ឆ្កែមួយក្បាលទ្រាំកកក្រោមព្រិលធ្លាក់ ២ថ្ងៃ ការពារក្មេងប្រុសម្នាក់ឱ្យនៅមានជីវិត ទាំងមិននឹកស្មានដល់

ក្រោម​​​សីតុណ្ហភាព​​​ប្រមាណ​​​ដក ២០​​អង្សា ពេល​ដែល​ព្រិល​កំពុង​ធ្លាក់​ខ្លាំង ក្រុម​​​អ្នក​​​ជួយ​​​សង្គ្រោះ​​​បាន​​​ប្រញាប់​​​ប្រញាល់​​​ទាញ​​​សុន​ខ​​​មួយ​​​ក្បាល ដែល​​​ទ្រាំ​​​កក​​​ក្រោម​​​ព្រិល ២​​ថ្ងៃ​​​មក​​​ហើយ​។ ប៉ុន្តែ​​​អ្វី​​​ដែល​​​គួរ​​​ឱ្យ​​​ភ្ញាក់​​​ផ្អើល សុន​ខ​​​នោះ​​​មិន​​​មែន​​​នៅ​​​តែ​​​ឯង​​​ទេ វា​​​បាន​​​ការពារ​​​ក្មេង​​​ប្រុស​​​អាយុ ២​​ឆ្នាំ​​​ម្នាក់​​​នៅ​​​ជាមួយ​។ ក្រោយ​​​មក ក្មេង​​​ប្រុស​​​នោះ​​​បាន​​​រស់រាន​​​មាន​​​ជីវិត​​​ឡើង​​​វិញ ទាំង​មិន​គួរ​ឱ្យ​ជឿ។

​ហេតុការណ៍​​​នេះ បាន​​​កើត​​​ឡើង​​​នៅ​​​តំបន់ Altai ប្រទេស​​​រុស្ស៊ី​។ បើ​​​តាម​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​សមត្ថកិច្ច​​​បាន​​​ឱ្យ​​​ដឹង​​​ថា ក្មេង​​​ប្រុស​​​អាយុ ២​​ឆ្នាំ​​​នេះ ត្រូវ​​​បាន​​​ម្ដាយ​​​ចិត្ត​​​ឃោរឃៅ​​​យក​​​ទៅ​​​កប់​​​ចោល​​​ទាំង​​​រស់​​​នៅ​​​តំបន់​​​ដែល​​​ធ្លាក់​​​ព្រិល​​​នោះ​។ ប៉ុន្តែ​​​មូលហេតុ​​​ដែល​​​ស្ត្រី​​​ចិត្ត​​​អប្រិយ យក​​​កូន​​​ទៅ​​​បោះ​​​ចោល នៅ​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​។ ក្រោយ​​​មក អ្នក​​​នៅ​​​ក្បែរ​​​នោះ បាន​​​ប្រទះ​​​ឃើញ​​​ឆ្កែ​​​កក​​​ជាប់​​​ក្រោម​​​ព្រិល ក៏​​​ប្រាប់​​​ក្រុម​​​អ្នក​​​ជួយ​​​សង្គ្រោះ​។

​ក្រុម​​​អ្នក​​​ជួយ​​​សង្គ្រោះ​​​សត្វ ក៏​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​កើត​​​ហេតុ និង​​​ប្រញាប់​​​ប្រញាល់​​​ទាញ​​​សុន​ខ​​​នោះ​​​ចេញ​​​មក​​​វិញ ប៉ុន្តែ​​​បែរ​​​ប្រទះ​​​ឃើញ​​​ក្មេង​​​រង​​​គ្រោះ​​​នៅ​​​ទី​​​នោះ​​​ដែរ​។ បើ​​​តាម​​​សភាព​​​ជាក់​​​ស្ដែង ក្រោម​​​សីតុណ្ហភាព​​​ដក ២០​​អង្សា ក្មេង​​​នោះ​​​គ្មាន​​​ឱកាស​​​នឹង​​​រស់​​​បាន​​​ដល់ ២​​ថ្ងៃ​​​ឡើយ ប៉ុន្តែ​​​បែរ​​​ជា​​​មាន​​​សុន​ខ​​​ចិត្ត​​​ធ​ម៌ មក​​​ការពារ​​​ដោយ​​​ដេក​​​ពី​​​លើ​​​ទ្រាំ​​​ក្រោម​​​ព្រិល ព្រោះ​​​មិន​​​ដឹង​​​ថា​​​ជួយ​​​ក្មេង​​​នោះ​​​ដោយ​​​របៀប​​​ណា​។​

​តាម​​​ប្រភព​​​ព័ត៌មាន​​​ដដែល​​​បាន​​​ឱ្យ​​​ដឹង​​​ថា ម្ដាយ​​​ដែល​​​បាន​​​យក​​​ក្មេង​​​នេះ​​​ទៅ​​​បោះ​​​បង់​​​ចោល ត្រូវ​​​បាន​​​សមត្ថកិច្ច​​​ឃាត់​​​ខ្លួន​​​ហើយ ដោយ​​​អាច​​​ប្រឈម​​​មុខ​​​នឹង​​​ទោស​​​ទ​ណ្ឌ​​​ផង​​​ដែរ​។ ចំណែក​​​ក្មេង​​​ប្រុស និង​​​សុន​ខ កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​ព្យាបាល​។ សុន​ខ​​​នេះ មិន​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ឡើយ ព្រោះ​​​វា​​​មាន​​​ប្រព័ន្ធ​​​ភាព​​​សាំ​​​នឹង​​​អាកាស​​​ធាតុ ដែល​​​អាច​​​ទ្រាំ​​​បាន​​​ក្នុង​​​រយៈ​​​ពេល​​​យូរ មិន​​​ធ្វើ​​​ឱ្យ​​​ឈាម​​​កក​។ មនុស្ស​​​ជា​​​ច្រើន បាន​​​សម្ដែង​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង ពេល​​​ឃើញ​​​ពី​​​ទឹក​​​ចិត្ត​​​ជួយ​​​សង្គ្រោះ​​​របស់​​​សុន​ខ​​​មួយ​​​ក្បាល​​​នេះ​៕ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!