ឃើញកប៉ាល់ដឹកទំនិញធំមួយគួរឱ្យសង្ស័យ ប៉ូលិសឡើងទៅឆែកមើលទើបដឹងរឿងញាក់សាច់

សមត្ថកិច្ច​នៅ​រដ្ឋ Philadelphia របស់​សហរដ្ឋអាមេរិក បាន​ប្រទះ​ឃើញ​កប៉ាល់​គួរ​ឱ្យ​សង្ស័យ​មួយ ក៏​នាំ​គ្នា​ឡើង​ទៅ​ឆែក​ឆេរ​មើល រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​កូកាអ៊ីន​ពេញ​កប៉ាល់។ សារធាតុ​ញៀន​ទាំង​នោះ មាន​ទម្ងន់​ដល់​ទៅ​ជិត ២០​តោន គិត​ជា​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ ហើយ​នេះ​ជា​ការ​រឹប​អូស​បាន​ថ្នាំ​ញៀន​​ប្រភេទ​កូកាអ៊ីន​ធំ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ទម្ងន់​សរុប​នៃ​កូកាអ៊ីន​នេះ​គឺ ១៦,៥​តោន ត្រូវ​ដឹក​តាម​កប៉ាល់​ដែល​មាន​ឈ្មោះ MSC Gayane ដំណើរ​ការ​ដោយ​ក្រុមហ៊ុនJP Morgan។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា កប៉ាល់​នេះ​បាន​ចេញ​ដំណើរ​មក​ពី​ប្រទេស​កូឡុំប៊ី តាំង​ពី​ខែ​ឧសភា ហើយ​ថែម​ទាំង​ឈប់​សំចត​នៅ​តាម​ផែ​មួយ​ចំនួន​ក្នុង​ប្រទេស​ប៉េរូ ប៉ាណាម៉ា និង​បាហាម៉ាស ប៉ុន្តែ​មិន​មាន​ការ​ឆែក​ឆេរ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​អាមេរិក​ក៏​បាន​ចាប់​ខ្លួន​ក្រុម​ការងារ​យ៉ាង​តិច ៦​នាក់ ដែល​មាន​មក​ពី​ប្រទេស​ស៊ែប និង​កោះ​សាម៉ៅ ដោយ​ចោទ​ប្រកាន់​ពី​បទ​ដឹក​ជញ្ជូន​កូកាអ៊ីន។ បើ​តាម​អ្នក​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​គ្រឿង​ញៀន​ទាំង​នេះ អាច​ចរាចរណ៍​បាន​លើ​ទីផ្សារ វា​នឹង​សម្លាប់​មនុស្ស​រាប់​លាន​នាក់ ហើយ​ប៉ះ​ពាល់​ដល់​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត ព្រោះ​ជា​ការ​ចរាចរណ៍​ធំ​បំផុត​មួយ។

បន្ទាប់​ពី​កើត​រឿង​រ៉ាវ​នេះ​ភ្លាម ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ទាក់​ទង​ទៅ​ក្រុមហ៊ុន JP Morgan ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ មិន​ផ្ដល់​បទ​សម្ភាស​ណា​មួយ​ឡើយ។ បើ​តាម​ក្រុម​មន្រ្តី​ដែល​ស៊ើប​អង្កេត​ផ្ទាល់​បាន​ឱ្យ​ដឹង​ថា ថ្នាំ​ញៀន​ទាំង​នោះ ត្រូវ​បាន​លាក់​នៅ​ក្នុង​កុងតឺន័រ​ចំនួន៧ ផ្សេង​គ្នា។ ការ​ស្រាវជ្រាវ​រក​ឃើញ​ថ្នាំ​ញៀន​ក្នុង​កប៉ាល់​ដ៏​ធំ​នេះ គឺ​ដោយសារ​សុនខ​ហីត​ក្លិន និង​ការ​ថត​កាំរស្មី៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!