នារីបរទេសរងគ្រោះនៅសៀមរាបថា “ស្អប់មុខខ្លួនឯង” ឯថ្លៃព្យាបាលវិញច្រើនលើសលុប

គ្រូបង្រៀន​ជន​ជាតិ​អង់គ្លេស Zoe Eleftheriou ដែល​រង​សោកនាដកម្ម​ឆេះ​ខ្លួន ដោយ​សារ​ហេតុការណ៍​ផ្ទុះ​ហ្គាស បាន​និយាយ​ប្រាប់​សារព័ត៌មាន​បរទេស​ថា នាង​ពិត​ជា​ស្អប់​មុខ​ខ្លួន​ឯង​នៅ​ពេល​នេះ​ណាស់។ នារី​វ័យ ២២​ឆ្នាំ​រូប​នេះ ចូល​ចិត្ត​ដើរ​កម្សាន្ត និង​ធ្លាប់​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ច្រើន​ប្រទេស​មក​ហើយ ចុង​ក្រោយ​មក​រង​គ្រោះ ពេល​បង្រៀន​ស្ម័គ្រ​ចិត្ត​នៅ​ខេត្ត​សៀមរាប។ ចំពោះ​តម្លៃ​ព្យាបាល​រហូត​មក​ដល់​ពេល​នេះ គឺ​អស់​ជាង ២០ម៉ឺន​ដុល្លារ​ទៅ​ហើយ។ ​

អ្នក​ស្រី Zoe Eleftheriou បាន​និយាយ​ថា នៅ​ពេល​មាន​គ្រោះ​ថ្នាក់​នោះ គឺ​នាង​កំពុង​តែ​ជិះ​​ម៉ូតូ ជាមួយ​មិត្ត​ម្នាក់​ទៀត​ឈ្មោះ Abbey Alexander អាយុ ១៨ឆ្នាំ។ ពេល​ផ្ទុះ​ភ្លាម នាង​និង​មិត្តភក្តិ​បាន​រង​របួស​ពេញ​ខ្លួន ក៏​រត់​រក​អ្នក​ក្បែរ​នោះ​ជួយ។ ​​អ្នក​ស្រី Eleftheriou ដែល​ជា​ជន​ជាតិ​អង់គ្លេស បាន​រៀប​រាប់​ទៀត​ថា មិត្តភក្តិ​របស់​នាង​ម្នាក់​ទៀត ត្រូវ​ភ្លើង​ឆេះ​សំលៀក​បំពាក់ រលាក​ពេញ​ខ្លួន ហើយ​ក៏​ននាល​ដី។

បន្ទាប់​មក ពួក​គេ​ទាំង២នាក់ បាន​រត់​រក​ប្រជាជន​កម្ពុជា​នៅ​ក្បែរ​នោះ​ឱ្យ​ជួយ ប៉ុន្តែ​គ្មាន​អ្នក​ជួយ​ទេ គឺ​ម្នាក់ៗ​គិត​តែ​ពី​ថត។ អ្នក​ស្រី Eleftheriou បាន​និយាយ​ដូច​នេះ​ថា៖ "ពួក​យើង​បាន​រត់​ទៅ​រក​ប្រជាជន​កម្ពុជា ហើយ​ស្រែក​ថា​ជួយ​ខ្ញុំ​ផង ជួយ​ខ្ញុំ​ផង។ តែ​នឹក​ស្មាន​មិន​ដល់ ពួក​គេ​នាំ​គ្នា​ដក​ទូរសព្ទ​ស្មាតហ្វូន​មក គិត​តែ​ថត​រូប និង​វីដេអូ"។តាម​ការ​បញ្ជាក់​របស់ អ្នក​ស្រី Eleftheriou បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ព្យាបាល​នៅ​កម្ពុជា​មួយ​រយៈ នាង​បាន​បន្ត​ព្យាបាល​នៅ​ប្រទេស​ថៃ។

ក្រោយ​មក ទើប​បន្ត​ទៅ​ព្យាបាល​​ជា​ប្រចាំ​នៅ​មន្ទីរពេទ្យ Queen Victoria Hospital ប្រទេស​អង់គ្លេស ដែល​ជា​ដែន​ដី​កំណើត។ ការ​ចំណាយ​ព្យាបាល​គិត​មក​ត្រឹម​ពេល​នេះ គឺ​អស់​ជាង ២០​ម៉ឺន​ដុល្លារ​ហើយ ប៉ុន្តែ​ធានារ៉ាប់រង​ទេសចរ​ដែល​នាង​ទទួល​បាន ត្រឹម​តែ​ជាង ៤០០​ដុល្លារ​ប៉ុណ្ណោះ។ អ្នក​ស្រី Eleftheriou បាន​រៀប​រាប់​ពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​ថា ពេល​ទៅ​ដល់​ប្រទេស​ថៃ​ភ្លាម នាង​បាន​ឃើញ​មុខ​​របស់​នាង​ជា​លើក​ដំបូង ហើយ​នាង​ពិត​ជា​ស្អប់​វា​ខ្លាំង​ណាស់។ នាង​បាន​និយាយ​ថា រាល់​ថ្ងៃ​ខ្មាស​គេ មិន​ហ៊ាន​ចេញ​ទៅ​ហាង មិន​ហ៊ាន​ចូល​ក្លឹប​រាត្រី។ សូម្បី​ទៅ​មន្ទីរពេទ្យ ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​មនុស្ស​ចម្លែក បាន​ត្រឹម​ដើរ​ឱន​មុខ មិន​ហ៊ាន​ងើប​ក្បាល​ឡើយ។

ឪពុក​របស់​នារី​រង​គ្រោះ​ឈ្មោះ Christopher Eleftheriou ​និយាយ​ថា កូន​ស្រី​របស់​លោក បាន​មក​បង្រៀន​ស្ម័គ្រ​ចិត្ត​នៅ​មន្ទីរពេទ្យ​មួយ​នៃ​ខេត្ត​សៀមរាប​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៩។ លោក​បាន​រៀប​រាប់​ទៀត​ថា កូន​ស្រី​របស់​លោក ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​ដំណើរ ហើយ​ធ្លាប់​ឆ្លង​កាត់​ច្រើន​ប្រទេស​រួច​មក​ហើយ ជា​ពិសេស​នៅ​តំបន់​អាស៊ី​នេះ​តែ​ម្ដង។ លោក​ពិត​ជា​មាន​ការ​អាណិត​ដល់​កូន​ស្រី​ខ្លាំង​ណាស់ ត្រូវ​ជួប​គ្រោះ​ថ្នាក់​អាក្រក់​បែប​នេះ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា​កន្លង​ទៅ មាន​សោកនាដកម្ម​ដ៏​រន្ធត់​មួយ បណ្ដាល​មក​ពី​ការ​ផ្ទុះ​ហ្គាស​នៅ​ខេត្ត​សៀមរាប ដែល​ធ្វើ​ឱ្យ​មនុស្ស ១៤​នាក់​រង​របួស ប៉ុន្តែ​ក្រោយ​មក​ស្លាប់​ម្នាក់។ ក្នុង​ចំណោម​នោះ ​ក៏​មាន​ជន​បរទេស ២​នាក់​រង​របួស​រលាក​ពេញ​ខ្លួន និង​មុខ។ អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ រក​ឃើញ​ថា​ទីតាំង​បើក​អាជីវកម្ម​នោះ ពុំ​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​ក៏​ធ្វើ​ការ​បិទ​តែ​ម្ដង៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!