កំពូលអ្នកមានពាក់មាស មាសទាំងមួក ត្រូវប៉ូលិសដូរកងដៃមាស ដាក់ខ្នោះដែកហើយ

បុរស​ជន​ជាតិ​វៀតណាម​ម្នាក់ បាន​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម Facebook បន្ទាប់​ពី​បង្ហោះ​សម្ញែង​ភាព​មាន​បាន ដោយ​ពាក់​មាស​ទម្ងន់​រាប់​គីឡូ​លើ​ខ្លួន។ បើ​តាម​រូប​ភាព គេ​ឃើញ​បុរស​អ្នក​មាន​ជន​ជាតិ​វៀតណាម ពាក់​កង​ដៃ ខ្សែ​ក ចិញ្ចៀន​មាស​ធំៗ​ខុស​ពី​មនុស្ស​ទូទៅ ហើយ​ចុង​ក្រោយ​ស្រាប់​តែ​កុម្ម៉ង់​ជាង​ធ្វើ​មួក​ពី​មាស​ទៀត។ ប៉ុន្តែ​ពេល​នេះ សមត្ថកិច្ច​វៀតណាម​បាន​ដាក់​ប្ដូរ​កង​ដៃ​មាស ទៅ​ជា​ខ្នោះ​ដែក​វិញ​ហើយ។

ភាព​មាន​បាន​សម្ញែង​មាស​ពាក់​ពេញ​ខ្លួន របស់​អ្នក​មាន​វ័យ​ក្មេង​ឈ្មោះ Tran Ngoc Phuc បាន​ធ្វើ​មហាជន​មាន​ការ​ងឿង​ឆ្ងល់ ហើយ​សមត្ថកិច្ច​ក៏​ចាប់​ផ្ដើម​ស៊ើប​អង្កេត​បន្ត​បន្ទាប់។ ក្រោយ​មក ទើប​ដឹង​ថា​បុរស​ហៅ​ក្រៅ Phuc Xo រូប​នេះ ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​ដ៏​ធំ​មួយ​កន្លែង​ឈ្មោះ XO ហើយ​សមត្ថកិច្ច​ក៏​រក​ឃើញ​ថា មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​នោះ​ទៀត​ផង។

អំឡុង​ពេល​ប្រតិបត្តិការ​ឆ្មក់​ចូល​កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​មនុស្ស១០០​នាក់ ហើយ​ធ្វើ​តេស្ត​រក​ឃើញ​ថា ៣៩​នាក់ មាន​សារធាតុ​ញៀន។ លើស​ពី​នេះ អាជ្ញាធរ​ក៏​បាន​រក​ឃើញ​ថា ខារ៉ាអូខេ​ខាង​លើ បាន​ល្មើស​នឹង​ច្បាប់​អាជីវកម្ម​ជា​ច្រើន។ ក្រោយ​មក ប៉ូលិស​ថែម​ទាំង​បាន​ទៅ​ឆែកឆេរ​នៅ​ផ្ទះ​ឪពុក​ម្ដាយ​របស់ Tran Ngoc Phuc ទៀត​ផង ដើម្បី​រក​ភស្តុតាង​បន្ថែម​នៅ​ថ្ងៃ​ដដែល។

ក្រោយ​ការ​ស៊ើប​អង្កេត​ជា​ច្រើន​ថ្ងៃ សមត្ថកិច្ច​បាន​សម្រេច​ដក​គ្រឿង​មាស​ចេញ​ពី​ខ្លួន Tran Ngoc Phuc រួច​ជំនួស​កង​ដៃ​មាស ជា​ខ្នោះ​ដៃ​ដែក​វិញ ដោយ​ចោទ​ប្រកាន់​ពី​បទ​ជួយ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់។ ចំណែក​បក្ស​ពួក ១១​នាក់​ទៀត ក៏​ត្រូវ​ចាប់​ខ្លួន​ដែរ។ ក្នុង​នោះ​មាន​ទាំង​ប្អូន​ប្រុស​បង្កើត​របស់​អ្នក​មាន​រូប​នេះ ដែល​មាន​ឈ្មោះ​ថា Tran Ngoc Tai ក៏​ត្រូវ​បង​ប្រុស​នាំ​ទុក្ខ​ឱ្យ​ចាប់​ខ្លួន​ជា​មួយ​គ្នា​ដែរ។

បើ​តាម​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ បាន​បញ្ជា​ឱ្យ​បុគ្គលិក​បើក​ផ្លូវ​អតិថិជន នាំ​ចូល និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ផ្ទាល់។ ខារ៉ាអូខេ​នេះ ក៏​បាន​ផ្ដល់​នូវ​ឧបករណ៍​ប្រើ​ប្រាស់​សម្រាប់​សម្រួល​ដល់​ការ​ជក់​ថ្នាំ​ញៀន​ផង​ដែរ។ លើស​ពី​នេះ សមត្ថកិច្ច​ថែម​ទាំង​រក​ឃើញ​នៅ​ផ្ទះ​របស់​គេ មាន​លាក់​ទុក​គ្រឿង​ញៀន​យ៉ាង​ច្រើន​ផង​ដែរ ទើប​សមត្ថកិច្ច​សម្រេច​វាយ​ខ្នោះ​តែ​ម្ដង។

គួរ​បញ្ជាក់​ថា បុរស​ជន​ជាតិ​វៀតណាម​រូប​នេះ បាន​សម្ញែង​បង្ហោះ​វីដេអូ​បន្ត​បន្ទាប់ បង្អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដោយ​មាន​ការ​ពាក់​មាស​រាប់​សិប​គីឡូ។ ក្រៅ​ពី​នេះ ក៏​មាន​រថយន្ត​ស្រោប​មាស ម៉ូតូ​ស្រោប​មាស បង្ហាញ​តាម​ដង​ផ្លូវ​ផង​ដែរ។ ចុង​ក្រោយ​គេ គឺ​ល្បី​រឿង​មួក​មាស ដែល​មាន​តម្លៃ​ជាង ១,៨​ពាន់​លាន​ដុង (ប្រមាណ ៧៧៤០០​ដុល្លារ) ធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង៕ ​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!