បំណង​ប្រាថ្នា ៣​ចុង​ក្រោយ របស់​ស្ដេច​មួយ​អង្គ គ្រប់​គ្នា​អាន​ហើយ​​ភ្លឺ​ភ្នែក​នឹង​ជីវិត

សង្គម​មនុស្ស​បច្ចុប្បន្ន រស់​នៅ​ដោយ​ការ​ចង់​មាន​បាន​ជ្រុល រហូត​ហាន​ធ្វើ​គ្រប់​យ៉ាង ហាន​លះ​បង់​គ្រួសារ ឈ្លោះ​បង​ប្អូន បោះ​បង់​សុភ​មង្គល រហូត​ដល់​ជីវិត​ចុង​ក្រោយ​ដេក​លើ​គ្រែ​ពេទ្យ ក៏​នឹក​ស្ដាយ​ក្រោយ​ថា តើ​ការ​ប្រឹង​ប្រែង​ទាំង​អស់​នេះ​បំពេញ​ន័យ​យ៉ាង​ណា​ឲ្យ​ជីវិត។ តាម​ពិត ពេល​កំពុង​មាន​បាន មនុស្ស​ចេះ​តែ​ចង់​បាន​បន្ត​ទៀត ដោយ​មិន​នឹក​ឃើញ​អ្វី​ឡើយ តែ​លុះ​ដល់​ថ្ងៃ​ចុង​ក្រោយ ទើប​នឹក​ស្ដាយ​គ្រប់​គ្នា។ ជាក់​ស្ដែង អធិរាជ​ដ៏​ល្បី​ឈ្មោះ​មួយ​អង្គ​នៅ​ចក្រភព​ក្រិក​បុរាណ Alexander the Great បាន​បន្សល់​បំណង​ប្រាថ្នា ៣​យ៉ាង ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​អាន​ហើយ ចាប់​ផ្ដើម​នឹក​គិត​ឡើង​វិញ។

  • ប្រាថ្នា​ទី១៖ សូម​រក​គ្រូ​ពេទ្យ​ពូកែ​ៗ មក​សែង​មឈូស​របស់​ខ្ញុំ

ព្រះ​អង្គ Alexander the Great បាន​មាន​ព្រះ​បន្ទូល​ថា ព្រះ​អង្គ​ចង់​ឲ្យ​គ្រូ​ពេទ្យ​ពូកែ​ទាំង​អស់ មក​សែង​មឈូស​របស់​ទ្រង់ ព្រោះ​ចង់​ឲ្យ​គ្រប់​គ្នា​ដឹង​ថា នៅ​លើ​លោក​នេះ​គ្មាន​គ្រូពេទ្យ​ណា​អាច​ព្យាបាល​មនុស្ស​ឲ្យ​រស់​ឡើង​វិញ​ទេ ទោះ​បី​ពូកែ​យ៉ាង​ណា​ក៏​ដោយ។ ដូច​នេះ ពេល​នៅ​រស់ ត្រូវ​ប្រើ​ពេល​វេលា​ឲ្យ​មាន​តម្លៃ ហើយ​ជិត​ដល់​ថ្ងៃ​ស្លាប់ ត្រូវ​ទទួល​យក​ការ​ពិត​តាម​ច្បាប់​ធម្មជាតិ។

​​​ជីវិត​មនុស្ស​ម្នាក់​ៗ​មិន​ទៀង​នោះ​ទេ ព្រោះ​មិន​ដឹង​ថា​ពេល​ណា​ដល់​ថ្ងៃ​ចុង​ក្រោយ ហើយ​បញ្ចប់​នៅ​ត្រង់​ណា។ តែ​អ្វី​ដែល​ទៀង​ទាត់​បំផុត គឺ​ពេល​វេលា ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​គ្រប់​គ្នា​សុទ្ធតែ​មាន​ស្មើ​ៗ​គ្នា។ ពេល​វេលា​មិន​ចាំ​មនុស្ស​ទេ មួយ​វិនាទី ឬ​មួយ​នាទី​ក្ដី គប្បី​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ ធ្វើ​អ្វី​ដែល​អាច​នាំ​ខ្លួន​ជួប​សេចក្ដី​សុខ និង​ភាព​រីករាយ។ នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ នៅ​ពេល​ជិត​ដល់​ដង្ហើម​ចុង​ក្រោយ នៅ​ពេល​អស់​វេលា​ហើយ គ្រូ​ពេទ្យ​ពូកែ​យ៉ាង​ណា​ក៏​មិន​អាច​ជួយ​មនុស្ស​រស់​ឡើង​វិញ​បាន​ដែរ។

