ជូន​ឪពុក​ម្ដាយ​ទៅ​ដណ្ដឹង​កូន​គេ ឃើញ​ផ្ទះ​ជញ្ជាំង​​ស្លឹក​គ្រួសារ​ក្រ បែរ​និយាយ​ពាក្យ​មួយ​ឃ្លា ឲ្យ​គ្រប់​គ្នា​រំភើប​ចិត្ត

ការ​ជ្រើសរើស​គូ​ស្រករ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត ព្រោះ​ត្រូវ​ដើរ​ផ្លូវ​រួម​គ្នា​ជា​ច្រើន​ឆ្នាំ រួម​សុខ រួម​ទុក្ខ គ្រប់​ពេល​វេលា។ បើ​ទោះ​មាន​ទស្សនៈ​មួយ​ចំនួន​លើក​ឡើង​ថា «អ្នក​មាន​រត់​រក​តែ​អ្នក​មាន» ក៏​នៅ​មាន​ឪពុក​ម្ដាយ​ជា​ច្រើន គិត​ពី​សេចក្ដី​សុខ​របស់​កូន ជា​ជាង​ទំហំ​ទឹក​ទ្រព្យ​សម្បត្តិ។ ជាក់​ស្ដែង គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ហាក់​ធូរធារ​គ្រាន់​បើ បាន​ទៅ​ដណ្ដឹង​នារី​ម្នាក់​ឲ្យ​កូន​ប្រុស ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះ​ឃើញ​សភាព​ជាក់​ស្ដែង កាន់​តែ​មាន​ចិត្ត​អាណិត​ខ្លាំង​ឡើង ដោយ​មិន​មាន​ការ​ប្ដូរ​ចិត្ត​ឡើយ។

ម្ចាស់​គណនី Facebook ដែល​មាន​ឈ្មោះ Sandy Sa បាន​រៀប​រាប់​ថា អ្នក​ស្រី​បាន​ជូន​ឪពុក​ម្ដាយ ទៅ​ស្ដី​ដណ្ដឹង​នារី​ម្នាក់​នៅ​ខេត្ត​បាត់​ដំបង​ឲ្យ​បង​ប្រុស​របស់​ខ្លួន។ ពេល​ដែល​ទៅ​ដល់ គឺ​ឃើញ​សភាព​គួរ​ឲ្យ​អាណិត ផ្ទះ​ជញ្ជាំង​ស្លឹក ឯ​កូន​ក្រមុំ​ជា​មនុស្ស​កំព្រា​ឪពុក​ម្ដាយ។ មិន​ត្រឹម​តែ​អាណិត​ប៉ុណ្ណោះ​ទេ បង​ស្រី Sandy Sa ថែម​ទាំង​និយាយ​ពាក្យ​មួយ​ឃ្លា​ថា «ក្រ​ទ្រព្យ​កុំ​អោយ​តែ​ក្រ​ចិត្ត​ណា​ពៅ​ ។ នឹក​ឃើញ​ផ្ទះ​ខ្លួន​ឯង​ពី​មុន​ក៏​បែប​នឹង​ (មនុស្ស​សូម​កុំ​មើល​ងាយ​មនុស្ស)»។

ពាក្យ​សម្ដី​អម​ជាមួយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ដែល​បង្ហោះ ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​រំភើប​ចិត្ត និង​ចែក​រំលែក​រាប់​ពាន់​ដង ត្រឹម​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ចំណែក​អ្នក​ខ្លះ បាន Comment ពាក្យ​សរសើរ​ជា​ច្រើន​ដល់​គ្រួសារ​បង​ស្រី Sandy Sa ដែល​មិន​ប្រកាន់​វណ្ណៈ។ បុរស​ម្នាក់​ឈ្មោះ Narith Keo បាន Comment ថា៖ «និយាយ​ត្រូវ មនុស្ស​កុំ​មើល​ងាយ​មនុស្ស វាស​នា​យើង​មើល​មិន​ឃើញ​ទេ»។ ចំណែក​ម្ចាស់​គណនី Facebook ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ Sothy Sothy បាន Comment ថា៖ «មិន​ថា​មាន​ក្រ​ទេ សំខាន់​ស្នេហ៍​ស្មោះ​និង​ចេះ​ស្រលាញ់​គ្នា ប្រាក់​អាច​រក​បាន​តាម​ក្រោយ ហើយ​ប្រាក់​ក៏​កើត​ក្រោយ​មនុស្ស​ដែរ»។

