គ្មានស្បែកជើងថ្លៃ គ្មានខោអាវល្អ កូនស្រីប្រាប់ឪពុកថាគេមើលងាយណាស់ តែឪពុកឱ្យធ្វើរឿងមួយទើបភ្លឺភ្នែក

កូន​ស្រី​ម្នាក់ ដែល​មាន​ឪពុក​ជា​អ្នក​រត់​តាក់​ស៊ី បាន​បន្ត​រៀន​ដល់​សាកលវិទ្យាល័យ ដោយ​កម្រៃ​ដែល​ឪពុក​របស់​គេ​ផ្ដល់​ឱ្យ​ជា​ប្រចាំ។ ប៉ុន្តែ​ជីវិត​នៅ​សាកលវិទ្យាល័យ បាន​ធ្វើ​ឱ្យ​គេ​ជួប​មនុស្ស​ជា​ច្រើន ហើយ​ក៏​ចាប់​ផ្ដើម​រាប់​អាន​ជា​មួយ​កូន​អ្នក​ធូរធារ និង​ចាប់​ផ្ដើម​មាន​អារម្មណ៍​អន់​ចិត្ត​នឹង​ស្ថានភាព​ជីវិត​របស់​ខ្លួន​ឯង ដែល​គ្មាន​របស់​ល្អ​ប្រើ​ដូច​គេ។ យូរ​ៗ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​គេ​មើល​ងាយ​ថែម​ទៀត ប៉ុន្តែ​ឪពុក​បាន​ផ្ដល់​មេរៀន​ជីវិត​មួយ ទើប​គេ​យល់​ច្បាស់​ឡើង​វិញ។

ថ្ងៃ​មួយ កូន​ស្រី​បាន​និយាយ​ទៅ​កាន់​ឪពុក​ថា៖ "លោក​ប៉ា, រាល់​ថ្ងៃ ខ្ញុំ​មាន​អារម្មណ៍​ថា​អន់​ចិត្ត​ណាស់ អ្នក​រៀន​ជាមួយ​ខ្ញុំ គេ​សុទ្ធតែ​កូន​អ្នក​មាន គេ​សុទ្ធតែ​មាន​របស់​ល្អ​ប្រើ ហើយ​ស្លៀក​ពាក់​ថ្លៃ​ៗ ទាំង​ស្បែក​ជើង ទាំង​ខោ​អាវ សុទ្ធតែ​ប្រេន។ សុំ​ទោស​លោក​ប៉ា តែ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា រាល់​ថ្ងៃ​គេ​មើល​ងាយ​ខ្ញុំ​គ្រប់​គ្នា ខ្ញុំ​ពិបាក​ទ្រាំ​ណាស់ ហើយ​យូរៗ​ខ្ញុំ​លែង​ចង់​ដើរ​ក្បែរ​គេ​ទៀត​ហើយ"។

ឪពុក​ស្ដាប់​បណ្ដើរ ទទួល​ទាន​បាយ​បណ្ដើរ ហាក់​ដូច​ជា​រឿង​ធម្មតា ដោយ​គ្មាន​ប្រតិកម្ម​អ្វី​លើ​ទឹក​មុខ​ឡើយ ប៉ុន្តែ​មើល​ទៅ​ក្នុង​ចិត្ត​លោក​ហាក់​កំពុង​គិត​ថា គួរ​ឆ្លើយ​តប​នឹង​កូន​បែប​ណា។ កូន​និយាយ​ចប់​មួយ​សន្ទុះ ទើប​ឪពុក​បាន​ទាញ​លុយ​ពី​កាបូប ៥០០ដុល្លារ ទៅ​ឱ្យ​កូន​ស្រី និង​ប្រាប់​កូន​ថា៖ "ឥឡូវ​កូន​ស្លៀក​ពាក់​ធម្មតា​ដូច​រាល់​ដង ហើយ​យក​លុយ​នេះ​ដាក់​ក្នុង​ហោ​ប៉ៅ ទៅ​ទិញ​កាហ្វេ​ផឹក​មួយ​កែវ​ទៅ សល់​ប៉ុន្មាន​យក​មក​ឱ្យ​ប៉ា​វិញ"។

