អស្ចារ្យ​ណាស់! ក្មេង​ស្រី​ម្នាក់​អាច​ច្រៀង ១០២​ភាសា មាន​ទាំង​បទ​ចម្រៀង​ខ្មែរ បំបែក​កំណត់​ត្រា​ពិភពលោក (បទ​ខ្មែរ​នៅ​នាទី4:25)

ក្មេង​ស្រី​ជន​ជាតិ​ឥណ្ឌា​ម្នាក់ ដែល​មាន​អាយុ​ទើប ១២​ឆ្នាំ ពិត​ជា​មាន​សមត្ថភាព​ដ៏​ពិសេស​មិន​នឹក​ស្មាន​ដល់ ដោយ​អាច​ច្រៀង​ចម្រៀង​បាន​ដល់​ទៅ ១០២​ភាសា​យ៉ាង​ច្បាស់ ក្នុង​មួយ​ពេល​ព្រម​គ្នា រហូត​បំបែក​កំណត់ត្រា​ពិភពលោក។ ចម្រៀង​ដែល​នាង​លើក​យក​ច្រៀង ក៏​មាន​មួយ​បទ​ជា​ភាសា​ខ្មែរ​យ៉ាង​ពីរោះ​ក្រអួន​ក្រអៅ​គឺ «ខ្ញុំ​ស្រលាញ់​ស្រី​តូច» ដែល​ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាម៊ុត។

ក្មេង​ស្រី​ដែល​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ មាន​ឈ្មោះ Suchetha Satish ជា​សិស្ស​ថ្នាក់​ទី៧ នៃ​សាលារៀន​ឥណ្ឌា នៅ​ទី​ក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម។ នៅ​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មករា​កន្លង​ទៅ Suchetha បាន​ច្រៀង​ចម្រៀង​ដល់​ទៅ ១០២​ភាសា បន្ត​បន្ទាប់​គ្នា​ក្នុង​ពេល​តែ​មួយ រហូត​អាច​បំបែក​កំណត់ត្រា​ពិភពលោក ហើយ​ទើប​ទទួល​បាន​លិខិត​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ។ នៅ​ក្នុង​ចំណោម ១០២​ភាសា ដែល​ក្មេង​ស្រី​ឥណ្ឌា​លើក​មក​ច្រៀង ក៏​មាន​មួយ​បទ​ជា​ភាសាខ្មែរ​គឺ «ខ្ញុំ​ស្រលាញ់​ស្រី​តូច» ដែល​ប្រិយមិត្ត​អាច​ទស្សនា​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​ផុត​នៃ​អត្ថបទ ចាប់​ពី​នាទី​ទី 4:25។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Suchetha Satish ចាប់​ផ្ដើម​ច្រៀង​នៅ​ម៉ោង ៤:១០​នាទី​ល្ងាច ហើយ​បន្ត​រហូត​ដល់​ចប់​នៅ​ម៉ោង ១០:៣០​យប់​ថ្ងៃ​ដដែល​ដោយ​គ្មាន​ឈប់​សម្រាក។ នាង​អស់​កម្លាំង​យ៉ាង​ខ្លាំង ក្រោយ​ពេល​បញ្ចប់​បទ​ចម្រៀង​ចុង​ក្រោយ ហើយ​សរុប​រយៈពេល​ដែល​នាង​ឈរ​ច្រៀង​ប្រហែល​ជាង ៦​ម៉ោង​ឯណោះ។ ភាសា​ដែល​នាង​លើក​យក​មក​ច្រៀង ស្ទើរ​ទាំង​អស់​ជា​របស់​ប្រទេស​ប៉ែក​អឺរ៉ុប និង​ឥណ្ឌា​មាន ២៦​ភាសា ខណៈ​ភាសា​ផ្សេង​ទៀត​លាយ​ចម្រុះ​តាំង​ពី​អាមេរិក​ឡាទីន រហូត​ដល់​អាស៊ី​អាគ្នេយ៍។

