កូនអ្នកមានស្រលាញ់នារីរត់តុ តែចុងក្រោយឪពុកម្ដាយព្រមការឱ្យ ព្រោះឃើញរឿងពិតផ្ទាល់ភ្នែក

ស​ម័​យ​​​បច្ចុប្បន្ន មនុស្ស​​​ភាគ​​​ច្រើន​​​មើល​​​ឃើញ​​​ទឹក​​​លុយ ជាង​​​ទឹក​​​ចិត្ត ព្រោះ​​​គិត​​​ថា​​​លុយ​​​អាច​​​ទិញ​​​អ្វីៗ​​​បាន​​​ទាំង​​​អស់ ប៉ុន្តែ​​​ពេល​​​ខ្លះ​​​បែរ​​​ស្រក់​​​ទឹក​​​ភ្នែក​​​ស្ដាយ​​​ក្រោយ ដោយសារ​​​តែ​​​ទឹក​​​លុយ​​​នោះ​​​ទៅ​​​វិញ​។ ការ​​​ជ្រើសរើស​​​គូ​​​ជីវិត​​​ក៏​​​ដូច​​​គ្នា​​​ដែរ ពេល​​​ខ្លះ​​​អ្នក​​​មាន​​​ទ្រ​ព្យ​​​ចាប់​​​ផ្ដើម​​​ខ្វល់​​​ចិត្ត ខ្លាច​​​នារី​​​ភាគ​​​ច្រើន​​​ស្រលាញ់​​​ខ្លួន​​​ដោយសារ​​​លុយ មិន​​​មែន​​​ដោយសារ​​​ចិត្ត​​​ស្មោះ​​​ពិត ទើប​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ រហូត​​​ដល់​​​អ្នក​​​ខ្លះ​​​សាក​​​ចិត្ត ដោយ​​​ប​ន្លំ​​​ខ្លួន​​​ធ្វើ​​​ជា​​​អ្នក​​​ក្រ មិន​​​បង្ហាញ​​​សាវតារ​​​ពិត​​​ឡើយ​។ ជាក់​​​ស្ដែង បុរស​​​ជា​​​កូន​​​អ្នក​​​មាន​​​ម្នាក់ ទៅ​​​ស្រលាញ់​​​នារី​​​រត់​​​តុ​​​តាម​​​ហាង ក៏​​​ប​ន្លំ​​​ជា​​​អ្នក​​​ក្រ​​​បើក​​​ឡាន​​​ឲ្យ​​​គេ រហូត​​​ឪពុក​​​ម្ដាយ ឃើញ​​​ច្បាស់​​​រំភើប​​​ចិត្ត យល់​​​ព្រម​​​ឲ្យ​​​រៀប​​​ការ​។​

​ខាង​​​ក្រោម​​​នេះ ជា​​​ការ​​​រៀប​​​រាប់​​​របស់​​​បុរស​​​នោះ​៖​

"...​ខ្ញុំ​​​មិន​​​មែន​​​ជា​​​អ្នក​​​មាន​​​ខ្លាំង​​​ប៉ុន្មាន​​​ទេ ប៉ុន្តែ​​​ក៏​​​មាន​​​ក្រុមហ៊ុន​​​ផ្ទាល់​​​ខ្លួន និង​​​ឡាន​​​ស៊េរី​​​ទំនើប មាន​​​ទាំង​​​អ្នក​​​បើក​​​ជូន​​​ទៅ​​​ធ្វើ​​​ការ​​​ផង ព្រោះ​​​វា​​​ជា​​​ទ្រ​ព្យ​​​សម្បត្តិ​​​ដែល​​​ឪពុក​​​ម្ដាយ​​​ខ្ញុំ​​​ខំ​​​រក រហូត​​​ផ្ទេរ​​​មក​​​ដល់​​​ខ្ញុំ​​​​ខ្លះ​។ ថ្ងៃ​​​មួយ​​​ខ្ញុំ​​​បាន​​​បើក​​​ឡាន​​​ដោយ​​​ខ្លួន​​​ឯង​​​ទៅ​​​ញាំ​​​គុយទាវ នៅ​​​ហាង​​​មួយ​​​មិន​​​ចាំ​​​ឈ្មោះ ហើយ​​​ក៏​​​បាន​​​ជួប​​​នារី​​​រត់​​​តុ​​​ម្នាក់​​​ឈ្មោះ ជី​លីន ដែល​​​អាច​​​និយាយ​បាន​​​ថា នាង​​​ជា​​​មនុស្ស​​​ដ៏​​​សាម​ញ្ញ​​​ម្នាក់ ប៉ុន្តែ​​​សម្រស់​​​ធម្មជាតិ​​​ពិតៗ ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​ចាប់​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​។​

