ដេញតាមទូកមួយ រហូតម្ចាស់រត់ចោលបាត់ ឡើងទៅឆែកឃើញទ្រព្យសម្បត្តិមហាសាល

ក្រុម​មន្ត្រី​គយ និង​រដ្ឋាករ និង​ភ្នាក់ងារ​ការពារ​ព្រំ​ដែន ព្រម​ទាំង​ភ្នាក់ងារ​រដ្ឋបាល​ប្រឆាំង​គ្រឿង​ញៀន បាន​ដេញ​តាម​ទូក​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ព័រតូរីកូ ដោយ​សង្ស័យ​ថា​មាន​លាក់​ទុក​របស់​មិន​ប្រក្រតី ព្រោះ​បើកបរ​លើ​ទឹក​ដោយ​គ្មាន​ភ្លើង​បំភ្លឺ​ឡើយ។ ក្រោយ​ពេល​ដេញ​តាម​កាន់​តែ​ជិត ម្ចាស់​ទូក​ក៏​បាន​នាំ​គ្នា​លោត​ទឹក​គេច​ខ្លួន​អស់ ហើយ​សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​សន្ធឹក​សន្ធាប់​លើ​ទូក​នោះ។

បើ​តាម​មន្រ្តី​មាន​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពេល​អាជ្ញាធរ​នាំ​គ្នា​ដេញ​តាម ទូក​នោះ​ស្រាប់​តែ​បក​ក្រោយ​វិញ ត្រលប់​ទៅ​កាន់​ទន្លេ Rio Fajardo។ ពេល​នោះ សមត្ថកិច្ច​ក៏​បន្ត​ដេញ​តាម រហូត​ម្ចាស់​ទូក​រត់​បាត់​តែ​ម្ដង បន្សល់​តែ​ទូក​នៅ​កន្លែង​កើត​ហេតុ។ អាជ្ញាធរ​ចម្រុះ បាន​ចុះ​ទៅ​ឆែក​ឆេរ​នៅ​លើ​ទូក​នោះ ស្រាប់​តែ​ប្រទះ​ឃើញ​លុយ​សុទ្ធ ចំនួន ៣,៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​វេច​ខ្ចប់​ក្នុង​ថង់​យ៉ាង​ត្រឹម​ត្រូវ។

បើ​តាម​សេចក្ដី​ថ្លែង​ការណ៍ បាន​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​ជា​មួយ​ភ្នាក់ងារ​នៅ​មូលដ្ឋាន ដើម្បី​កំណត់​អត្ត​សញ្ញាណ​អ្នក​រត់​ពន្ធ​លុយ​ខុស​ច្បាប់​បែប​នេះ ព្រោះ​វា​អាច​ជា​លុយ​ខ្មៅ​ដែល​បាន​មក​ពី​អំពើ​ល្មើស​ផ្សេងៗ ដូជ​ជា​រត់​ពន្ធ​គ្រឿង​ញៀន​ជា​ដើម។ ជាមួយ​នឹង​លុយ​សុទ្ធ ដែល​មាន​ការ​វេច​ខ្ចប់​យ៉ាង​ត្រឹម​ត្រូវ​នោះ គេ​ក៏​ប្រទះ​ឃើញ​កាំភ្លើង​ខ្លី​មួយ​ដើម មាន​ដាក់​គ្រាប់​ពេញ​ផង​ដែរ។

ចំពោះ​លុយ​ដែល​រឹប​អូស​បាន អាជ្ញាធរ​បាន​រាប់​យ៉ាង​ត្រឹម​ត្រូវ និង​ទុក​ដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​សិន ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិវិធី​ជា​មួយ​អាជ្ញាធរ​ចម្រុះ។ គេ​សង្ស័យ​ថា លុយ​នេះ​ជា​របស់​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ណា​ម្នាក់ ដែល​រក​ស៊ី​បាន និង​កំពុង​រត់​គេច​ខ្លួន ដើម្បី​លាង​លុយ​ខ្មៅ​ទាំង​នោះ មក​ជា​លុយ​ស្រប​ច្បាប់ សម្រាប់​ចាយ​វាយ​វិញ៕ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!