  • ប្រាថ្នា​ទី២៖ សូម​យក​ទ្រព្យ​សម្បត្តិ​ដែល​ខ្ញុំ​មាន ក្រាល​ធ្វើ​ផ្លូវ​ហែ​សព​ខ្ញុំ

ព្រះ​អង្គ Alexander the Great បាន​មាន​ព្រះ​បន្ទូល​ថា មាស ប្រាក់ ដែល​ទ្រង់​រក​បាន សុទ្ធ​តែ​ជា​របស់​ក្រៅ​ខ្លួន​ទាំង​អស់ ហើយ​នៅ​ពេល​ព្រះ​អង្គ​សុគត មិន​អាច​យក​ទៅ​តាម​សូម្បី​មួយ​កាក់​មួយ​សេន​ណា បើ​ទោះ​ព្រះ​អង្គ​ប្រឹង​ប្រែង​គ្រប់​គ្រង​អំណាច​រហូត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក្ដី។ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា គ្រប់​គ្នា​គួរ​កុំ​ចំណាយ​ពេល​ដ៏​មាន​សុភមង្គល​ក្នុង​ជីវិត ប្រឹង​ស្រវា​ឱប​ភាព​មាន​បាន​ខ្លាំង​ពេក ព្រោះ​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត នឹង​នឹក​ស្ដាយ​ក្រោយ។

  • ប្រាថ្នា​ទី៣៖ សុំ​កាត់​ដៃ ដាក់​បង្ហាញ​មក​ក្រៅ​មឈូស

ព្រះ​អង្គ Alexander the Great បាន​មាន​ព្រះ​បន្ទូល​ថា មនុស្ស​កើត​មក​ដៃ​ទទេ ហើយ​ពេល​ស្លាប់​ទៅ​វិញ​ក៏​ដៃ​ទទេ​ដែរ ប៉ុន្តែ​អ្វី​ដែល​មាន​តម្លៃ​បំផុត​គឺ​ពេល​វេលា។ គ្រប់​គ្នា​អាច​រក​បាន មាស ប្រាក់ លុយ​កាក់ តែ​មិន​អាច​បង្កើន​ពេល​វេលា​បន្ថែម​សម្រាប់​​ជីវិត​បាន​ទេ ទោះ​មាន​លុយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ពេល​ដែល​យើង​ឈរ​ឈ្លោះ​ជាមួយ​នរណា ១​នាទី គឺ​យើង​បាត់​បង់​សុភមង្គល​ខ្លួន​ឯង ១នាទី​ដូច​គ្នា។ ដូច​នេះ ត្រូវ​សួរ​ខ្លួន​ឯង​ថា រាល់​ថ្ងៃ​ប្រើ​ពេល​វេលា​ធ្វើ​អ្វី​ខ្លះ? នៅ​សល់​ពេល​វេលា​ប៉ុន្មាន​ទៀត​សម្រាប់​ជីវិត​ខ្លួន​ឯង?