​គ្រាន់​​​តែ​​​បង្ហើ​រ​សំឡេង​​​មក​​​សួរ​​​ខ្ញុំ​​​ថា “​បង​​​ប្រុស​​​ចង់​​​កុម្ម៉ង់​​​អី​​​ដែរ​” ក៏​​​ធ្វើ​​ឲ្យ​​​ខ្ញុំ​​​មាន​​​អារម្មណ៍​​​ថា​​​លង់​​​ទៅ​​​ហើយ ប៉ុន្តែ​​​ព្យាយាម​​​ធ្វើ​​​ធម្មតា​។ ខ្ញុំ​​​ក៏​​​ឆ្ងល់​​​អារម្មណ៍​​​ខ្លួន​​​ឯង​​​ដែរ ហេតុអ្វី​​​រំភើប​​​ចិត្ត​​​ជាមួយ​​​កាយវិការ​​​ដ៏​​​សាម​ញ្ញ និង​​​សម្ដី​​​ដ៏​​​ទ​ន់​ភ្ល​ន់​​​បែប​​​នេះ ព្រោះ​​​ពី​​​មុន​​​មក ក៏​​​មាន​​​ការ​​​ណែនាំ​​​ឲ្យ​​​ជួប​​​នារី​​​កូន​​​អ្នក​​​មាន​​​ជា​​​ច្រើន​​​ដែរ តែ​​​ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​បាន​​​ចរិត​​​ឆ្មើង​​​ឆ្មៃ និង​​​ការ​​​លេង​​​ខ្លួន តុ​ប​​​តែង សម្ដី​​​មិន​​​សម​រម្យ​។​

​ក្រោយ​​​ពេល​​​បាន​​​ញាំ​​​លើក​​​ទី​១ ហើយ ខ្ញុំ​​​ក៏​​​បន្ត​​​ទៅ​​​ទី​នោះ រហូត​​​លើក​​​ទី​៥ ខ្ញុំ​​​ដាច់​​​ចិត្ត​​​សុំ​​​លេខ​​​ទូរ​សព្ទ​​​នាង​​​ទាំង​​​មុខ​​​ក្រាស់​។ នៅ​​​ពេល​​​យ​ប់ ខ្ញុំ​​​ក៏​​​តេ​​​ទៅ​​​នាង និយាយ​​​លេង​​​សើច​​​ជា​​​មួយ​​​គ្នា តែ​​​នាង​​​ក៏​​​មិន​​​ដែល​​​សួរ​​​អី​​​ពី​​​ខ្ញុំ​​​ដែរ​។ យូរៗ​​​ទៅ បេះដូង​​​កាន់​​​តែ​​​រញ្ជួយ ខ្ញុំ​​​ក៏​​​ដាច់​​​ចិត្ត​​​សួរ​​​ពី​​​ប្រវត្តិ​​​នាង ទើប​​​នាង​​​ប្រាប់​​​ថា នាង​​​ត្រូវ​​​ឡើង​​​មក​​​ក្រុង រក​​​ការងារ​​​ធ្វើ ដើម្បី​​​លោះ​​​បំណុល​​​ឪពុក​​​ម្ដាយ​​​នៅ​​​ស្រុក ព្រោះ​​​បង​​​ប្រុស​​​នាង​​​លេង​​​ល្បែង​​​ជំពាក់​​​គេ​​​ជុំ​​​ទិស​។​

