សង់បានជាង ២ឆ្នាំ គម្រោងពន្ធនាគារ VIP នៅខ្មែរ តម្លៃ ៤លានដុល្លារ ត្រូវបោះបង់ចោលវិញ

កម្ពុជា​បានសម្រេច​បោះបង់ ចោល​នូ​វ​គ​ម្រោង ពន្ធនាគារ វី​អាយ​ភី (VIP) ដែល​វិនិយោ​គជាមួយ​ក្រុមហ៊ុន​ឯក​ជន ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​តាំង​ពី​ឆ្នាំ​២០១៦ និង​ចាប់​ផ្ដើម​សាងសង់​តាំង​ពី​ឆ្នាំ​២០១៧។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ខៀវ សុ​ភ័​គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ។

បើ​តាម​អ្នក​នាំ​ពាក្យ​ខាង​លើ បាន​បញ្ជាក់​ថា ការ​បោះ​បង់​ចោល​គម្រោង គឺ​ក្រោយពី​ធ្វើ​ការសិក្សា រក​ពុំ​ឃើញ​មាន​ប្រទេស​ណាមួយ ធ្វើ​ពន្ធនាគារ​ទំនើ​បបែប​នេះ សម្រាប់​ឃុំខ្លួន​អ្នកជាប់​ឃុំ ដែល​មាន​ល​ទ្ធភាព​បង់ប្រាក់ ខណៈ​ការសាងសង​ជិត បាន​រួចរាល់​ហើយ​។ នេះ​បើ​យោងតាម គេហ​ទំព័រ​របស់លោក វ​ឌ្ឍ​នា សារព​ង្ស សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិ​គ្រោះ និង​ផ្ដល់យោបល់ និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​។

លោក ខៀវ សុ​ភ័គ​ថ្លែងថា «​យើង​ធ្វើ​ក៏​អត់​មាន​ល​ទ្ធភាព​ធ្វើ​ដែរ​។ យើង​ដើរទៅ​មើល​ប្រទេស​គេ​ផ្សេង អត់​មាន​ប្រទេស​ណា គេ​មានបទពិសោធន៍ ធ្វើ​ពន្ធនាគារ​នេះទេ​។ អ៊ីចឹង យើង​ក៏​បោះបង់ចោលគ​ម្រោ​ង​នេះ​ទៅ​។​ប្រទេស​គេ​ផ្សេងៗ អត់​ទាន់​មាន​ធ្វើ បើ​យើង​ធ្វើ​គេ​នឹង​យក​គំរូ​តាម​យើង ហើយ​បើ​យើង​ធ្វើ​តែឯង​ក៏​មិនកើត​ដែរ​»​។ បើ​តាម​លោក ខៀវ សុ​ភ័​គ បាន​ឲ្យ​ដឹងថា គ​ម្រោង​ពន្ធនាគា​រវី​អាយ​ភី​នេះ កន្លង​មក ក្រសួង​មហាផ្ទៃ​បាន ឲ្យ​ក្រុមហ៊ុ​នឯកជន​មួយ វិនិយោគ​ធ្វើ​ពន្ធនាគារ​នេះ ដោយ​ពេល​បញ្ចប់​ការសាងសង់ នឹង​ឲ្យ​ជនជាប់ទោ​សបង់ថ្លៃ​ស្នាក់នៅ ក្នុង​តម្លៃថោក​បំផុត​។​

អគារ​ពន្ធនាគារ សម្រាប់​អ្នក​ដែល​មាន​ល​ទ្ធភាព​បង់ថ្លៃ​ស្នាក់នៅ ត្រូវបាន​សាងសង់​កាលពី​ខែ ឧសភា ឆ្នាំ ២០១៧ ដោយ​មាន​ការ​វិនិយោគ ជាមួយ​ក្រុមហ៊ុន គន្ធ​រី​ខុន ហូល​ឌី​ង ក្នុង​ទឹកប្រាក់​ប្រមាណ ៤ លាន​ដុល្លា​រលើ​ផ្ទៃដី​ទំហំ ៣ ហិកតា​។ ដោយឡែក លោក អំ សំអាត ប្រធាន​​​ផ្នែក​​​បច្ចេកទេស​​​ស៊ើបអង្កេត​​​នៃ​​​អង្គការ​​​លីកាដូ បាន​​​ស្វា​គមន៍​​​ចំពោះ​​​ការសម្រេចចិត្ត​​​លុបចោល​​​គ​ម្រោង​​​ពន្ធនាគារ​​​លំដាប់ VIP នេះ​​​របស់​​​រដ្ឋាភិបាល ។ ព្រោះ​​​លោក​​​ថា ក្នុង​​​កាលៈទេសៈ​​​នេះ កម្ពុជា​​​មិនគួរ​​​មាន​​​ពន្ធនាគារ​​​ប្រភេទ​​​នេះ​​​នោះទេ ហើយក៏​​​អវិជ្ជមាន​​​ច្រើន ដែល​​​ប្រទេសជិតខាង​​​យើង គេ​​​ក៏​​​មិនទាន់មាន​។