អ្នក​ចូល​រួម​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ឃើញ​នាង​អាច​ច្រៀង​បាន​ដល់​ទៅ ១០២​ភាសា​ជាប់​គ្នា ដោយ​គ្មាន​ការ​ឈប់​សម្រាក។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ក៏​មាន​ការ​ចូល​រួម​ពី​ស្មាន​អគ្គ​កុងស៊ុល​របស់​ប្រទេស​ឥណ្ឌា ប្រចាំ​នៅ​ឌូបៃ ព្រម​ទាំង​មន្រ្តី​ជា​ច្រើន​ទៀត ដែល​ជា​កិត្តិយស​ដល់​ប្រទេស​ក្មេង​ស្រី​នេះ ព្រម​ទាំង​ប្រទេស​ជាតិ​ជា​ខ្លាំង។ ក្មេង​ស្រី Suchetha Satish ក៏​បាន​ផ្ញើ​បទ​ចម្រៀង​នេះ ដល់​នាយករដ្ឋមន្រ្តី​ឥណ្ឌា Shri Narendra Modi និង​នាយក​រដ្ឋមន្រ្តី​ប្រទេស​អារ៉ាប់រួម HH Sheikh Mohammed Bin Rashid Al Maktoumព្រម​ទាំង​ប្រជាជន​ទាំង​អស់​នៅ​លើ​ពិភពលោក។

តាម​ពិត​ទៅ ក្មេង​ស្រី​ជន​ជាតិ​ឥណ្ឌា​រូប​នេះ មាន​សមត្ថភាព​ពិសេស​ខាង​ផ្នែក​ចម្រៀង​តែ​ម្ដង ហើយ​នាង​ក៏​ពូកែ​ខាង​រាំ​ណាស់​ដែរ។ នាង​បាន​ចាប់​ផ្ដើម​រៀន​តន្រ្តី​តាំង​ពី​អាយុ ៤​ឆ្នាំ និង​ធ្លាប់​សម្ដែង​លើ​ឆាក​ជា​ច្រើន​ទាំង​នៅ​ប្រទេស​ឥណ្ឌា និង​នៅ​ប្រទេស​អារ៉ាប់រួម។ នាង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ទៅ​លើ​ផ្នែក​តន្រ្តី​នេះ តាំង​ពី​កុមារ​មក ដែល​កម្រ​មាន​អ្នក​ធ្វើ​បាន​ដូច​ណាស់។

ភាសា​ដែល​នាង​លើក​យក​មក​ច្រៀង​ទាំង ១០២​ភាសា មាន​ទាំង​អាល់បានី បេឡារូស ប៊ុលហ្គារី ក្រូអាត ឆេក ហ្សកហ្ស៊ី ហុល្លង់ អេស្តូនី ហ្វាំងឡង់ បារាំង អេស្ប៉ាញ អាល្លឺម៉ង់ ឥណ្ឌា ចិន ជប៉ុន ភាសាខ្មែរ ម៉ាឡេស៊ី វៀតណាម អ៊ុយក្រែន ថៃ ណេប៉ាល់ ស៊ុយអែត ទួរគី ព័រទុយហ្គាល់ អារ៉ាប ក្រិក កាណាដា រុស្ស៊ី កូរ៉េ អង់គ្លេស វែល និង​ភាសា​នៃ​ប្រទេស​ជា​ច្រើន​ទៀត។

គួរ​បញ្ជាក់​ថា កំណត់​ត្រា​ច្រៀង​បន្ត​បន្ទាប់​បាន​ច្រើន​ភាសា​បំផុត កាល​ពី​មុន ធ្វើ​បាន​ដោយ​លោក Kesiraju Srinivas a.k.a Ghazal Srinivas នៅ​រដ្ឋ Andhra Pradesh ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ​២០០៨ ដោយ​ច្រៀង​បាន ៧៦​ភាសា៕ ​(អត្ថបទ Angkor Fresh ហាម​លួច​ចម្លង​ដោយ​គ្មាន​ការ​អនុញ្ញាត)

ទស្សនា​វីដេអូ ដែល​នាង​ច្រៀង​បទ​ខ្មែរ​នៅ​នាទី​ទី៤:២៥​ ដើម្បី​ដឹង​ថា​ពីរោះ​យ៉ាងណា៖

 

បក​ប្រែ៖ លី គីមហ្គិច

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!