ព្រះ​ចៅ​អធិរាជ Alexander the Great ប្រសូត​នៅ​ឆ្នាំ​៣៥៦ មុន​គ្រឹស្តសករាជ និង​សោយរាជ្យ​ដឹក​នាំ​ចក្រភព​ក្រិក​បុរាណ ឲ្យ​ល្បី​រន្ទឺ​អស្ចារ្យ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ចម្បាំង​ពូកែ​ខាង​សឹក​សង្គ្រាម។ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ចក្រភព​ក្រិក​បាន​ក្លាយ​ជា​ដែនដី​ធំ​បំផុត​លើ​លោក នា​សម័យ​បុរាណ ហើយ​ទឹក​ដី​នោះ​បាន​លាត​សន្ធឹក​មក​ដល់​ប្រទេស​ឥណ្ឌា នៃ​ទ្វីប​អាស៊ី។ ទោះ​បែប​នេះ​ក្ដី ព្រះ​អង្គ​បាន​បង្ហាញ​ព្រះ​កាយ​លើ​ផែន​ដី​ត្រឹម ៣២​ឆ្នាំ​ប៉ុណ្ណោះ។

នៅ​ឆ្នាំ​៣២៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ​អធិរាជ Alexander the Great បាន​សុគត​ទៅ​វិញ ក្នុង​ព្រះជន្ម ៣២​ព្រះ​វស្សា ដោយសារ​ជំងឺ​គ្រុន​យ៉ាង​ធ្ងន់ធ្ងរ គ្មាន​គ្រូ​ពេទ្យ​ណា​អាច​ព្យាបាល​បាន។ ព្រះ​រាជ​ពិធី​បុណ្យ​សព របស់​វីរបុរស​ក្រិក​រូប​នេះ ចាយ​លុយ​សរុប​ជាង ៦០០​លាន​ដុល្លារ (គិត​លុយ​បច្ចុប្បន្ន)។ ព្រះ​សព​ទ្រង់​ត្រូវ​បាន​ដាក់​ក្នុង​មឈូស​ធ្វើ​ពី​មាស​សុទ្ធ ដឹក​ដោយ​រទេះ​មាស​សុទ្ធ ហើយ​រទេះ​នេះ​ត្រូវ​ការ​សេះ​រហូត​ទៅ ៦០ក្បាល ដើម្បី​អូស​ហែ​ព្រះ​សព​ទ្រង់​ពី Babylon (តំបន់​មួយ​ផ្នែក​នៅ​មជ្ឈិមបូព៌ា​) ទៅ​ក្រិក​ដែល​ជា​ស្រុក​កំណើត​ទ្រង់។

តាម​ពិត អត្ថន័យ​នៃ​បំណង​ប្រាថ្នា៣ ចុង​ក្រោយ​របស់ ព្រះ​ចៅ​អធិរាជ Alexander the Great មិន​មែន​បង្អាក់​មនុស្ស​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ និង​ចិត្ត​ចង់​មាន​បាន​នោះ​ឡើយ។ ប៉ុន្តែ​ទ្រង់​គ្រាន់​តែ​ចង់​បញ្ជាក់​ថា លុយ​កាក់ មាស​ប្រាក់ ជា​របស់​ក្រៅ​ខ្លួន មិន​គួរ​លោភ​លន់​ដល់​ថ្នាក់​លះ​បង់​សុភ​មង្គល​ខ្លួន​ឯង លែង​គិត​ពី​ញាតិ​មិត្ត លែង​ដឹង​ខុស​ត្រូវ​នោះ​ទេ។ ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ គប្បី​ប្រើ​ប្រាស់​វា​ឲ្យ​មាន​តម្លៃ មិន​ថា​មួយ​នាទី មួយ​ម៉ោង ឬ​មួយ​ថ្ងៃ​ក៏​ដោយ។

មនុស្ស​តែង​ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត ទាំង​សប្បាយ និង​កើត​ទុក្ខ ប៉ុន្តែ​គេច​មិន​ផុត​ពី​ដំណាក់កាល​ទាំង​៤ នៃ​សុភមង្គល​ក្នុង​ជីវិត ដែល​ជា​ការ​សប្បាយ​ពិត​គ្មាន​កង្វល់។ បើ​អ្នក​បាន​យល់​ពី​អត្ថន័យ​សុភមង្គល​ទាំង ៤​ដំណាក់កាល ចេះ​ចែក​វា​បាន​ដាច់ នោះ​អ្នក​នឹង​ស្គាល់​ការ​សប្បាយ​ ច្រើន​ជាង​ទុក្ខ​កង្វល់។

