អ្នកចូលចិត្តកោសខ្យល់ ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត បើមិនបានដឹងច្បាស់ពីជំងឺអស់នេះ

ពេល​ផ្ដាសាយ ឈឺ​ក្បាល ឬ​មាន​គ្រុន​ញ័រញាក់​ជា​ដើម ទម្លាប់​ប្រជាជន​ខ្មែរ​ភាគ​ច្រើន នាំ​គ្នា​កោស​ខ្យល់ ដើម្បី​សម្រាល​ការ​ឈឺ​ចាប់។ តាម​ពិត ការ​ធ្វើ​បែប​នេះ ពិត​ជា​អាច​បន្ថយ​ការ​ឈឺ​ចាប់​ខ្លះ​មែន ព្រោះ​ជាតិ​សាលីសាឡាត់ នៅ​ក្នុង​ប្រេង​ខ្យល់ និង​ប្រេងកូឡា បាន​ជ្រាប​ចូល​ទៅ​ក្នុង ជួយ​សម្រួល និង​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់ ដោយ​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន។ ប៉ុន្តែ​ទម្លាប់​ធ្វើ​បែប​នេះ ក៏​អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់​ផង​ដែរ។

តាម​ក្បួន​វេជ្ជសាស្ត្រ​ទំនើប គឺ​មិន​គួរ​ទម្លាប់​កោស​ខ្យល់​ឡើយ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម។ ប៉ុន្តែ​បើ​មាន​សុខភាព​ល្អ និង​ធ្វើ​ឡើង​ម្ដង​ម្កាល គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​កោស​រហូត​ដល់​បែក​គ្រាប់​ឈាម។ បើ​តាម​វេជ្ជបណ្ឌិត​ជំនាញ បាន​បញ្ជាក់​ថា ការ​កោស​ខ្យល់​ខ្លាំង អាច​បណ្ដាល​ឱ្យ​បែក ឬ​ដាច់​សរសៃ​ឈាម​តូច​ៗ​នៅ​ក្រោម ដែល​អ្នក​បាន​ឃើញ​ពណ៌​ក្រហម ពេល​កោស​រួច​នោះ។

ការ​ប្រើ​កម្លាំង​ដៃ​សង្កត់​ខ្លាំង​តាម​រយៈ​កាក់ ឬ​សេន គឺ​ប្រៀប​ដូច​ជា​ច្របាច់​សរសៃ​ឈាម ដែល​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​មាន​ភាព​ឈឺ​ចាប់​ខ្លាំង។ ការ​ធ្វើ​បែប​នេះ នាំ​ឱ្យ​ឈាម​ច្រាល​បុក​ខ្លាំង​ខុស​ពី​ធម្មតា ហើយ​ប្រសិន​បើ​អ្នក​មាន​សុខភាព​មិន​អំណោយ​ផល អាច​បណ្ដាល​ឱ្យ​ស្ទះ​សរសៃ​ឈាម​ស្លាប់។ ករណី​នេះ ធ្លាប់​មាន​កើត​ឡើង​ទៅ​ហើយ គ្រាន់​តែ​មិន​មាន​ចំនួន​ច្រើន​ប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត ចំពោះ​អ្នក​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ក៏​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ដែរ នៅ​ពេល​កោស​ខ្យល់។មុន​ពេល​កោស សរសៃ​ឈាម​បាន​ត្បៀត​ជា​មួយ​ខ្លាញ់​រួច​ទៅ​ហើយ។ ប្រសិន​បើ​កោស​ទៀត វា​អាច​បណ្ដាល​ឱ្យ​ដាច់​សរសៃ​ឈាម និង​ហូរ​ច្រាល​ឈាម​ចូល​ទៅ​ក្នុង​ខ្លួន​វិញ។ ឈាម​ដែល​ហូរ​ចូល​ទៅ​ក្នុង​នោះ អាច​ទៅ​កក​នៅ​ចំណុច​ណា​មួយ ដូច​ជា​ក្នុង​សួត ឬ​ក្នុង​ខួរ​ក្បាល បណ្ដាល​ស្ទះ​សរសៃ​ឈាម​ស្លាប់​បាន។ ចំណែក​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម រឹត​តែ​មិន​គួរ​ទម្លាប់​កោស​ខ្យល់ ព្រោះ​មាន​អាការៈ​លើស​ឈាម និង​ជាតិ​ខ្លាញ់​ស្រាប់​ទៅ​ហើយ។

ការ​កោស​ខ្យល់ ពិត​ជា​បំបាត់​អាការៈ​ឈឺ​ចុក​ចាប់​មែន ព្រោះ​មាន​ភាព​ស្ពឹក​ស្រពន់ ប៉ុន្តែ​វា​មិន​បាន​កាត់​បន្ថយ​នូវ​ហានិភ័យ​នោះ​ទេ មាន​តែ​បង្កើន​ហានិភ័យ​ទៅ​វិញ។ ជា​ទូទៅ​អាការៈ​បែប​នេះ បើ​ស្រាល គឺ​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់ ទទួល​ទាន​អាហារ និង​ម្ហូប ត្រឹម​ត្រូវ នោះ​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ ត្រូវ​ទៅ​រក​វេជ្ជបណ្ឌិត ព្រោះ​វា​មិន​អាច​ជា​ដោយ​ការ​កោស​ខ្យល់​នោះ​ទេ។

ជាក់​ស្ដែង អ្នក​ខ្លះ​មាន​ដំបៅ​ពោះ​វៀន ពោះ​វៀន​ដុះ​ខ្នែង ឬ​ដំបៅ​ក្រពះ គ្រោះ​ក្នុង​តម្រង​នោម ដែល​បណ្ដាល​ឱ្យ​ចុក​ពោះ បែរ​ជា​នាំ​គ្នា​កោស​ខ្យល់​នៅ​លើ​ចំណុច​ឈឺ​ចាប់​នោះ នាំ​ឱ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។ ជំងឺ​បែប​នេះ ទាល់​តែ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ ទើប​ជា​សះ​ស្បើយ។ ចំណែក​ការ​កោស​ខ្យល់ គឺ​គ្រាន់​តែ​នាំ​ឱ្យ​ស្ពឹក​ស្រពន់ កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មិន​អាច​ព្យាបាល​ដល់​ផ្នែក​ខាង​ក្នុង​ឡើយ។

ជា​រួម​មក អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​ខ្លួន ដូច​ជា​លើស​ឈាម លើស​ជាតិ​ខ្លាញ់ និង​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម មិន​គួរ​ធ្វើ​ការ​កោស​ខ្យល់ នៅ​ពេល​មាន​អាការៈ​មិន​ស្រួល​ឡើយ គឺ​ត្រូវ​ព្យាយាម​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់ ឬ​ជួប​ជា​មួយ​វេជ្ជបណ្ឌិត បើ​មាន​ការ​ឈឺ​ក្បាល ផ្ដាសាយ​ជា​ដើម។ ចំណែក​ក្មេង​តូចៗ ក៏​មិន​គួរ​កោស​ខ្យល់​ដែរ ព្រោះ​អាច​នាំ​ឱ្យ​ត្បៀត​សរសៃ​ឈាម​ខ្ចី ដែល​កំពុង​លូត​លាស់៕ (អត្ថបទ Angkor Fresh ហាម​លួច​ចម្លង​ដោយ​គ្មាន​ការ​អនុញ្ញាត)

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!