កូន​ស្រី​ឆ្ងល់​ណាស់ ទិញ​កាហ្វេ​តែ​មួយ​កែវ ហេតុអ្វី​ដាក់​លុយ​ក្នុង​ហោប៉ៅ​ច្រើន​ម្ល៉េះ ប៉ុន្តែ​មិន​បាន​ប្រកែក​ឡើយ។ កូន​ស្រី បាន​ដាក់​លុយ​ក្នុង​កាបូប​ទាំង ៥០០​ដុល្លារ រួច​ក៏​ដើរ​ទៅ​ក្នុង​ហាង​កាហ្វេ​ដោយ​ទំនុក​ចិត្ត ត្បិត​មាន​លុយ​ច្រើន​ក្នុង​ហោប៉ៅ ហើយ​ក៏​មាន​អារម្មណ៍​ថា​ធ្ងន់​ខ្លួន។ បន្ទាប់​ពី​ទិញ​កាហ្វេ​រួច គេ​បាន​យក​ក្រដាស ១០០​ដុល្លារ​ហុច​ឱ្យ​អ្នក​លក់​អាប់ ក៏​មាន​អារម្មណ៍​ថា ឡូយ​គ្រាន់​បើ​ដែរ ស្លៀក​ពាក់​ចឹង មាន​លុយ ១០០​ដុល្លារ​ឱ្យ​គេ​អាប់។

កូន​ស្រី បាន​យក​លុយ​សល់​ទៅ​ឱ្យ​ឪពុក ប៉ុន្តែ​ឪពុក​មិន​ទទួល​ទេ ហើយ​ប្រាប់​ថា៖ "​កូន​យក​លុយ​សល់​ទាំង​នេះ ទៅ​ទិញ​ខោ​អាវ​ថ្លៃ ស្បែក​ជើង​ថ្លៃ​មួយ​គូ​សម្រាប់​ខ្លួន​កូន​ទៅ ដល់​ប៉ុន្មាន​យក​មក​ឱ្យ​ប៉ា​វិញ។ កូន​បាន​ទៅ​ទិញ​តាម​សម្ដី​ឪពុក​ដោយ​ងឿង​ឆ្ងល់ ហើយ​គិត​ថា​ប្រហែល​ជា​ឪពុក​អាណិត​ខ្លួន ទើប​ចំណាយ​លុយ​ឱ្យ​ទិញ​របស់​ថ្លៃ​ដើម្បី​ដើរ​ជាមួយ​គេ​ចុះ​វិញ និង​កុំ​ឱ្យ​មាន​អារម្មណ៍​ថា​ខ្មាស​គេ​ពេក។

កូន​ស្រី​បាន​ទៅ​ទិញ សំលៀក​បំពាក់​មួយ​កំប្លេ អស់ ២៥០ដុល្លារ និង​ស្បែក​ជើង​ប៉ាតា​ប្រេន​មួយ​គូ​តម្លៃ​ជាង ១៧០ដុល្លារ​ទៀត។ លុយ​នៅ​សល់ ជាង ៧០​ដុល្លារ រូប​គេ​បាន​យក​ទៅ​ឱ្យ​ឪពុក​វិញ ឯ​ឪពុក​បាន​ដក ៣​ដុល្លារ ឱ្យ​កូន​ដាក់​ហោប៉ៅ​ទៅ​ទិញ​កាហ្វេ​នៅ​កន្លែង​ដដែល​ផឹក​ទៀត ដោយ​ស្លៀក​ពាក់​ខោ​អាវ និង​ស្បែក​ជើង​ថ្លៃ​ៗ​ទើប​ទិញ​នោះ។ ម្ដង​នេះ កូន​ស្រី​មាន​ត្រឹម ៣​ដុល្លារ ទៅ​ទិញ​កាហ្វេ​មួយ​កែវ​ប៉ុណ្ណោះ។

បើក​ទ្វារ​ហាង​ភ្លាម កូន​ស្រី​ហាក់​មាន​អារម្មណ៍​ថា​ស្រាល​ខ្លួន​ណាស់ ដូច​អៀនៗ​ខ្លួន គ្មាន​ទំនុក​ចិត្ត។ ទៅ​ទិញ​កាហ្វេ ផឹក​បន្តិច ក៏​ចេញ​មក​វិញ ដោយ​មិន​ហាន​នៅ​យូរ​ឡើយ ខុស​ពី​ពេល​ដែល​មាន​លុយ​ពេញ​ហោប៉ៅ។ ពេល​នេះ ឪពុក​ក៏​ចាប់​ផ្ដើម​សួរ​កូន​ស្រី៖ "ចូល​ទៅ​ហាង ២​ដង​នេះ មាន​អ្នក​ណា​មើល​ងាយ​កូន​ទេ? ហើយ​កូន​មាន​អារម្មណ៍​ម៉េច​ដែរ? មាន​អ្នក​ណា​និយាយ​អី​ដាក់​កូន​ឬ​ទេ?”

