រស់នៅរាល់ថ្ងៃ អត់ដឹងថាមានអ្វីនៅពីក្រោមផ្ទះ ទាល់តែជីកមើលទើបព្រឺរោម

បុរស​​​ជន​ជាតិ​​​​វៀតណាម​​​ម្នាក់ បាន​​​ប្រទះ​​​ឃើញ​​​ផ្នូរ​​​ចំនួន ៥ មាន​​​ឆ្អឹង​​​មនុស្ស​​​ប្រមាណ​​​ជិត​​ ២០០ នៅ​​​ក្រោម​​​ផ្ទះ​​​របស់​​​ខ្លួន ពេល​​​កំពុង​​​ជីក​កកាយ​ដី​ក្រោម​ផ្ទះ​។​ឆ្អឹង​​​ទាំង​​​នោះ​​​មាន​​​សភាព​​​រប៉ាត់រប៉ាយ​​ និង​​​ពុក​​​ផុយ នៅ​​​ក្រោម​​​ផ្ទះ​​​លោក Duong Van Phong ក្នុង​​​ភូមិ Tho Ngoa ឃុំ Quang Thua ស្រុក Ba Don ខេត្ត​​​ក្វាង​បិ​ញ។ បន្ទាប់​ពី​ជីក​ឃើញ​បែប​នេះ គេ​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ដើម្បី​មក​ត្រួត​ពិនិត្យ​បន្ទាន់។ ​

​បើ​តាម​ប្រភព​ព័ត៌មាន tuoitrenews របស់​ប្រទេស​វៀតណាម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ឆ្អឹង​​​ទាំង​​​នោះ​​​ស្ថិត​​​នៅ​​​ក្នុង​​​ដី​​​ក្រោម​​​ផ្ទះ​​​ជ​ម្រៅ​​​ប្រមាណ ២​ម៉ែត្រ ហើយ​​​ឆ្អឹង​​​ខ្លះ​​​ត្រូវ​​​កប់​​​ក្នុង​​​ក្រឡ​​​ថ្ម​​​គួរ​​​ឲ្យ​​​​ភ្ញាក់​​​ផ្អើល​។ បន្ទាប់​​​ពី​​​ដំណឹង​​​នេះ​​​ត្រូវ​​​គេ​​​លេច​​​ឮ អាជ្ញាធ​រ​​​មូលដ្ឋាន​​​បាន​​​ចុះ​​​ទៅ​​​ជួយ​​​ប្រមូល​​​ឆ្អឹង ដើម្បី​​​វិភាគ​​​រក​​​មើល​​​ថា​​​ជា​​​ឆ្អឹង​​​មនុស្ស​​​ស​ម័​យ​​​ណា ព្រោះ​វា​មាន​ចំនួន​ច្រើន មិន​មែន​ជា​ផ្នូរ​ធម្មតា​នោះ​ឡើយ។ ​

បើ​​យោង​​​តាម​​​ប្រភព​​​អ្នក​​​ភូមិ​​​វ័យ​​​ចំណាស់​​​ៗ​​​ប្រាប់​​​ថា ផ្ទះ​​​របស់​​​លោក Phong ​​បាន​​​សង់​​​លើ​​​​ផ្នូរ​​​បុរាណ​​​ដែល​​​គេ​​​ប្រើ​​​រាប់​​​រ​យ​​​ឆ្នាំ​​​​មក​​​ហើយ​។ ឯ​​​អ្នក​​​ខ្លះ​​​ទៀត​​​អះអាង​​​ថា ​​ឆ្អឹង​​​ទាំង​​​នោះ​​​​ប្រហែល​​​ជា​​​ឆ្អឹង​​​ទាហាន​​​វៀតណាម​​​ដែល​​​បាន​​​ប្រយុទ្ធ​​​ជា​​​មួយ​​​អាណា​និគ​ម​​​បារាំង​​​កាល​​​ពី​​​ចុង​​​សតវត្ស​​​ទី ១៩​។ ទោះ​យ៉ាង​ណា នៅ​ពេល​សាង​សង់​ផ្ទះ លោក Duong Van Phong មិន​បាន​ដឹង​ថា មាន​ឆ្អឹង​ច្រើន​បែប​នេះ​ឡើយ ហើយ​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ដែរ។ ​

​ទោះ​​​ជា​​​យ៉ាងណា ម​ជ្ឈ​មណ្ឌល​​​ពិសោធន៍​​​ឆ្អឹង​​​នៅ​​​​វិទ្យាស្ថាន​​​វិទ្យាសាស្ត្រ​​​ឧក្រិដ្ឋកម្ម​​​របស់​​​ក្រសួង​​​សន្តិសុខ​​​សាធារណៈ​​​​ប្រទេស​​​វៀតណាម​​​​បាន​​​តេស្ត​​​សំណាក​​​​ឆ្អឹង រួច​​​​ដឹង​​​ថា​​​ឆ្អឹង​​​ទាំង​​​នេះ​​​អាយុ​​​ជាង ១៥០​​ឆ្នាំ​​​ តែ​​​មិន​​​​ទាន់​​​បញ្ជាក់​​​​ថា​​​ជា​​​ឆ្អឹង​​​អ្នក​​​ណា​​​ឡើយ​​។ ចំណែក​ម្ចាស់​ផ្ទះ​វិញ បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​រឿង​រ៉ាវ​ដ៏​ព្រឺ​រោម​បែប​នេះ អំឡុង​ពេល​ប្ដូរ​ធ្វើ​ផ្ទះ​ថ្មី​នោះ៕ ​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!