  • ១. ក្មេង សប្បាយ​អត់​ខ្វល់​ចិត្ត

ជឿជាក់​ថា មនុស្ស​គ្រប់​រូប សុទ្ធតែ​ស្រមៃ​ចង់​វិល​ទៅ​រក​អតីតកាល ចង់​ក្លាយ​ជា​ក្មេង​តូច ដែល​រត់​លេង​​សប្បាយ​អត់​មាន​ខ្វល់​ខ្វាយ​ក្នុង​ជីវិត។ ប៉ុន្តែ​វា​មិន​អាច​ត្រលប់​ក្រោយ ព្រោះ​នេះ​ជា​ដំណាក់កាល​ចាប់​ផ្ដើម​នៃ​ជីវិត ដើម្បី​ឲ្យ​មនុស្ស​ស្វែង​យល់ អ្វី​ជា​ការ​សប្បាយ ដោយ​ជ្រះ​ស្រឡះ​ក្នុង​ចិត្ត គ្មាន​ខ្វល់​រឿង​រ៉ាវ​ជីវិត ដើម្បី​ឲ្យ​ពួក​គេ​ចង់​រស់​នៅ​បន្ត​ដំណើរ​ទៅ​មុខ។
នេះ​ហើយ ជា​ជំហាន​ដំបូង​នៃ​សុភមង្គល ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើម​បង្កើត​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន។ ការ​ចង​ចាំ​ទាំង​នោះ​ហើយ ជា​តំណក់​ទឹក​ធ្វើ​ឲ្យ​ជីវិត​ស្រស់​បំព្រង យល់​ថា​ពិភពលោក​គួរ​ឲ្យ​ចង់​រស់​នៅ​ប៉ុណ្ណា។ ទោះ​ក្មេង​ដែល​កើត​មក រង​ការ​ធ្វើ​បាប រង​ការ​គាប​សង្កត់​កម្លាំង​កាយ​ចិត្ត​យ៉ាង​ណា ក៏​ពួក​គេ​ចង់​រស់​ដែរ ព្រោះ​ពួក​គេ​បាន​ស្គាល់​សុភមង្គល​នៃ​ជីវិត ចង់​ឃើញ និង​រង់​ចាំ​អ្វី​ល្អ​ៗ​កើត​ឡើង​បន្ទាប់។

  • ២. ដឹង​ក្ដី រំភើប​ចិត្ត​នឹង​ស្នេហា សប្បាយ​ចិត្ត​នឹង​ភាព​ជោគជ័យ

ចាប់​ពី​អាយុ ១២​ឆ្នាំ ពោល​គឺ​ចាប់​ផ្ដើម​ឆ្លង​ផុត ថ្នាក់​បឋមសិក្សា មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ដឹង​ក្ដី ចេះ​ខ្មាសអៀន លែង​ធ្វើ​សកម្មភាព​ដូច​ជា​ក្មេង​ទៀត​ហើយ។ ពួក​គេ​នឹង​ចាប់​ផ្ដើម​ស្វែង​រក​ភាព​ជោគជ័យ​លើ​រឿង​គ្រប់​យ៉ាង ចង់​បាន​ពិន្ទុ​ល្អ ដើម្បី​ឲ្យ​គេ​សរសើរ​ថា​ពូកែ, ចង់​ស្លៀក​ពាក់​ស្អាត​បាត ដើម្បី​ឲ្យ​គេ​សរសើរ​ថា​សង្ហា, ចង់​ប្រើ​របស់​ល្អ ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា​ឡូយ… រឿង​ទាំង​នេះ បើ​មិន​និយាយ​ចេញ​មក ក៏​គិត​ក្នុង​ចិត្ត​ដែរ គ្មាន​នរណា​អាច​ឆ្លង​ផុត​ឡើយ។