ខ្ញុំ​​​ក៏​​​បាន​​​ប្រាប់​​​នាង​​​ថា ខ្ញុំ​​​ជា​​​អ្នក​​​មាន មាន​​​ឡាន មាន​​​ក្រុមហ៊ុន ថែម​ទាំង​​​យល់​​ព្រម​​​សង​​​បំណុល​ឲ្យ​​​គ្រួសារ​​​នាង​​​ផង​។ គិត​​​ទៅ ខ្ញុំ​​​ប្រហែល​​​ជា​​​ខុស ព្រោះ​​​យក​​​លុយ ឡាន ទៅ​​​ធ្វើ​​​ជា​​​ធ្នា​ក់ ឲ្យ​​​នាង​​​លង់​​​ស្នេហ៍ តែ​​​នាង​​​មើល​​​ទៅ​​​ពិត​​​ជា​​​ចរិត​​​ល្អ គួរ​​​ឲ្យ​​​ខ្ញុំ​​​ស្រលាញ់​​​មែន ទើប​​​គិត​​​ថា​​​ការ​​​ធ្វើ​​​បែប​​​នេះ​​​មិន​​​ខុស​។ ណា​​​មួយ ខ្ញុំ​​​ចង់​​​អួត​​​ខ្លះ​​​ដែរ ព្រោះ​​​ដើម្បី​​​ទាក់​​​ទង​​​នាង​​​ឆាប់​។ យើង​​​បាន​​​ដើរ​​​លេង​​​ជាមួយ​​​គ្នា​​​ញឹក​​​ញាប់ ដោយ​​​ប្រើ​​​ឡាន​​​ស៊េរី​​​ទំនើប​​​របស់​​​ខ្ញុំ ហើយ​​​ចេញ​​​ពី​​​ធ្វើការ​​​ខ្ញុំ​​​តែង​​​ទៅ​​​ទទួល​​​នាង ជូន​​​នាង​​​ទៅ​​​ផ្ទះ​​​ជួល​​​វិញ​។​

ក្រោយ​​​មក ដំណឹង​​​មួយ​​​នេះ បាន​​​ធ្លាយ​​​ដល់​​​ឪពុក​​​ម្ដាយ​​​ខ្ញុំ ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​អន់​​​ចិត្ត​​​យ៉ាង​​​ខ្លាំង ព្រោះ​​​ណែនាំ​​​អ្នក​​​មាន​​​ឲ្យ បែរ​​​ជា​​​មិន​​​ស្រលាញ់ ទៅ​​​ស្រលាញ់​​​នារី​​​រត់​​​តុ​។ ខ្ញុំ​​​បាន​​​រៀប​​​រាប់​​​ប្រាប់​​​គាត់​​​ថា នាង​​​ជា​​​មនុស្ស​​​ល្អ អាច​​​មើល​​​ថែ​​​ទ្រ​ព្យ​​​សម្បត្តិ​​​ដែល​​​ខ្ញុំ​​​មាន​​​ឲ្យ​​​គង់​វ​ង្ស​​​ទៅ​​​ថ្ងៃ​​​ក្រោយ​។ ប៉ុន្តែ​​​ឪពុក​​​ម្ដាយ​​​ខ្ញុំ ចេះ​​​តែ​​​ប្រកែក​​​ថា មិន​​​មែន​​​ស្នេហ៍​​​ស្មោះ​​​ទេ គឺ​​​នាង​​​មើល​​​ឃើញ​​​លុយ ស្រលាញ់​​​អ្នក​​​មាន​​​ប៉ុណ្ណោះ មិន​​​មែន​​​ស្រលាញ់​​​ខ្ញុំ​​​ទេ ហើយ​​​ក៏​​​ប្រហែល​​​គ្មាន​​​ចិត្ត​​​ស្មោះ​​​ដែរ​។​

