ឆ្កែកំពូលស្មោះ ដេកផង អង្គុយផង យាមសពម្ចាស់រាប់ម៉ោង មិនឱ្យអ្នកណាប៉ះពាល់

គ្រប់​គ្នា​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ពេល​បាន​ឃើញ​សុនខ​មួយ​ក្បាល ដេក​ផង អង្គុយ​ផង នៅ​ក្បែរ​សព​ម្ចាស់ មិន​ឱ្យ​អ្នក​ណា​ប៉ះ​ពាល់ បន្ទាប់​ពី​ម្ចាស់​ផឹក​ស្រវឹង​ជ្រុល​ត្រូវ​រថភ្លើង​បុក​ស្លាប់។ រឿង​រ៉ាវ​នេះ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង និង​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​ជា​ច្រើន​នៅ​លើ​ពិភពលោក ដោយ​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​របស់​សុនខ​មួយ​ក្បាល​នេះ ចំពោះ​ម្ចាស់​របស់​វា។

រឿង​ហេតុ​នេះ កើត​ឡើង​នៅ​ទី​ក្រុង Monte Morelos Nuevo Leon ប្រទេស​ម៉ិកស៊ីកូ។ បើ​តាម​របាយការណ៍​ប៉ូលិស បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ឈ្មោះ Victor Raynazzez ដែល​មាន​អាយុ ៥៥​ឆ្នាំ​ទៅ​ហើយ។ មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​បាន​ផឹក​ស្រា​រហូត​ដល់​ស្រវឹង រួច​ក៏​ដើរ​កាត់​ផ្លូវ​រថភ្លើង​នៅ​ពេល​យប់ និង​ត្រូវ​រថភ្លើង​បុក​ខ្ទាត​ទៅ​ជិត​ផ្លូវ​នោះ ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។

នៅ​ពេល​ភ្លឺ​ឡើង គេ​បាន​ឃើញ​សុនខ​នៅ​យាម​ម្ចាស់​ជិត​នោះ មិន​ព្រម​ទៅ​ណា​ឡើយ។ ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ជន​រង​គ្រោះ បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​មក​ពិនិត្យ​ជាក់​ស្ដែង ព្រោះ​មិន​អាច​ចូល​ទៅ​ជិត​សព​ជន​រង​គ្រោះ​បាន។ ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​មក​ដល់ សុនខ​នោះ​មិន​ព្រម​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប៉ះ​ពាល់​ឡើយ ប្រហែល​ជា​ខ្លាច​មាន​ចេតនា​មិន​ល្អ​លើ​ម្ចាស់​របស់​ខ្លួន។

បើ​តាម​ប្រជាជន​ដែល​បាន​ស្គាល់​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា សុនខ​នេះ​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ជា​មួយ​ម្ចាស់​ណាស់ ព្រោះ​វា​ដើរ​តាម​ម្ចាស់​ទៅ​គ្រប់​ទី​កន្លែង​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​ម្ចាស់​តែ​ម្ដង។ បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​ចាប់​សុនខ​នោះ​ទុក​មួយ​ឡែក​សិន ដើម្បី​ពិនិត្យ​សាកសព។ សមត្ថកិច្ច​ក៏​បាន​ស្នើ​ដល់​គ្រួសារ​សព ជួយ​មើល​ថែ​សុនខ​ដ៏​ស្មោះ​ត្រង់​នេះ​ឱ្យ​បាន​ល្អ ព្រោះ​វា​អាច​ខូច​ចិត្ត​ខ្លាំង ពី​បាត់​ម្ចាស់​របស់​ខ្លួន។

គួរ​បញ្ជាក់​ដែរ​ថា សុនខ​ជា​សត្វ​មួយ​ប្រភេទ ដែល​មនុស្ស​ចូល​ចិត្ត​ជាង​គេ ព្រោះ​វា​ស្មោះ​ត្រង់ ការពារ​ម្ចាស់ ហើយ​ពេល​ខ្លះ​ដឹង​ខុស​ត្រូវ​ច្រើន​ជាង​សត្វ​ដទៃ ព្រោះ​វា​មាន​មនោសញ្ចេតនា​ពិសេស។ ប៉ុន្តែ ​នៅ​ប្រទេស​មួយ​ចំនួន រួម​ទាំង​កម្ពុជា​ផង​នោះ បែរ​ជា​និយម​ទទួល​ទាន​សាច់​សុនខ រហូត​មាន​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង ពី​សមាគម​អ្នក​ការពារ​សត្វ៕ ​​(អត្ថបទ Angkor Fresh ហាម​លួច​ចម្លង​ដោយ​គ្មាន​ការ​អនុញ្ញាត)

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!