ក្រោយ​មក ពួក​គេ​ចាប់​ផ្ដើម​រំភើប​ចិត្ត នឹង​ក្ដី​ស្រលាញ់ មាន​អារម្មណ៍​ថា​ហើប​ផុត​ពី​ដី​ពេល​ស្រមៃ​ដល់​មនុស្ស​ខ្លួន​ស្រលាញ់ ឬ​បើ​បាន​នៅ​ក្បែរ​ទៀត មិន​ដឹង​ថា​ពិភពលោក​មាន​ន័យ​យ៉ាង​ណា។ មនុស្ស​ម្នាក់​ៗ ឆ្លង​កាត់​អារម្មណ៍​ស្រលាញ់​គេ ក្នុង​ដំណាក់​កាល​នេះ មិន​ក្រោម ៥​នាក់​ឡើយ គ្រាន់​តែ​ពេល​ខ្លះ​គេ​ដឹង ពេល​ខ្លះ​គេ​មិន​ដឹង។

មនុស្ស​ដឹង​ក្ដី​ឡើង សុទ្ធតែ​ឆ្លង​កាត់​អារម្មណ៍​បែប​នេះ ហើយ​វា​ក៏​ជា​សុភមង្គល​ក្នុង​ចិត្ត​ពិតៗ ដែល​មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ។ នៅ​វ័យ​នេះ សប្បាយ​ចិត្ត​ខ្លាំង តែ​មាន​ពេល​ខ្លះ​ក៏​កើត​ទុក្ខ​គិត​ក្នុង​ចិត្ត​តិចៗ ចេះ​ពិបាក​ចិត្ត នឹង​ភាព​បរាជ័យ ជា​ពិសេស​ពិបាក​ទ្រាំ​នឹង​អារម្មណ៍​លួច​ស្រលាញ់​គេ តែ​វា​ក៏​ជា​សុភមង្គល​ដ៏​ចម្លែក ខុស​ពេល​នៅ​ក្មេង ដែល​មាន​តែ​សប្បាយ។ ​

  • ៣. វ័យ​កណ្ដាល សប្បាយ​នឹង​ជីវិត​គ្រួសារ

ចូល​ដល់​វ័យ​នេះ សុភមង្គល​មិន​មែន​លើ​ក្ដី​ស្រលាញ់ ឬ​ស្នេហា​ឡើយ គឺ​សុភមង្គល​នឹង​ការ​គិត​ពី​អនាគត​ដ៏​វែង​ឆ្ងាយ។ ចាប់​ពី​អាយុ ២២​ឆ្នាំ​ឡើង​ទៅ ពោល​គឺ​រៀន​ចប់​បរិញ្ញាបត្រ អារម្មណ៍​អ្នក​នឹង​ច្របូក​ច្របល់ ចាប់​ផ្ដើម​គិត​ថា មិន​ដឹង​កសាង​គ្រួសារ​បែប​ណា មាន​សុភមង្គល។ តើ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ស្រស់​ស្អាត​ត្រូវ​ភ្នែក ឬ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ត្រូវ​ចិត្ត។

ដល់​ចំណុច​នេះ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម Stress នឹង​ជីវិត ព្រោះ​តែ​ការ​គិត​អនាគត​នេះ​ឯង។ អស់​ហើយ ការ​រំភើប​ចិត្ត​នឹង​ស្នេហា​បែប​ក្មេង​វ័យ បែរ​ចាប់​ស្រមៃ​សុភមង្គល​ពេល​រៀប​ការ ស្រមៃ​ដល់​ពេល​មាន​កូន ជុំ​គ្រួសារ ស្រមៃ​ដល់​ពេល​ជួប​ជុំ​គ្នា​យ៉ាង​មាន​ក្ដី​សុខ។ នោះ​ហើយ​ជា​សុភមង្គល​ពិត នៅ​ក្នុង​ដំណាក់កាល​នេះ។