ដើម្បី​​​ឲ្យ​​​ដឹង​​​ការ​​​ពិត ខ្ញុំ​​​ក៏​​​ធ្វើ​​​ជា​​​សាក​​​ចិត្ត ហើយ​​​ថ្ងៃ​​​មួយ​​​​ខ្ញុំ​​​បាន​​​ដឹក​​​ឪពុក​​​ម្ដាយ​​​ខ្ញុំ​​​ទៅ ដោយ​​​គាត់​​​អង្គុយ​​​ពី​​​ក្រោយ​​​ទាំង​​២​​នាក់​។ នាង​​​ជា​​​អ្នក​​​រត់​​​តុ​​​ដូច​​​រាល់​​​ដង ប៉ុន្តែ​​​ថ្ងៃ​​​នោះ​​​ខ្ញុំ​​​អត់​​​បាន​​​ចូល​​​តុ​​​ទេ គឺ​​​នៅ​​​ឈ​រ​​​យាម​​​ឡាន ធ្វើ​​​ជា​​​អ្នក​​​បើក​​​ឡាន ចំណែក​​​ឪពុក​​​ម្ដាយ​​​ខ្ញុំ​​​ចូល​​​ទៅ​​​ទទួល​​​ទាន​​​គុយទាវ ដើម្បី​​​មើល​​​ពី​​​ចរិត​​​នាង​​​ផង​។ នាង​​​បាន​​​ឃើញ​​​ខ្ញុំ​​​នៅ​​​ខាង​​​ក្រៅ បែប​​​ទឹក​​​មុខ​​​ងឿ​ង​​​ឆ្ងល់ តែ​​​មិន​​​បាន​​​និយាយ​​​គ្នា​​​ឡើយ ព្រោះ​​​នាង​​​រ​វល់​​​រត់​​​តុ ឯ​​​ខ្ញុំ​​​នៅ​​​ខាង​​​ក្រៅ​។​

យ​ប់​​​នោះ ខ្ញុំ​​​បាន​​​តេ​​​ទៅ​​​នាង ប្រាប់​​​នាង​​​ថា៖ “​ជី​លីន បង​​​ជា​​​អ្នក​​​បើក​​​ឡាន​​​ឲ្យ​​​គេ​​​ទេ លុយ​​​ដែល​​​បង​​​ជួយ​​​អូន គឺ​​​ខ្ចី​​​ពី​​​ថៅកែ ហើយ​​​ឡាន​​​នោះ​​​គឺ​​​ឡាន​​​ថៅកែ​… សុំ​​​ទោស​​​បង​​​ធ្វើ​​​បែប​​​នេះ ព្រោះ​​​បង​​​ស្រលាញ់​​​អូន តែ​​​បង​​​មិន​​​អាច​​​លាក់​​​អូន​​​រហូត​​​ទេ​…. កុំ​​​ទៅ​​​ណា​​​ចោល​​​បង​​​បាន​​​ទេ​?”​។ ស្ដាប់​​​ចប់​​​ភ្លាម ជី​លីន មិន​​​បាន​​​និយាយ​​​អី​​​ទេ ប​ន្តិ​ច​​​ក្រោយ​​​មក ក៏​​​លឺ​​​សំឡេង​​​យំ រួច​​​បិទ​​​ទូរ​សព្ទ​​​បាត់​។

​ខ្ញុំ​​​គិត​​​ថា ប្រាកដ​​​ជា​​​នាង​​​ខឹង នាង​​​មិន​​​បាន​​​ស្រលាញ់​​​ខ្ញុំ​​​ទេ គឺ​​​ស្រលាញ់​​​ព្រោះ​​​ខ្ញុំ​​​ជា​​​អ្នក​​​មាន​​​ប៉ុណ្ណោះ​។ ខ្ញុំ​​​ក៏​​​មាន​​​ចិត្ត​​​ខឹង​​​នាង​​​ដែរ ទើប​​​សម្រេច​​​ចិត្ត​​​ទៅ​​​និយាយ​​​ការ​​​ពិត ឲ្យ​​​ដឹង​​​គ្នា​​​ម្ដង ឲ្យ​​​ដឹង​​​ថា​​​នាង​​​ជា​​​ស្រី​​​មុខ​​​លុយ​។ ខ្ញុំ​​​បាន​​​បើក​​​ឡាន ទៅ​​​ម្ដង​​​ទៀត ដោយ​​​ដឹក​​​ឪពុក​​​ម្ដាយ​​​ខ្ញុំ​​​ទៅ​​​ពិសា​​​គុយទាវ​​​ដូច​​​មុន​។ ខ្ញុំ​​​គិត​​​ថា ចាំ​​​ឪពុក​​​ម្ដាយ​​​ពិសា​​​គុយទាវ​​​រួច ចាំ​​​និយាយ​​​ឲ្យ​​​នាង​​​ឈឺ​​​ចាប់​​​ម្ដង ចាំ​​​ប្រាប់​​​ថា​​​ខ្ញុំ​​​ជា​​​កូន​​​អ្នក​​​មាន មិន​​​មែន​​​អ្នក​​​ក្រ​​​បើក​​​ឡាន​​​ឲ្យ​​​គេ​​​ទេ​។ ប៉ុន្តែ​​​ខ្ញុំ​​​​ពិត​​​ជា​​​នឹក​​​ស្មាន​​​មិន​​​ដល់ នាង​​​បាន​​​យក​​​លុយ​​​គ្រប់​​​ចំនួន ដែល​​​ខ្ញុំ​​​ជួយ​​​នាង មក​​​ឲ្យ​​​ខ្ញុំ រួច​​​ប្រាប់​​​ថា ជា​​​លុយ​​​ដែល​​​នាង​​​ស​ន្សំ និង​​​ខ្ចី​​​ប្រាក់​​​ខែ​​​ពី​​​ថៅ​​​កែ ២​​ឆ្នាំ​​​មុន ព្រោះ​​​នាង​​​អាណិត​​​ខ្ញុំ ដែល​​​ខ្ចី​​​លុយ​​​គេ​​​មក​​​ជួយ​​​នាង និង​​​ខ្លាច​​​ដឹង​​​រឿង យក​​​ឡាន​​​មក​​​ដឹក​​​នាង​​​ដើរ​​​លេង​​​ផង​។​