កូន​ស្រី​គិត​មួយ​សន្ទុះ ក៏​រៀប​រាប់​ប្រាប់​ឪពុក​របស់​ខ្លួន៖ "ពេល​ខ្ញុំ​ចូល​លើក​ទី១ ខោ​អាវ​ខ្ញុំ​ថោកៗ សាមញ្ញ​មែន តែ​ខ្ញុំ​មាន​អារម្មណ៍​ល្អ ខ្ញុំ​មាន​ទំនុក​ចិត្ត​ណាស់ ព្រោះ​លុយ​ពេញ​ហោ​ប៉ៅ ទោះ​គេ​មើល​មក​ខ្ញុំ​បែប​សម្លឹង​លើ​សម្លឹង​ក្រោម​មែន តែ​ខ្ញុំ​អត់​មាន​ខ្វល់​សោះ ព្រោះ​ខ្ញុំ​គិត​ថា​មក​ពី​គេ​មិន​ដឹង​ក្នុង​ហោប៉ៅ​ខ្ញុំ មាន​លុយ​ច្រើន ស្រួល​មិន​ស្រួល​ច្រើន​ជាង​គេ​ផង​ក៏​ថា​បាន ចឹង​ខ្ញុំ​អត់​មាន​ខ្មាស​គេ​ទេ"។

កូន​ស្រី​រៀប​រាប់​បន្ត​ថា៖ "តែ​ពេល​ចូល​លើក​ទី២ ខោ​អាវ​ខ្ញុំ ស្បែក​ជើង​ខ្ញុំ សរុប​ជាង ៤០០​ដុល្លារ តែ​លុយ​ក្នុង​ហោ​ប៉ៅ មាន​តែ ៣​ដុល្លារ ដូច​អៀនៗ​ខ្លួន​ម៉េច​ទេ ហើយ​ស្រាល​ខ្លួន​ណាស់... ប្រហែល​គេ​មើល​មក​ខ្ញុំ​ថា​អស្ចារ្យ តែ​ខ្ញុំ​ខ្លួន​ឯង​នៅ​មិន​ស្រណុក​ចិត្ត​សោះ។ និយាយ​រួម​ទៅ គឺ​ចូល​លើក​ទី១ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជាង សុខ​ចិត្ត​សាមញ្ញ អ្នក​ក្រៅ​មើល​មក​អន់ តែ​យើង​ដឹង​ខ្លួន​ឯង​ថា​មិន​អន់​ដូច​គេ​គិត វា​ល្អ​ជាង​ប្រឹង​សម្ដែង ប្រឹង​បង្ហាញ​ទាំង​គ្មាន​អី​សោះ"។

ឪពុក​បាន​ស្ដាប់​ហើយ ក៏​ប្រាប់​ទៅ​កូន​ស្រី​វិញ៖ "កូន​ឃើញ​ទេ ចូល​ទៅ​ទាំង ២​លើក អត់​មាន​អ្នក​ណា មក​និយាយ​ដាក់​ត្រចៀក​កូន​ឯង មើល​ងាយ​ថា​កូន​ឯង​ក្រ ថា​កូន​ឯង​អន់​ទេ។ ទាំង ២​លើក គឺ​កូន​ជា​អ្នក​គិត​ខ្លួន​ឯង។ ទោះ​កូន​អន់ កូន​គ្មាន​អ្វី​សោះ គេ​សម្លឹង​មក​កូន​ដោយ​ក្រសែ​ភ្នែក​បែប​ណា​ក៏​ដោយ វា​មិន​បាន​ធ្វើ​ឱ្យ​កូន​ឈឺ​ចាប់​នោះ​ទេ ហើយ​បើ​កូន​មិន​យក​មក​គិត គឺ​កូន​នៅ​តែ​ជា​កូន ពេញ​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​ឯង​មាន។