ប្អូន​ស្រី​របស់​កូន​កំលោះ បាន​រៀប​រាប់​ថា ពី​មុន​មក គ្រួសារ​ខ្លួន​ក៏​ធ្លាប់​ក្រ​លំបាក គឺ​ក្រ​ជាង​គ្រួសារ​ខាង​ស្រី​នេះ​ទៅ​ទៀត ប៉ុន្តែ​ការ​តស៊ូ​ទើប​ធ្វើ​ឲ្យ​គ្រួសារ​ខ្លួន​មាន​ជីវភាព​ធូរធារ​ឡើង ដោយ​មិន​ធ្លាប់​ភ្លេច​អតីតកាល និង​រើស​អើង​អ្នក​ក្រ​ឡើយ។ ចំណែក​បង​ប្រុស​របស់​ខ្លួន ជា​ជាង​ឡាន ហើយ​បង​ប្អូន​បាន​ជ្រោមជ្រែង​បើក​ការ៉ាស់​ឡាន​ឲ្យ​មួយ ត្រៀម​ពេល​រៀប​ការ​រួច។ អ្នក​ទាំង​២ នឹង​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។
«ក្រ​ទ្រព្យ​ក៏​ក្រ​ចុះ កុំ​ឲ្យ​ក្រ​ចិត្ត» នេះ​ជា​ពាក្យ​ដែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​បុរាណ ហើយ​ចាស់​ៗ​មួយ​ចំនួន​ក៏​កំពុង​គាស់​កកាយ​ឡើង​វិញ ដើម្បី​ធ្វើ​ជា​​គោលការណ៍​ក្នុង​ការ​ជ្រើស​រើស​គូ​ស្រករ​ដល់​កូនៗ។ អ្នក​មាន ច្បាស់​ណាស់​ថា​ចង់​បាន​កិត្តិយស ចង់​ឲ្យ​កូន​ស្រី-ប្រុស រៀប​ការ​ជាមួយ​អ្នក​មាន​ដូច​គ្នា ដើម្បី​ទទួល​បាន​នូវ​ក្ដី​សុខ។ ​ប៉ុន្តែ​មិន​មែន​មាន​ទ្រព្យ សុទ្ធតែ​អាច​ទិញ​បាន​សុភមង្គល​នោះ​ទេ។


អ្នក​ស្រី Sandy Sa

កាល​ពី​មុន​មាន​ពាក្យ​ថា «អ្នក​មាន គេ​រត់​រក​អ្នក​មាន​គ្នា​គេ» ដែល​បញ្ជាក់​ថា ជា​ការ​រើស​អើង​វណ្ណៈ តាម​រយៈ​សង្គម​មួយ​ដែល​មើល​ឃើញ​ទឹក​លុយ ធំ​ជាង​ទឹក​ចិត្ត។ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន ឪពុក​-ម្ដាយ​ភាគ​ច្រើន ស្រាប់​តែ​ប្ដូរ​មក​និយាយ​ថា «កូន​ឯង​ស្រលាញ់​គ្នា​ជាមួយ​អ្នក​ មក​ប្រាប់​ឲ្យ​ចាស់​ទុំ​ដឹង​លឺ​មក ការ​ឲ្យ​តែ​ម្ដង»។

ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​នេះ ដោយសារ​គេ​យល់​ថា ទោះ​បី​មាន​ទ្រព្យ​ច្រើន​យ៉ាង​ណា បើ​ជ្រើស​រើស​គូ​ស្រករ​ខុស ប្រាកដ​ជា​រង​ទឹក​ភ្នែក​មិន​ខាន។ អ្នក​ក្រ​គ្មាន​ទ្រព្យ ពេល​ខ្លះ​ចេះ​តស៊ូ ចេះ​កិច្ច​ការ​គ្រប់​សព្វ ព្រោះ​ធ្លាប់​ឆ្លង​កាត់​នូវ​ការ​លំបាក​នានា ជា​ការ​លត់ដំ​ក្នុង​ឆាក​ជីវិត។ ប៉ុន្តែ​កូន​អ្នក​មាន​ខ្លះ គិត​ថា​មាន​លុយ​ចាយ​ស្រួល មិន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​យក​បទ​ពិសោធន៍​ជីវិត​ឡើយ ហើយ​ពេល​រៀប​ការ​បែរ​ចេញ​ចរិត ឫកពា ជា​កូន​អ្នក​មាន មិន​ខ្វល់​នរណា មិន​ចេះ​ធ្វើ​អ្វី។

បើ​ទ្រព្យ​សម្បត្តិ សុទ្ធតែ​អាច​បំពេញ​ន័យ​ឲ្យ​ជីវិត​បាន ហេតុ​អ្វី​អ្នក​មាន​មួយ​ចំនួន នៅ​តែ​ធ្វើ​ការ​មិន​ចេះ​ចប់ ធ្វើ​ដោយ​គ្មាន​ពេល​សម្រាក? បើ​មនុស្ស​ស្អាតៗ សុទ្ធតែ​មាន​ស្នេហា​ផ្អែម​ល្ហែម ចុះ​ហេតុអ្វី​តារា​ល្បី​ៗ​រៀប​ការ​ជាមួយ​គ្នា​រួច លែង​លះ​គ្នា​វិញ? បើ​អ្នក​ធំ​សុទ្ធ​តែ​មាន​អំណាច ចុះ​ហេតុ​អ្វី​កោត​ខ្លាច​គ្រប់​ពេល ត្រូវ​ការ​អង្គរក្ស​ជាប់​ខ្លួន​ជា​និច្ច​នោះ?

ជីវិត​ត្រូវ​ប្រឹង​ប្រែង​តស៊ូ​ជានិច្ច តែ​មិន​អាច​លោភលន់ រហូត​ភ្លេច​គិត​ពី​សុភមង្គល​ខ្លួន​ឯង​នោះ​ទេ។ រៀប​ការ​ជាមួយ​នារី​កូន​អ្នក​មាន និង​ស្អាត តែ​ចេះ​ត្រឹម​ធ្វើ​ខ្លួន មិន​ចេះ​ធ្វើ​ម្ហូប និង​រៀប​ការ​ជាមួយ​កូន​ស្រី​អ្នក​ក្រ តែ​ចរិត​ល្អ ចេះ​ទុក​ដាក់ និង​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ​យ៉ាង​រីក​រាយ​រាល់​ថ្ងៃ។ តើ​អ្នក​នឹង​ជ្រើស​រើស​យក​មួយ​ណា? មនុស្ស​ពេល​ស្លាប់​ទៅ​វិញ មិន​អាច​យក​ទ្រព្យ​សម្បត្តិ​ណា​ទៅ​ជាមួយ​ទេ ប៉ុន្តែ​អាច​រក្សា​ទុក​នូវ​ការ​ចង​ចាំ​សម្រាប់​រាល់​គ្នា៕ ​​​(អត្ថបទ​​សរសេរ​ដោយ Angkor Fresh ហាម​លួចច​ម្លង​ដោយ​គ្មាន​ការ​អនុញ្ញាត)

អត្ថបទ​ដោយ៖ ឈួរ គីមហ្គិច

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!