​ខ្ញុំ​​​ចាប់​​​ផ្ដើម​​​គាំង ព្រោះ​​​មិន​​​ដឹង​​​និយាយ​​​ពី​​​អី ស្រាប់​​​តែ​​​នាង​​​អូស​​​ដៃ​​​ខ្ញុំ​​​ទៅ​​​ជិត​​​ឡាន រួច​​​និយាយ​​​ដោយ​​​ក្ដុក​​​ក្ដួល​​​ចិត្ត​​​ថា​៖ “​អូន​​​ស្អប់​​​បង អូន​​​ខឹង​​​បង ហេតុ​​​អ្វី​​​មិន​​​ប្រាប់​​​ការ​​​ពិត ហេតុ​​​អី ចង់​​​ធ្វើ​​​ឡូយ ដើម្បី​​​ឲ្យ​​​អូន​​​ស្រលាញ់​… អូន​​​ស្រលាញ់ ទោះ​​​បង​​​ជា​​​អ្វី​​​ក៏​​​ដោយ​… ទ្រ​ព្យ​​​សម្បត្តិ​​​អស្ចារ្យ​​​មែន តែ​​​មិន​​​អាច​​​ទិញ​​​ក្ដី​​​ស្រលាញ់​​​ដ៏​​​ស្មោះ​​​បាន​​​ទេ​… អូន​​​នៅ​​​តែ​​​ស្រលាញ់​​​បង​​​ជា​​​បង ទោះ​​​បង​​​ជា​​​អ្នក​​​បើក​​​ឡាន​​​ឲ្យ​​​គេ ឲ្យ​​​តែ​​​ស្រលាញ់​​​ស្មោះ ថ្ងៃ​​​ក្រោយ​​​យើង​​​អាច​​​រក​​​លុយ​​​បាន​​​ហើយ​”​។​

​ទឹក​​​ភ្នែក​​​ខ្ញុំ ចាប់​​​ផ្ដើម​​​រ​មៀ​ល​​​ស្រក់​​​ចុះ សម្ដី​​​ដែល​​​លាក់​​​ទុក​​​ក្នុង​​​មាត់ ចង់​​​និយាយ​​​ដៀល​​​នាង​​​ថា “​ស្រី​​​មុខ​​​លុយ​” ក៏​​​រលាយ​​​បាត់​​​អស់ ប្ដូរ​​​មក​​​វិញ​​​នូ​វ​​​ការ​​​ស្រលាញ់ និង​​​អាណិត​​​ពេញ​​​បេះដូង​។ ចំណែក​​​ឪពុក​​​ម្ដាយ​​​ខ្ញុំ បាន​​​លួច​​​ស្ដាប់​​​ជិត​​​ឡាន​​​នោះ ក៏​​​បង្ហាញ​​​ខ្លួន ដោយ​​​ការ​​​រំភើប​​​ចិត្ត​​​ពេក​​​ក្រៃ​។​