ឪពុក​បាន​បន្ត​ទូន្មាន​ប្រាប់​កូន​ស្រី៖ "អ្នក​ស្លៀក​ពាក់​ថ្លៃៗ ឫក​ពារ​ក្អេង​ក្អាង មិន​ប្រាកដ​ថា​​​គេ​មាន​លុយ​ចាយ​គ្រប់ មិន​ជំពាក់​គេ​ទេ​កូន។ ជួន​ណា ដូច​កូន​ទៅ​លើក​ទី២ ចឹង គ្មាន​អ្វី​សោះ តែ​ប្រឹង​សម្ដែង​មុខ​គេ គិត​ថា​ខ្លួន​ឯង​អស្ចារ្យ សួរ​ថា​មាន​អ្នក​ណា​មក​សរសើរ​អត់ ព្រោះ​ជួន​កាល​អ្នក​ខ្លះ គេ​សាមញ្ញ​មែន តែ​ដូច​កូន​ដើរ​ចូល​ហាង​លើក​ទី១ ចឹង។ មនុស្ស​មិន​អាច​វាយ​តម្លៃ​តែ​សម្បក​ក្រៅ ក៏​មិន​អាច​មើល​ងាយ​អ្នក​ណា​បាន​ដែរ។ វា​គ្មាន​អី​អស្ចារ្យ​នឹង​របស់​ក្រៅ​ខ្លួន​ទេ​កូន សំខាន់​ត្រូវ​រស់​នៅ​ក្នុង​ការ​ពិត ហើយ​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន។ ដរាប​ណា កូន​មិន​បាន​មើល​ងាយ​ខ្លួន​ឯង គ្មាន​អ្នកណា​មក​មើល​ងាយ​កូន​បាន​ឡើយ គឺ​ដូច​ពេល​ចូល​ហាង​ទិញ​កាហ្វេ​លើក​ទី១ ចឹង​កូន"។

តម្លៃ​អប់​រំ​ក្នុង​រឿង​នេះ៖ តាម​ពិត មនុស្ស​ជា​ច្រើន តែង​គិត​ថា​គេ​មើល​ងាយ​ខ្លួន ប៉ុន្តែ​ត្រង់​ណា​ដែល​ថា​គេ​មើល​ងាយ? ពាក្យ​សម្ដី​មក​និយាយ​ប្រាប់? គេ​ដើរ​មក​ស្ដោះ​ទឹក​មាត់​ដាក់? នៅ​សុខ​ៗ​គេ​វាយ? តាម​ពិត អ្នក​ដែល​ថា​គេ​មើល​ងាយ មក​ពី​ខ្លួន​ឯង​មើល​ងាយ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ជីវិត​មនុស្ស​រស់នៅ មាន​ន័យ មាន​តម្លៃ មិន​មែន​ដោយសារ​តែ​ការ​ស្លៀក​ពាក់​ឡូយ​ឆាយ ចាយ​លុយ​គ្មាន​ប្រណី​នោះ​ទេ គឺ​ការ​រស់នៅ​ដោយ​មាន​សុភមង្គល ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន។

ត្រូវ​រស់នៅ​ក្នុង​បច្ចុប្បន្ន រស់នៅ​សម្រាប់​ខ្លួន​ឯង មិន​មែន​បំពេញ​ភ្នែក​អ្នក​ដទៃ​ឡើយ។ បើ​អ្នក​ប្រឹង​សម្ដែង ស្លៀក​ពាក់​ថ្លៃៗ ប្រើ​របស់​ថ្លៃៗ តែ​តាម​ពិត គឺ​អ្នក​ជំពាក់​បំណុល​គេ តើ​មាន​ន័យ​បែប​ណា? សួរ​ថា អ្នក​មាន​ខ្លះ គេ​មិន​ពាក់​របស់​ល្អ​ផង ហេតុអ្វី​អ្នក​ដទៃ​នៅ​គិត​ថា​គេ​មាន? ចុះ​ចំណែក​អ្នក​មិន​សូវ​ធូរធារ​ខ្លះ ខ្ចី​លុយ​ទៅ​ទិញ​របស់​ពាក់​ស្រោច​ខ្លួន ហេតុអ្វី​គេ​និយាយ​ដើម​ពេញ​ភូមិ? “Stay Humble” គឺ​រស់​នៅ​សាមញ្ញ​បំផុត ប៉ុន្តែ​មាន​ក្ដី​ស្រមៃ និង​ព្យាយាម​ដើម្បី​សម្រេច​ក្ដី​ស្រមៃ ក្លាយ​ជា​ការ​ពិត។ នោះ​ហើយ អត្ថន័យ​ពិត​នៃ​ជីវិត៕

ជួយ​ចុច Share បើ​អ្នក​គាំទ្រ​រឿង​នេះ!

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!