យកអ្នកជំងឺទៅពេទ្យល្ងាចថ្ងៃសុក្រ ពេទ្យថាគ្មានគ្រូពេទ្យទេ រង់ចាំថ្ងៃច័ន្ទទើបធ្វើការ

កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​ឆ្នាំ​២០១៩​ ម្សិល​មិញ​នេះ មាន​នារី​ម្នាក់​បាន​សម្ដែង​អារម្មណ៍​មិន​ពេញ​ចិត្ត​ដោយ​​រិះគន់​ខ្លាំងៗ ទៅ​លើ​មន្ទីរ​ពេទ្យ​ធំ​ ខេត្ត​បាត់ដំបង​ថា ពុំ​មាន​សីលធម៌​វិជ្ជាជីវៈ​ជា​គ្រូ​ពេទ្យ ​ដោយ​ទុក​អ្នក​ជំងឺ​ចោល​និង​តម្រូវ​ឲ្យ​អ្នក​ជំងឺ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ច័ន្ទ ទើប​មាន​គ្រូ​ពេទ្យ​មក​ព្យាបាល​ ទាំង​ស្ថាន​ភាព​អ្នក​ជំងឺ​ត្រូវ​ការ​សង្គ្រោះ​ភ្លាមៗ​ បន្ទាប់​ពី​អ្នក​ជំងឺ​ជួប​គ្រោះ​ថ្នាក់​ ​ដួល​ម៉ូតូ​ប៉ះពាល់​​ផ្នែក​ក្បាល។

ដោយ​សារ​តែ​ទ្រាំ​នឹង​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​ និង​ការ​ឆ្លើយសម្ដី​អាក្រក់​ពិបាកស្ដាប់ នារី​ខាង​លើ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ចែ ជីវី បាន​សរសេរ​រៀប​រាប់​ថា៖ «ពេទ្យ​ធំ​ខេត្ត​បាត់ដំបង មនុស្ស​ឈឺ​ថ្ងៃ​សុក្រ​ល្ងាច ​គេ​ប្រាប់​ថា​អត់​មាន​ពេទ្យ​មើល ចាំ​ថ្ងៃ​ច័ន្ទ​ អីចឹង​មនុស្ស​ជិត​ស្លាប់​ចាំ​ថ្ងៃ​ច័ន្ទ ស្លាប់​មែន? និយាយ​ពី​សំ​ដី​វិញ​ដូច​ជះ​មួយ​កន្ថោរ» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជំងឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​រងគ្រោះ​ផ្នែក​ក្បាល ​ត្រូវ​ការស្កេន​ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល។ ខាង​មន្ទីរ​ពេទ្យ​ធំ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ចាំ​បែប​នេះ បង​ប្អូន​សាច់​ញាតិ​មិន​អាច​រង់​ចាំ​បាន​ក៏​សម្រេច​ចិត្ត​យក​អ្នក​ជំងឺ​ទៅ​ពេទ្យ​ឯក​ជន​តែ​ម្ដង។ នារី​ខាង​លើ​ត្រូវ​ជា​មីង​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ដោយ​សារ​តែ​ជីវភាព​មិន​សូវ​ធូរធារ​ទើប​នាំ​ក្មួយ​មក​មន្ទីរ​ពេទ្យ​រដ្ឋ​បែប​នេះ តែ​មិន​នឹក​ស្មាន​ថា​ពេទ្យ​ធំ ​បែរ​ជា​គ្មាន​គ្រូ​ពេទ្យ​ធ្វើ​ការ​​ដោយ​ទុក​អ្នក​ជំងឺ​ចោល​​បែប​នេះសោះ​៕(អត្ថបទ៖និស្ស័យ)

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!