ឆ្លងស្ពានស្ទះរាល់ថ្ងៃ អ្នកច្បារអំពៅចង់កើតរោគចិត្ត តែបើដឹងចំនួនផ្ទះពិតនៅបុរីប៉េងហួត លែងឆ្ងល់ថាមនុស្សច្រើនមកពីណា

បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ដែល​​រស់នៅ​ខាង​កើត​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ឆ្លង​ស្ពាន​ព្រះ​មុនីវង្ស​ទៅ​មក​រាល់​ថ្ងៃ ហាក់​មាន​អារម្មណ៍​ស្ត្រេស និង​ធុញថប់​ខ្លាំង ត្បិត​ពេល​ខ្លះ​រំកិល​ម្ដង​បន្តិច​ស្ទះ​រាប់​នាទី​រហូត​ដល់​ម៉ោង​ក៏​មាន។ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា គ្រាន់​តែ​បុរី​ប៉េងហួត​មួយ គឺ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​រស់​នៅ ហើយ​ចំនួន​ផ្ទះ​ធ្វើ​រួច ៨​គម្រោង មាន​រហូត​ដល់​ជិត ៥​ពាន់​ផ្ទះ និង​បន្ត​សាងសង់​ជា​ច្រើន​គម្រោង​ទៀត។

តាម​ស្ថិតិ​មួយ​បាន​បង្ហាញ​ថា បុរី​ប៉េងហួត បាន​សាងសង់​រួច​រាល់ និង​មាន​ប្រជាជន​រស់នៅ ៨​គម្រោង​រួច​មក​ហើយ ដោយ​ក្នុង​នោះ​មាន​គម្រោង ដឹស្តា ផ្លាទីនឹម, ដឹស្តា ផ្លាទីនឹម អាធីណា, ដឹស្តា ផ្លាទីនឹម ម៉ឺហ្គឺរៀន I, ដឹស្តា ផ្លាទីនឹម ម៉ឺហ្គឺរៀន II, ដឹស្តា ផ្លាទីនឹម រ៉ូសាតូ, ដឹស្តា ផ្លាទីនឹម ប៉ូឡារីស, ដឹស្តា ផ្លាទីនឹម ប៉ូឡារីស២ និង ដឹស្តា ផ្លាទីនឹម ផារ៉ាដាម។ សរុប ៨​គម្រោង​នេះ មាន​ប្រភេទ​ផ្ទះ ទាំង​វីឡា​តូច​ធំ ភូមិគ្រឹះ សរុប ៤៩២០។ ចំណែក​គម្រោង​ជា​ច្រើន​ទៀត កំពុង​ពង្រីក​ខ្លួន ទៅ​ដល់​សង្កាត់​វាលស្បូវ។

ប្រជាពលរដ្ឋ​ដែល​​កំពុង​រស់នៅ​ក្នុង​គម្រោង​ទាំង​នោះ សុទ្ធតែ​មាន​រថយន្ត​ផ្ទាល់​ខ្លួន​យ៉ាង​ហោច​ណាស់​ក៏​មួយ​គ្រឿង​ដែរ ប៉ុន្តែ​ភាគ​ច្រើន​គឺ​មាន​លើស​ពី​មួយ​គ្រឿង ខណៈ​ផ្ទះ​ខ្លះ​អាច​មាន​រហូត​ដល់ ៥​គ្រឿង។ ចាប់​ពី​វេលា​ម៉ោង ៦​ព្រឹក ប្រជាជន​ទាំង​អស់ បាន​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ព្រម​គ្នា ទៅ​បំពេញ​ការងារ និង​របរ​រាង​ខ្លួន​នៅ​ក្នុង​រាជធានី ទើប​ធ្វើ​ឱ្យ​ស្ទះ​ច្រើន ព្រោះ​គ្រាន់​តែ​រស់​នៅ​ប៉េង​ហួត​មួយ គឺ​មាន​រថយន្ត​ម៉ឺន​គ្រឿង​ទៅ​ហើយ។ ចំណែក​បុរី​ជា​ច្រើន​ផ្សេង​ទៀត និង​អ្នក​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ក៏​បាន​ចូល​ទៅ និង​ចេញ​មក​វិញ នៅ​វេលា​ម៉ោង​ព្រម​គ្នា ទើប​បណ្ដាល​ឱ្យ​ស្ទះ​រាល់​ថ្ងៃ​បែប​នេះ។

បុគ្គលិក​ធនាគារ​ម្នាក់​ឈ្មោះ ផល បាន​និយាយ​ថា រាល់​ថ្ងៃ​លោក​ត្រូវ​ចេញ​ពី​ផ្ទះ​នៅ​បុរី​ប៉េងហួត ម៉ោង ៦​​ព្រឹក ទើប​អាច​ទៅ​ធ្វើ​ការ​នៅ​ធនាគារ​ឯកជន​ម្ដុំ​ជិត​វិមាន​ឯករាជ្យ​ទាន់​នៅ​វេលា​ម៉ោង ៧កន្លះ​ព្រឹក។ បុគ្គលិក​ដដែល​បាន​និយាយ​ថា៖ "បើ​បើក​យប់​វិញ ខ្ញុំ​ជាន់​តែ​២០នាទី​ដល់​បាត់​ហើយ ពី​កន្លែង​ធ្វើ​ការ មក​ផ្ទះ​នេះ។ តែ​ដល់​ពេល​ព្រឹក​ឡើង ហ៊ាន​តែ​ចេញ​យឺត​តិច ដឹង​តែ​ជាប់​គាំង​លើ​ស្ពាន​ហ្នឹង ម្ដង​មួយ​តឹក​ម្ដង​មួយ​តឹក ឡើង​ចង់​ធុញ​ដែរ ឱ្យ​រាល់​ថ្ងៃ"។