ប៉ុន្តែ​មនុស្ស​ជា​ច្រើន ពិបាក​ឆ្លង​ផុត​ដំណាក់កាល​នេះ​ណាស់ ព្រោះ​ច្របូក​ច្របល់​ចេញ​មិន​ផុត​ពី​ដំណាក់កាល​ទី២។ បើ​ប្រទាក់​ក្រឡា នឹង​ស្នេហា ដោយ​មិន​គិត​អនាគត នៅ​តែ​រំភើប​ចិត្ត​នឹង​ការ​ស្រលាញ់​រហូត​ងប់ងុល នោះ​សុភមង្គល​នៅ​ដំណាក់កាល​ទី៣ ប្រាកដ​ជា​លាយ​ឡំ​ដោយ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់។

ដើម្បី​ស្វែង​រក​សុភមង្គល​នៅ​ដំណាក់កាល​នេះ គួរ​ចេញ​ឲ្យ​ផុត​ពី​ដំណាក់​កាល​ទី២ រួច​ចាប់​ផ្ដើម​គិត​អនាគត រក​មនុស្ស​ត្រូវ​ចិត្ត អាច​រួម​រស់​ជាមួយ​គ្នា​បាន ដោយ​កុំ​គិត​រំភើប​ចិត្ត​ចង់​បាន​តែ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ព្រោះ​ពេល​ខ្លះ​សុភមង្គល​មិន​មែន​កើត​ចេញ​ពី​ស្នេហា​ទេ គឺ​វា​កើត​ចេញ​ពី​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ។

  • ៤. ចាស់ សប្បាយ​លើក​ចុង​ក្រោយ

ធ្លាប់​ឮ​ទេ ពាក្យ​ថា សប្បាយ​ផ្ដាំ​ចាស់? នេះ​ហើយ​ជា​សុភមង្គល​ចុង​ក្រោយ​នៃ​ជីវិត។ មនុស្ស​មិន​ច្រើន​ទេ ដែល​រក​សុភមង្គល​ក្នុង​ដំណាក់​កាល​នេះ​បាន។ ដំណាក់​កាល​នេះ សុភមង្គល​កើត​ចេញ​ពី​ខ្លួន​ឯង​ផ្ទាល់ កើត​ចេញ​ពី​ការ​គ្រប់​គ្រង​ចិត្ត​បាន​ល្អ។ កុំ​ប្រកាន់​ថា​ខ្លួន​ឯង​ចាស់ កុំ​ទើស​ភ្នែក​ជា​មួយ​អ្នក​ដទៃ ត្រូវ​សប្បាយ​ដូច​ពេល​នៅ​ក្មេង នោះ​ហើយ​ជា​សុភមង្គល។

ប៉ុន្តែ​មនុស្ស​ចាស់​ជា​ច្រើន ដែល​ប្រកាន់​ចិត្ត ខឹង ទើស​ភ្នែក មួម៉ៅ ខ្លាច​ស្លាប់ នាំ​ឲ្យ​មាន​តែ​ទុក្ខ រក​មិន​ឃើញ​ភាព​សប្បាយ។ ចង់​បាន​សុភមង្គល​នៅ​ដំណាក់កាល​នេះ ត្រូវ​ប្រែ​ខ្លួន​ឲ្យ​ដូច​ជា​ក្មេង ដែល​មិន​គិត​អ្វី​សោះ ស្វែង​រក​សប្បាយ​ដាក់​ខ្លួន​ប្រកប​ដោយ​ចិត្ត​ជ្រះ​ថ្លា៕(អត្ថបទ​ប្រែ​សម្រួល និង​សរសេរ​ដោយ Angkor Fresh ហាម​លួចច​ម្លង​ដោយ​គ្មាន​ការ​អនុញ្ញាត)

ប្រែអត្ថបទ៖ ឈួរ គីមហ្គិច
ប្រភព៖ បរទេស

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!