​“​ជី​លីន នាង​​​ពិត​​​ជា​​​មាន​​​ចរិត​​​ល្អ ស្រលាញ់​​​ស្មោះ ដូច​​​កូន​​​មីង​​​បាន​​​និយាយ​​​មែន​។​” ម្ដាយ​​​ខ្ញុំ​​​បាន​​​និយាយ​​​ដាក់​​​នាង​។ ជី​លីន លឺ​​​ភ្លាម ក៏​​​ភាំង​​​ចិត្ត​​​ម្ដង​​​ទៀត ព្រោះ​​​មិន​​​នឹក​​​ស្មាន​​​ដល់​​​ថា នេះ​​​ជា​​​ការ​​​សាក​​​ចិត្ត​​​ឡើយ​។ យ៉ាង​​​ណា ពេល​​​នោះ ឪពុក​​​ម្ដាយ​​​បាន​​​យល់​​​ព្រម​​​ឲ្យ​​​ខ្ញុំ រៀបការ​​​ជាមួយ​​​នាង ឈ​ប់​​​ឲ្យ​​​នាង​​​ធ្វើ​​​ជា​​​អ្នក​​​រត់​តុ រហូត​​​ពេល​​​នេះ​​​មាន​​​កូន ២​​នាក់​​​ទៅ​​​ហើយ​។ យើង​​​រស់នៅ​​​ជាមួយ​​​គ្នា​​​ដោយ​​​សុភម​ង្គ​ល ព្រោះ​​​ការ​​​ស្រលាញ់​​​គ្នា យោគ​យល់​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក ហើយ​​​ជំនួញ​​​របស់​​​ខ្ញុំ​​​ក៏​​​រីក​​​ចម្រើន​​​លឿន រហូត​​​ឪពុក​​​ម្ដាយ​​​លាន់​​​មាត់​។ ចំណែក​​​ឪពុក​​​ម្ដាយ ជី​លីន ក៏​​​ខ្ញុំ​​​បាន​​​ជួយ​​​ឲ្យ​​​រស់​​​ស្រួល​​​ប​ន្តិ​ច​​​ដែរ ព្រោះ ជី​លីន បាន​​​ជួយ​​​ការងារ​​​ជា​​​ច្រើន​​​ឲ្យ​​​រីក​​​ចម្រើន ទោះ​​​នាង​​​មិន​​​សូវ​​​បាន​​​រៀន​​​ខ្ពស់​​​ក៏​​​ដោយ​។​

រឿង​​​ខាង​​​លើ​​​នេះ ចង់​​​បង្ហាញ​​​ថា ក្ដី​​​ស្រលាញ់​​​ពិត អាច​​​ឃើញ​​​ច្បាស់​​​នៅ​​​គ្រា​​​ក្រ​។ មនុស្ស​​​ភាគ​​​ច្រើន ស្រលាញ់​​​ពេល​​​សប្បាយ ស្រលាញ់​​​ពេល​​​មាន​​​លុយ និង​​​មើល​​​ឃើញ​​​ផល​​​ប្រយោជន៍ លុះ​​​លែង​​​មាន​​​ផល​​​ប្រយោជន៍ ក៏​​​អស់​​​ក្ដី​​​ស្រលាញ់​​​ដូច​​​គ្នា​។ បើ​​​ចង់​​​រក​​​មនុស្ស​​​ម្នាក់​​​ដែល​​​ស្រលាញ់​​​ស្មោះ សូម​​​កុំ​​​បង្ហាញ​​​អ្វី​​​ដែល​​​អ្នក​​​មាន ព្យាយាម​​​ទ​ម្លាក់​​​ខ្លួន​​​ឲ្យ​​​ដល់​​​បាត​​​សិន នោះ​​​អ្នក​​​នឹង​​​ដឹង​​​ថា​​​ន​រណា​​​ស្រលាញ់​​​អ្នក​​​ពិត​៕ (​អត្ថបទ​​​ប្រែ​​​សម្រួល និង​​​សរសេរ​​ដោយ Angkor Fresh ហាម​​​លួច​ច​​​ម្ល​ង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​)​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!