ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិជាច្រើន របស់​លោក​ស្រី យីងឡាក់ ត្រូវ​​រឹប​អូស​គ្មាន​សល់

ទ្រព្យ​សម្បត្តិ​ជាង ៣០​ផ្សេង​គ្នា សរុប​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ របស់​អតីត​នាយករដ្ឋមន្ត្រី​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​បាន​នាយកដ្ឋាន​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ថៃ ប្រកាស​រឹប​អូស​យក​ទាំង​អស់ ដើម្បី​ជា​សំណង​​លើ​ការ​ខាត​បង់​ខ្លះ ក្រោម​គម្រោង​ទិញ​ស្រូវ​អង្ករ​ដ៏​ថ្លៃ ដែល​ធ្វើ​ឲ្យ​ថៃ​ខាត​បង់​ប្រាក់​​ជាង ១​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មេធាវី របស់​លោក​ស្រី យីងឡាក់។

​​​បើ​ទោះ​បី​តួលេខ​ជាក់​ស្ដែង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​រឹប​អូស មិន​ត្រូវ​បាន​បង្ហាញ​ដោយ​អាជ្ញាធរ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន គឺ​អាច​មាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ។ ក្នុង​ចំណោម​នោះ មាន​ទាំង​ផ្ទះ​តម្លៃ ១១០​លាន​បាត(ប្រមាណ ៣,៥​លាន​ដុល្លារ) របស់​អតីត​នាយករដ្ឋមន្ត្រី​ស្រី​ដំបូង​គេ​នៅ​ប្រទេស​ថៃ​រូប​នេះ ក៏​ត្រូវ​បាន​រឹប​អូស​ផង​ដែរ។

ក្រៅ​ពី​ផ្ទះ​ដែល​មាន​តម្លៃ​មហាសាល​ខាង​លើ នាយកដ្ឋាន​អនុវត្ត​ច្បាប់​របស់​ប្រទេស​ថៃ ក៏​បាន​រឹប​អូស ដី អាផាតមិន និង​គណនី​ធនាគារ​លើស​ពី ១២​គណនី។ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​អាច​លក់​បាន ក្រៅ​ពី​ផ្ទះ​ជាង ៣​លាន​ដុល្លារ​នោះ អាច​មាន​តម្លៃ​សរុប​ប្រមាណ ៣៥​លាន​បាត​ទៀត (ប្រមាណ ១,១​លាន​ដុល្លារ) អាច​នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ ដើម្បី​ដោះ​ស្រាយ​ករណី​ខូច​ខាត​ពី​គម្រោង​ទិញ​ស្រូវ​អង្ករ​​កាល​ពី​អ្នក​ស្រី យីងឡាក់ នៅ​កាន់​អំណាច។

លោក​ស្រី យីងឡាក់ ត្រូវ​បាន​តុលាការ​កំពូល​ថៃ​ចេញ​សាលដីកា កាត់​ទោស​ដាក់​ពន្ធនាគារ ​២​ឆ្នាំ លើ​ករណី​ប្រើ​គោលនយោបាយ​ខុស ពេល​កាន់​អំណាច។ ប៉ុន្តែ​លោក​ស្រី មិន​បាន​បង្ហាញ​ខ្លួន​ឡើយ ដោយ​ព្យាយាម​លាក់​មុខ និង​គេច​ខ្លួន​ទៅ​បរទេស​តាំង​ពី​ខែ​សីហា។ មិន​មាន​នរណា​បាន​ដឹង​ពី​កន្លែង​លាក់​ខ្លួន​របស់​លោក​ស្រី យីងឡាក់ ទេ ទោះ​បី​អាជ្ញាធរ​តាម​ប្រមាញ់​យក​មក​ដាក់​ពន្ធនាគារ​ក្ដី។

យ៉ាង​ណា​មិញ កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ ស្រាប់​តែ​មាន​រូប​ថត​មួយ​សន្លឹក បាន​បង្ហាញ​ថា លោក​ស្រី យីងឡាក់ មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ រូប​ថត​នោះ​ត្រូវ​បាន​ថត​ដោយ​អ្នក​ទេសចរ​ម្នាក់ ដែល​ចំណាំ​អ្នក​ស្រី​បាន ហើយ​ត្រូវ​គេ​ចែ្ក​ចាយ​បន្ត​ពេញ​បណ្ដាញ​សង្គម​តែ​ម្ដង។ មុន​ពេល​រូប​នោះ​ចែក​ចាយ ក៏​មាន​អ្នក​អះ​អាង​ថា បាន​ឃើញ​លោក​ស្រី​នៅ​ផ្សារ​ទំនើប​មួយ​នៃ​ប្រទេស​អង់គ្លេស ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ថៃ​ចាត់​វិធានការ​តាម​ស្វែង​រក​បន្ទាន់ ប៉ុន្តែ​មិន​ទាន់​បាន​ផល។

លោក​ស្រី យីងឡាក់ គឺ​ជា​ប្អូន​ស្រី​បង្កើត​របស់​អតីត​នាយក​រដ្ឋមន្រ្តី ថាក់ស៊ីង ស៊ីណាវ៉ាត្រា។ លោក​ស្រី​បាន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ទី២៨ នៅ​ឆ្នាំ​២០១១ និង​ដឹក​នាំ​ប្រទេស​រហូត​ដល់​ឆ្នាំ​២០១៤។ នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា នាយករដ្ឋមន្ត្រី​វ័យ ៥០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ ប្រកាស​ដក​តំណែង ដោយ​ចម្រូង​ចម្រាស ព្រោះ​មូលហេតុ​ប្រើ​អំណាច​ហួស​ព្រំ​ដែន៕​ (អត្ថបទ​បក​ប្រែ​ដោយ Angkor Fresh ហាម​លួច​ចម្លង​ដោយ​គ្មាន​ការ​អនុញ្ញាត)

 

ប្រែ​អត្ថបទ៖ លី គីមហ្គិច
ប្រភព៖ Bangkok Post

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!