អ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល នឹងការរក្សាសពជាង ២ពាន់ឆ្នាំ នៃប្រពន្ធអភិជនម្នាក់ ហើយរកឃើញទាំងមូលហេតុនៃការស្លាប់
រឿងរ៉ាវរក្សាសាកសពជាង ២ពាន់ឆ្នាំនៅប្រទេសចិន បានល្បីពាសពេញពិភពលោកអស់ជាច្រើនឆ្នាំមកហើយ។ រហូតមកដល់បច្ចុប្បន្ន គ្មានអ្នកវិទ្យាសាស្ត្រណាអាចបកស្រាយរួច ថាក្នុងពេលនោះ គេបានប្រើបច្ចេកទេសអ្វី ទើបអាចធ្វើឲ្យសាកសពមិនរលួយ ហើយមានសភាពធម្មតាទាំងសរីរាង្គខាងក្នុង។ ការរក្សាសពដ៏ល្អនេះ អាចធ្វើឱ្យអ្នកវិទ្យាសាស្ត្ររកឃើញទាំងមូលហេតុនៃការស្លាប់ពេលនោះទៀតផង។
Lady of Dai ដែលត្រូវគេស្គាល់ថាមានឈ្មោះ Xin Zhui មានជីវិតនៅក្នុងរាជវង្សហាន(ឆ្នាំ២០៦ មុនគ្រិស្តសករាជ រហូតដល់ឆ្នាំ២២៩ នៃគ្រិស្តសករាជ) ជាប្រពន្ធរបស់អភិជនម្នាក់ឈ្មោះ Li Cang នៃជនជាតិភាគតិច Dai។ នាងបានស្លាប់ក្នុងចន្លោះឆ្នាំ ១៧៨-១៤៥មុនគ្រិស្តសករាជ នៅអាយុប្រហែល ៥០ឆ្នាំ។ ចំណែកមូលហេតុស្លាប់ អាចបណ្ដាលមកពីជំងឺគាំងបេះដូង ដែលអ្នកវិទ្យាសាស្ត្រចាត់ទុកថាជាករណីដំបូងបំផុត។
សាច់របស់សាកសពហាក់នៅទន់ល្អ ឯដៃ និងជើងទាំងសងខាង សុទ្ធតែអាចបត់បាន។ ចំណែកគ្រឿងក្នុងវិញ គ្មានការខូចខាតឡើយ ហើយអ្នកវិទ្យាសាស្ត្រនៅអាចពិនិត្យដឹងថា នាងមានឈាមប្រភេទ A ទៀតផង។ អ្វីដែលគួរឲ្យស្ញប់ស្ញែងនោះ គឺនាងនៅមានសក់ និងត្របកភ្នែក ដែលពិបាកធ្វើឲ្យអ្នកវិទ្យាសាស្ត្រពិបាកជឿថាអាចនៅរក្សាបានយ៉ាងល្អដូចនេះ។
ក្ដារមឈូសរបស់ Xin Zhui ត្រូវប្រទះឃើញក្នុងទីទួលមួយនៅក្រុង Changsha ខេត្ត Hunan ប្រទេសចិន ក្នុងឆ្នាំ១៩៧១ នៅពេលកម្មករកំពុងជីកលេណដ្ឋានក្រោមដី។ សពរបស់លោកស្រី Zhui ត្រូវរុំជិតដោយសូត្រ ជាង២០ស្រទាប់ និងរក្សាទុកក្នុងក្ដារមឈូស ៤ជាន់ ហើយប្រើធ្យូង និងដីឥដ្ឋបិទពីក្រៅយ៉ាងរឹងមាំរហូតបាក់តេរីមិនអាចចូលបាន។
យ៉ាងណាក្ដី រហូតមកដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រនៅតែមិនអាចបកស្រាយបានថា តើគេបានប្រើសារជាតិអ្វីបន្ថែមទៀត ទើបរក្សាសាកសពមិនឲ្យរលួយ ព្រោះតាមធម្មតាគឺមិនអាចទៅរួចនោះទេ។ សាកសពនេះត្រូវរក្សាទុកនៅ សារមន្ទីរខេត្ត Hunan ដើម្បីធ្វើការពិសោធន៍បន្តទៀត៕