គេ​មិន​សរសើរ​មិន​បាន​នោះ គឺ​គាត់​បាន​ទាយ​ថ្ងៃ​ខ្លួន​ឯង​លាចាក​លោក​យ៉ាង​ច្បាស់​ៗ គឺ​ថ្ងៃ​ទី ១១ សីហា ហើយ​គេ​យក​ទៅ​កប់​ថ្ងៃ​ទី ១៣ សីហា ​ឆ្នាំ ១៩៩៦ (ការ​ទាយ​នេះ​ត្រូវ​ទាំង​អស់​គ្មាន​ខុស​)។ ហេតុ​ការណ៍​ពិភព​លោក​ធំ​ៗ​ដែល​លោក​យាយ​ធ្លាប់​ទាយ​ត្រឹមត្រូវ​មាន​ដូច​ខាង​ក្រោម៖

ឆ្នាំ ១៩៤២៖ ​លោក​យាយ​ទាយ​ថា ប៊ុលហ្ការី ​នឹង​ក្លាយ​ជា​ប្រទេស​សង្គម​និយម។ ​គាត់​ប្រាប់​​ស្ដេច​សារ Boris III ប៊ុលហ្ការី ដែល​មក​សួរ​សុខទុក្ខ​គាត់​នៅ​ថ្ងៃ​ទី​ ៨ មេសា ឆ្នាំ ១៩៤២ ថា ​ព្រះ​អង្គ​នឹង​សុគត​នៅ​ឆ្នាំ​ក្រោយ គឺ​ខែ​សីហា ឆ្នាំ ១៩៤៣។ ​ទីបំផុត ​ព្រះ​អង្គ​បាន​សុគត​ពិត​មែន​នៅ​ថ្ងៃ​ទី ២៨ សីហា ឆ្នាំ ១៩៤៣ ​ហើយ​ប៊ុលហ្ការី ​ក៏​​ក្លាយ​ប្រទេស​សង្គម​និយម​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ​ឆ្នាំ ១៩៤៤​។

ឆ្នាំ ១៩៥២៖ ​លោក​យាយ​ទាយ​ថា ​មេដឹក​នាំ​ចូសេហ្វ ស្តាលីន (Josef Stalin) នឹង​ស្លាប់ ​ហើយ​សហភាព​សូវៀត​នឹង​ដួល​រលំ។ ​ការ​ទាយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​យាយ​ត្រូវ​ជាប់​ពន្ធនាគារ​មួយ​រយៈ។ ​ចុង​ក្រោយ​ស្ដាលីន ពិត​ជា​ស្លាប់​មែន​នៅ​ថ្ងៃ​ទី ១៦ តុលា ឆ្នាំ ១៩៥២ ហើយ​សូវៀត​ពិត​ជា​ដួល​រលំ​មែន​។ ទោះ​យ៉ាង​ណា មរណភាព​របស់​មេដឹកនាំ​នេះ មិន​បាន​ធ្វើ​ឲ្យ​លោក​យាយ Vanga ​រួចផុត​ពី​ការ​ជាប់​ឃុំ​មុន​កំណត់​ឡើយ។

ឆ្នាំ ១៩៨០៖ ​លោក​យាយ​ទាយ​ជាង ២០​ឆ្នាំ​មុន​ថា Kurk នៅ​​រុស្ស៊ី នឹង​គ្រប​ដណ្ដប់​ទៅ​ដោយ​ទឹក​នៅ​ខែ​សីហា អាច​ក្នុង​ឆ្នាំ ១៩៩៩ ឬ ២០០០ ហើយ​មនុស្ស​ជុំវិញ​ភព​លោក​នឹង​ស្រក់​ទឹកភ្នែក។ រហូត​ដល់​ថ្ងៃ​ទី​ ១២​ សីហា ឆ្នាំ ២០០០ ​នាវា​មុជទឹក​រុស្ស៊ី​ដើរ​ដោយ​ថាម​ពល​​នុយក្លេអ៊ែរ បាន​​បាត់​ការ​ទាក់​ទង និង​លិច​ចូល​ទៅ​ក្នុង​សមុទ្រ Berents សម្លាប់​ក្រុម​នាវិក​ទាំង​អស់ ១១៨នាក់។

