ស្ដាប់ការរៀបរាប់របស់ មាស សុខសោភា ទើបដឹងថា ឱក សុគន្ធកញ្ញា ជាមនុស្សបែបណា

តារា​ចម្រៀង​​ដ៏​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្សមាស ឱក សុគន្ធកញ្ញា បាន​បញ្ចប់​ភាព​នៅ​លីវ​ត្រឹម​ថ្ងៃ​នេះ ដោយ​សំពះ​ផ្ទឹម​ជាមួយ​ដៃគូ​ជីវិត​គឺ​លោក អ៊ឹង សុខលី ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​ម្ចាស់​ផលិតកម្ម​តែ​ម្ដង។ ក្នុង​នោះ គេ​ឃើញ​មាន​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ប្រទេស គឺ​សម្ដេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ ព្រម​ទាំង​អ្នក​មុខ​អ្នក​ការ និង​អ្នក​សិល្បៈ​ចូល​រួម​យ៉ាង​ច្រើន។ ដោយ​ឡែក មាស សុខសោភា មិន​បាន​ចូល​រួម​ឡើយ ប៉ុន្តែ​លើក​យក​ប្រវត្តិ​មួយ​ចំនួន​រៀប​រាប់​ទាំង​សោក​ស្ដាយ។

បើ​តាម​ការ​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម មាស សុខសោភា មាន​ធុរៈ​នៅ​ក្រៅ​ប្រទេស មិន​បាន​ចូល​រួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់ ឱក សុគន្ធកញ្ញា ដែល​ជា​មិត្តភក្តិ និង​ប្អូន​ស្រី​ដ៏​ល្អ​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន បាន​រៀប​រាប់​​ប្រវត្តិ​ស្គាល់​គ្នា ដែល​បង្ហាញ​ថា ឱក សុគន្ធកញ្ញា ជា​មនុស្ស​មាន​សន្ដានចិត្តល្អ ចេះ​ជួយ​អ្នក​ដទៃ។ មាស សុខសោភា បាន​បញ្ជាក់​ទៀត​ថា ​កញ្ញា​ បាន​ជួយ​ណែនាំ​ខ្លួនយ៉ាង​ច្រើន ជួយ​ផ្ដល់​ភាព​រីករាយ បន្សល់​អនុស្សាវរីយ៍ ព្រម​ទាំង​ធ្លាប់​ជួយ​ដូរ​សំបក​កង់​រថយន្ត​ជាមួយ​គ្នា ពេល​ឡើង​មក​ច្រៀង​នៅ​ភ្នំពេញ​ដំបូង។

មាស សុខសោភា បាន​បង្ហោះ​រៀប​រាប់​ថា៖ "ក្នុងនាម​ជា​មិត្រ​រួម​ការងារ​ម្នាក់ នាង​ខ្ញុំ​ពិតជា​មានអារម្មណ៍​ថា​សោកស្តាយ​ដែល​មិនបាន​ចូលរួម​ក្នុង​ថ្ងៃ​ពិសេស​មួយ​នេះ ​​ហើយ​វា​លើសពី​សោកស្តាយ​ប្រសិនបើ​នាង​ខ្ញុំ​យក​អារម្មណ៍​ក្នុងនាម​ជា​បងស្រី​ម្នាក់​​​ដែល​មិនបាន​និយាយ​ពាក្យ​ជូន​ពរ​ដោយផ្ទាល់​ដល់​ប្អូនស្រី​​​ក្នុង​ថ្ងៃ​​​ម​ង្គ​ល​ដែលមាន​តែម្តង​ក្នុង​ជីវិត​។​បើសិនជា​មាន​វេទមន្ត​​​​ នាង​ខ្ញុំ​និង​ធ្វើវា​ភ្លាម​ដើម្បី​សម្រេច​បំ​ណង​ប្រាថ្នា​ចង់​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ។ ​

​កញ្ញា​​ គឺ​មិន​ត្រឹមតែ​ជា​មិត្រ​រួម​ការងារ​ម្នាក់​នោះទេ​​ ថែមទាំង​ជា​ប្អូនស្រី​ដ៍​ល្អ​ម្នាក់​របស់​ខ្ញុំ​។​ យើង​បាន​ចែក​រំលែ​កអាថ៌​កំ​បាំង​ជាច្រើន​​ និង​ឆ្លងកាត់​នូ​វ​អនុស្សាវរីយ៍​សប្បាយរីករាយ​រួម​រួមគ្នា​រាប់មិនអស់​។ អរគុណ​សម្រាប់​ការណែនាំ​ដល់​បងស្រី​ម្នាក់​នេះ ​​​អំពី​មេរៀ​ន​ជីវិត​ជា​អ្នក​ច​ម្រៀ​ង​នាពេល​រាត្រី​​ កំឡុងពេល​​​ដែល​នាង​ខ្ញុំ​មកដល់​រាជធានី​ភ្នំ​ពេញ​ដំ​បូ​ង​​។

អរគុណ​សម្រាប់​ការណែនាំ​ដល់​បងស្រី​ម្នាក់​នេះ​ឱ្យយល់​​​ និង​ស្គាល់​​​អំពី​អ្វី​ទៅ​ដែលជា​​​ភាព​សប្បាយរីករាយ lol, និង​ការ​កំសាន្ត​ជាមួយ​ក្រុមការងារ​។ អនុស្សាវរីយ៍​ដ៏​​​ជូរចត់​មិនអាច​បំភ្លេច​បាននោះ​គឺ​ពេលវេលា​ដែល​កញ្ញា​​ជួយ​ខ្ញុំ​ផ្លាស់ប្តូរ​សំបក​កង់​របស់​ខ្ញុំ​​​ទាំង​កណ្តាល​យ​ប់​នៅលើ​ស្ពាន​ជ្រោយចង្វារ​នៅពេលដែល​យើង​ចេញពី​ច្រៀ​ង​ជាមួយគ្នា​។​

​សម្លាញ់​ម្នាក់​នេះ​​ បងស្រី​ម្នាក់​នេះ​​ ពិតជា​រំភើប​​​​​ ​​ត្រេកអរ​​​ជា​ខ្លាំង​ដែល​សម្លាញ់​ក៏ដូចជា​ប្អូនស្រី​បាន​រកឃើញ ដៃ​គូជីវិត​។ សូម​អបអរសាទ​រ​និង​ជូន​ពរ​ពី​ចង្ងាយ​ដល់​ប្អូនស្រី​កញ្ញា​​​និង​ស្វាមី​ក្នុង​ថ្ងៃ​ជ័យ​មង្គល​​​ទទួលបាន​នៅ​សុខ​​ សុភម​ង្គ​ល និង​ស្រឡាញ់គ្នា​ជា​រៀងរហូត !!!

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!