​គួរ​បញ្ជាក់​ដែរ​ថា អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញវត្ថុ នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​២០១៦​ បាន​រៀបចំ​ពិធី ចុះហត្ថលេខា លើ​កិច្ចសន្យា​គ​ម្រោង​វិនិ​យោគ​សាងសង់​អគារ​ស្នាក់នៅ ពន្ធនាគារ រវាង​ក្រសួង​មហាផ្ទៃ និង​ក្រុមហ៊ុន គន្ធ​រី​ខុន ហូល​ឌី​ង ក្រោម​អធិបតីភាព នាយ​ឧត្តមសេនី​យ៍ ម៉ៅ ប៊ុន​ណារិន អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញវត្ថុ នៃ​ក្រសួង​មហាផ្ទៃ ។​

​ក្រៅពី​ការអនុវត្ត គ​ម្រោង​ផ្លូវការ ក្នុង​ការសាងសង់ អគារ​ពន្ធនាគារ​ស្នាក់នៅ ក៏​មាន​ការ​ចុះហត្ថលេខា​លើ​គម្រោ​ង​អប់​រំ​កែប្រែ អ្នកប្រើប្រាស់​ថ្នាំ​ញៀន , និង​អគារ​ថែទាំ​សុខភាព សម្រាប់​ផ្តល់​សេវាកម្ម​​​ដល់​ជន​ជាប់​ឃុំ​ទាំងឡាយ ដែល​មាន​ល​ទ្ធភាព បង់ថ្លៃ​សេវា​ស្ម័គ្រចិត្ត​។​ នៅក្នុង​ឱកាស​នោះ លោក ម៉ៅ ប៊ុន​ណារិន បាន​ស្វា​គមន៍ លោក យូ ឆេង​ម៉ិញ អគ្គនាយក​ក្រុមហ៊ុន គន្ធ​រី​ខុន ហូល​ឌី​ង ដែល​បាន​សម្រេចចិត្ត​វិនិយោគ គ​ម្រោង​សាងសង់​អគារ​ស្នាក់​​​នៅ​ពន្ធនាគារ​នៅក្នុង​ក្រសួង​មហាផ្ទៃ​នៃ​កម្ពុជា ដោយ​សុភ​វិនិច្ឆ័យ​ត្រឹមត្រូវ និង​មាន​ទំនុបចិត្ត​ខ្ពស់​មកលើ​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

គ​ម្រោង​សាងសង់​ពន្ធនាគា​រ​ថ្មី​នោះ ត្រូវបាន​ម​ន្ត្រី​អះអាងថា ជា​ពន្ធនាគារ​ទំនើប​ដំ​បូ​ង​គេ ដែល​អនុញ្ញាត​ឲ្យ​អ្នក​មាន​កម្រិតជីវភាព​ធូរធា​ធូរធា​ស្នាក់នៅ ជាមួយនឹង​ការ​គ្រប់​គ្រង ដោយ​ប្រព័ន្ធ​សុវត្ថិភាព​យ៉ាង​ល្អិតល្អន់ ហើយ​ពន្ធនាគារ​ថ្មី​នេះ រំពឹងថា​នឹង​ជួយ​សម្រួល ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បច្ចុប្បន្ន និង​នាំមក​នូ​វ​ប្រាក់​ចំណូល ជូន​រាជ​រដ្ឋាភិបាល​ទៀតផង។ ប៉ុន្តែ​ពេល​នេះ វា​ត្រូវ​បាន​បោះ​បង់​ចោល​វិញ​ហើយ៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!