ឆ្នាំ ១៩៨៩៖ ទស្សន៍ទាយ​ថា ​បងប្អូន​អាមេរិក​នឹង​ជួប​គ្រោះ​ថ្នាក់​រន្ធត់​ក្រៃលែង​​ដោយ​មាន​បក្សី​ដែក​ទៅ​វាយ​ប្រហារ ហើយ​ដំណក់​ឈាម​មនុស្ស​ស្លូត​ត្រង់​​នឹង​ហូរ​ដាប​នៅ​ឆ្នាំ ២០០១។ ទី​បំផុត អគារ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ញូវយ៉ក ​ត្រូវ​យន្តហោះ​របស់​ក្រុម​ភេវរករ​ចំនួន ២​គ្រឿង​ហោះ​បំ​បុក​ពិត​មែន។ ​ការ​ទស្សន៍ទាយ​ពី​អតីត​កាល​នៅ​មាន​ច្រើន​​ទៀត​ដែល​គេ​មិន​អាច​រៀប​រាប់​អស់​ ហើយ​ការ​ទាយ​ខុស​ក៏​មាន​ដែរ​។

ឥឡូវ​មក​​មើល​ការ​ទស្សន៍ទាយ​ពី​អនាគត​ខាង​មុខ​វិញ​ម្ដង៖
២០២៣៖ ​គន្លង​ផែន​ដី​នឹង​ត្រូវ​ផ្លាស់​ប្ដូរ ​និង​ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កាន់​តែ​ឆេះ​សន្ធោសន្ធៅ
២០២៥៖ ​ចំនួន​ប្រជាជន​អឺរ៉ុប​នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដោយ​សារ​សង្គ្រាម
២០២៨៖ អ្នក​វិទ្យាសាស្ត្រ​គ្រោង​ធ្វើ​ដំណើរ​នៅ​កាន់​ភព​ជា​ច្រើន​ដើម្បី​ស្វែង​រក​ប្រភព​ថាមពល​សម្រាប់​ផែន​ដី
២០៣៣៖ ​កម្រិត​​ទឹក​កើន​ឡើង​ខ្លាំង​ដោយ​សារ​រលាយ​ទឹក​កក​នៅ​តំបន់​ប៉ូល

២០៤៣៖ ​ទ្វីប​អឺរ៉ុប​​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​អ្នក​កាន់​សាសនា​ឥស្លាម
២០៤៦៖ សរីរាង្គ​មនុស្ស​នានា​នឹង​ត្រូវ​បង្កើត​ឡើង​បាន។ ​ការ​ផ្លាស់ប្ដូរ​សរីរាង្គ គឺ​ជា​វិធី​​ព្យាបាល​ដ៏​ពេញ​និយម។
២០៦៦៖ មូស្លីម​នឹង​ព្យាយាម​ឈ្លាន​ពាន​ទីក្រុង​រ៉ូម និង​ទទួល​បាន​ជោគជ័យ ហើយ​​អាមេរិក​នឹង​ចេញ​មុខ​ជួយ​ដោយ​ប្រើ​អាវុធ​ធ្វើ​ឲ្យ​ត្រជាក់​កក​មួយ​រំពេច។
២០៧៦៖ ​លទ្ធិកុម្មុយនីស្ដ​រីក​រាល​ដាល​ដល់​អឺរ៉ុប និង​ពិភព​លោក។ ២០៨៨៖ ​កើត​ជំងឺ​ចម្លែក​ម្យ៉ាង​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ចាស់​ត្រឹម​តែ​ពីរ​បី​វិនាទី
២០៩៧៖ ​ជំងឺ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ និង​ព្យាបាល​ជា​សះស្បើយ។ ​ការ​ទស្សន៍​ទាយ​មាន​ច្រើន​ទៀត​រហូត​ដល់​សតវត្ស​ទី ៥១ ​គឺ​ឆ្នាំ ៥០៧៩ ​ជា​ឆ្នាំ​បញ្ចប់​នៃ​ភព​ផែន​ដី​តែ​ម្ដង​៕ (ប្រែ​សម្រួល៖ ​និស្ស័យ Angkor Fresh) ( ហាម​លួច​ចម្លង​អត្ថបទ​ដោយ​គ្មាន​ការ​អនុញ្ញាត)

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!