ទោះ​យ៉ាង​ណា លោក ផល បាន​បញ្ជាក់​ថា លោក​ទទួល​ស្គាល់​សព្វ​ថ្ងៃ រថយន្ត​ពិត​ជា​មាន​ចំនួន​ច្រើន​មែន ហើយ​គ្រាន់​តែ​ផ្ទះ​របស់​លោក គឺ​មាន​រថយន្ត ៣​គ្រឿង​ទៅ​ហើយ សម្រាប់​សមាជិក ៦​នាក់​ក្នុង​ផ្ទះ។ លោក​សង្ឃឹម​ថា នៅ​ពេល​គម្រោង​ស្ពាន​អាកាស និង​ស្ពាន​ក្រោម​ដី​ក្បាល​ថ្នល់​សាងសង់​រួច ដោយ​មាន​ទិស​ដៅ​ចរាចរណ៍​ត្រឹម​ត្រូវ វា​នឹង​អាច​ជួយ​ឱ្យ​ការ​កកស្ទះ​ធូរ​ស្រាល​ជាង​មុន ព្រោះ​លោក​សង្កេត​ឃើញ​ថា​រាល់​ថ្ងៃ​ស្ទះ​ដោយសារ​បត់​មិន​បាន​ត្រឹម​ត្រូវ ឆ្លង​គ្នា​ខ្វាត់​ខ្វែង​គ្មាន​ទិស​តំបន់។

ស្រដៀង​គ្នា​នេះ​ដែរ កញ្ញា ដា លីតា ដែល​កំពុង​រស់នៅ បុរី Hi-Tech Luxury បាន​និយាយ​ថា រាល់​ថ្ងៃ​នាង​ត្រូវ​ចេញ​ពី​ព្រលឹម ទើប​អាច​ទៅ​សាលា​ទាន់។ និស្សិត​ឆ្នាំ​ទី៤ រូប​នេះ បាន​ប្រាប់​ថា រាល់​ថ្ងៃ​ចំនួន​រថយន្ត​ឃើញ​ថា​កាន់​តែ​ច្រើន​មែន ហើយ​បូក​រួម​ទាំង​អ្នក​បើក​បរ​មិន​ចេះ​ប្រកាន់​ច្បាប់ ចេះ​តែ​រុល​ទៅ​មុខ​ផង ទើប​បណ្ដាល​ឱ្យ​ស្ទះ។ ចំណែក​កត្តា​ផ្លូវ នាង​ថា​ជា​ចំណែក​មួយ​ដែរ ខណៈ​ដែល​សព្វ​ថ្ងៃ​នេះ ​អាជ្ញាធរ​កំពុង​រូត​រះ​សាងសង់​ស្ពាន​អាកាស​បន្ថែម ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​នោះ។

គួរ​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ​អាជ្ញាធរ​កំពុង​សង់​​សម្រុក​សង់​ស្ពាន​អាកាស​ក្បាលថ្នល់​ពី​មហាវិថី​ព្រះ​មុនី​វ​ង្ស​ទៅ​វិថី​ព្រះ​នរោត្តម​មាន​ប្រវែង ៧៧​​ម៉ែត្រ ពី​ផ្លូវដី​ដល់​គល់ស្ពាន​ក្បាលថ្នល់ និង​ពី​គល់ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់ ១២៣​ម៉ែត្រ សរុប​២០០​​ម៉ែត្រ​។ ស្ពាន​នេះ​មានទទឹង ៧,៥​ម៉ែត្រ​ពី​មហាវិថី​ព្រះ​មុនី​វ​ង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម ក្នុង​គោល​បំណង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។

បើ​តាម​ប្រធាន​ម​ន្ទីរ​សាធារណការ​បាន​អះអាង​ដែរថា គ​ម្រោង​សាងសង់​ស្ពាន​អាកាស​បត់​ឆ្វេង​១​ខ្សែ​នេះ នឹងត្រូវ​​​បញ្ចប់​នៅ​ចុង ឆ្នាំ​២០១៩​នេះ ដោយ​ក្តា​ពុម្ព​ដែក​កម្រាល​តួ​ស្ពាន​ដែល​មាន​កំ​ពស់​ពី​កម្រាល​កៅស៊ូ​ថ្នល់ +៤.០០​ម៉ែត្រ​នេះ​នឹងដ​កក្តា​ពុម្ព​ដែក​ចេញ​នៅ​ចុង​ខែតុលា ឆ្នាំ​២០១៩​នេះ ហើយ​នឹង​ដាក់​ដំណើរការ​ឲ្យ​ប្រជា​ពល​រដ្ឋ​ឆ្លងកាត់​នៅ​ចុងឆ្នាំ​២០១៩​នេះ​ផងដែរ​៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!