ក្រុមហ៊ុន រាជសន្តុសិត ចែករំលែកបទពិសោធជោគជ័យ លើវិស័យអលនទ្រព្យ

ក្រុមហ៊ុន រាជសន្តុសិត ដែលកំពុងទទួលបានភាពជោគជ័យលើវិស័យអចលនទ្រព្យ បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធលើកទី៣ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញនេះ ដោយមានអ្នកចូលរួមប្រមាណជាង ៧០នាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។ អ្នកចូលរួមកម្មវិធីនេះ បានទទួលចំណេះដឹងថ្មីៗជាច្រើន និងចាប់ផ្ដើមប្ដូរការគិតទៅជាសកម្មភាព ដើម្បីភាពជោគជ័យទៅអនាគត។

លោក ផន វណ្ណិត ដែលជាអគ្គនាយកក្រុមហ៊ុន រាជសន្តុសិត បានបញ្ជាក់ថា ការរៀបចំកម្មវិធីសិក្ខាសាលានេះឡើង គឺដើម្បីជំរុញលើកទឹកចិត្តឱ្យយុវជន ក៏ដូចជាប្រជាជនខ្មែរ ចេះចាប់យកឱកាស និងបង្កើតឱកាស ដើម្បីទទួលបានភាពជោគជ័យ។ លោកបានលើកឡើងទៀតថា ប្រជាជនខ្មែរភាគច្រើន តែងរង់ចាំឱកាស ដោយគ្មានធ្វើសកម្មភាពអ្វីសោះ។ នោះហើយជាកត្តានៃភាពបរាជ័យ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យរូបនេះ បានអះអាងទៀតថា នេះជាលើកទី៣ ហើយ ដែលក្រុមហ៊ុនរាជសន្តុសិត បានបង្កើតសិក្ខាសាលាបែបនេះឡើង ហើយអ្នកចូលរួមមិនតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ព្រោះលោកគ្រាន់តែចង់ចែករំលែកចំណេះដឹង និងបទពិសោធដែលធ្លាប់មាន ទៅកាន់ប្រជាជនខ្មែរប៉ុណ្ណោះ។ ជារួម គឺក្រុមហ៊ុនរាជសន្តុសិត មានគោលបំណងចែករំលែកពីវិស័យអចលនទ្រព្យ ដើម្បីបងប្អូនទទួលបានព័ត៌មានច្បាស់ និងមានផ្នត់គំនិតចេះសន្សំទ្រព្យ ទិញអចលនទ្រព្យចំគោលដៅសម្រាប់ខ្លួនឯង។

ចំណែកអ្នកចូលរួមបាននិយាយថា បន្ទាប់ពីចូលរួមកម្មវិធីសិក្ខាសាលានេះហើយ លោកទទួលបាននូវបទពិសោធថ្មី និងការគិតថ្មី។ លោកថា ពីមុនមក លោកតែងមានភាពភ័យខ្លាច ក្នុងការបង្កើតឱកាសថ្មី ប៉ុន្តែសិក្ខាសាលានេះ បានជំរុញលោកឱ្យប្ដូរការគិត។ លោកបាននិយាយថា៖ "ពេលស្ដាប់វាគ្មិនគ្រប់គ្នានិយាយហើយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានផ្លាស់ប្ដូរការគិតច្រើនណាស ហើយខ្ញុំត្រូវតែហ៊ានធ្វើអ្វីដែលថ្មីលើសពីនេះ មិនអាចធ្វើដដែលៗបានទេ"។

ជាមួយគ្នានេះដែរ អ្នកចូលរួមទាំងអស់ បានស្នើសុំឱ្យក្រុមហ៊ុន រាជសន្តុសិត បង្កើតសិក្ខាសាលានេះឡើងបន្តបន្ទាប់ទៀត ដើម្បីចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច អចលនទ្រព្យ ក៏ដូចជាបង្កើតឱកាសដើម្បីឱ្យគ្រប់គ្នា បានចែករំលែកបទពិសោធដែលខ្លួនមាន។

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!