ពាក្យក្នុងចិត្ត នារីគ្រប់រូបចង់និយាយប្រាប់ឱ្យប្ដីបានដឹង អានហើយជួយផ្ដល់ភាពកក់ក្ដៅដល់នាងផង

ពិត​ណាស់​ថា ភាគ​ច្រើន​បុរស​ជា​អ្នក​រ៉ាប់​រង​គ្រួសារ លើ​ការ​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព ប៉ុន្តែ​ផល​លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត លើ​ដំណើរ​ជីវិត​គ្រួសារ បុរស​មាន​តិច​ជាង​នារី​ជា​ប្រពន្ធ។ នាង​ត្រូវ​រ៉ាប់​រង​ការងារ​ចម្អិន​ម្ហូប​អាហារ ប្រើ​ខួរ​ក្បាល​គិត​រក​មុខ​ម្ហូប​ឆ្ងាញ់ៗ។ នាង​ត្រូវ​បោស​ជូត ទុក​ដាក់ ចង​ចាំ​នូវ​រាល់​គ្រប់​កិច្ច​ការងារ​ផ្ទះ។ នាង​ត្រូវ​ពពោះ​ជាង ៩​ខែ បង្កើត​កូន​ទាំង​ឈឺ​ចាប់ ហើយ​ត្រូវ​រ៉ាប់​រង​មើល​ថែ​ដោយ​ចិត្ត​មេត្តា ករុណា បំផុត។ ប៉ុន្តែ​នៅ​មាន​ពាក្យ​ជា​ច្រើន ដែល​នាង​ចង់​ឱ្យ​បុរស​ជា​ស្វាមី​បាន​ដឹង។

ម្ចាស់​គណនី Facebook ឈ្មោះ Ah Ry Noun បាន​សរសេរ​រៀប​រាប់​ពាក្យ​ទាំង​នោះ​ថា៖ "ជូន​ចំពោះ លោក​ប្ដី​ជា​ទីស្រឡាញ់​! សង្ឃឹមថា បង​នឹង​អាន​ដោយ​យកចិត្តទុកដាក់​។ សូម​គោរ​ព​ប្រពន្ធ ព្រោះ​នាង​បាន​លះបង់ ភាព​ជា​យុវ​វ័យ​របស់​នាង ចាក​ចេញពីផ្ទះ​របស់​នា​ង សុខចិត្ត​រស់នៅ​ឆ្ងាយ​ពី​គ្រួសារ​ប៉ា​ម៉ា​ក់នាង ដើម្បី​មក​សាង​គ្រួសារ​មួយ​ជាមួយ​នឹង​អ្នក មើល​ថែរក្សា ប៉ា​ម៉ាក់ និង​គ្រួសារ​របស់​អ្នក​។ ​សូម​មាន​មោទកភាព​ចំពោះ​នាង ព្រោះ​នាង​បាន​លះបង់​រូបរាង រូប​សម្រស់​របស់​នាង​​​ដើម្បី​ពពោះ​កូន​របស់​អ្នក នាង​ព្រម​ប្រឈម​មុ​ខនឹង​គ្រោះ​ថ្នាក់​ដល់​ជី​វិត ដើម្បី​បង្កើត​កូន​របស់​អ្នក​ទាំងពីរ ផ្ដល់​កំណើត​ដល់​សមាជិក​ថ្មី​ដើម្បី​គ្រួសារ​របស់​អ្នក​។

សូម​ផ្ដល់​ភាពកក់ក្ដៅ​ដល់​នាង ព្រោះ​ខណៈ​ពេល​ពពោះ នាង​បាន​លះបង់​ច្រើនណាស់ នាង​ថែមទាំង​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ខ្លួន​ឡើយ នាង​ឆាប់​ខឹង ឆាប់​ឆេវឆាវ នាង​ត្រូវការ​ភាព​កក់ក្ដៅ​ពី​អ្នក ចង់ឱ្យ​អ្នក​យកចិត្តទុកដាក់​ចំពោះ​នាង មើលថែ​នាង ថ្នមចិត្ត​នាង គាប់​បម្រើ​នាង​ឱ្យ​បានល្អ ជាពិសេស គឺ​ត្រូវការ​កម្លាំងចិត្ត​ដ៏​ធំធេង​ពី​អ្នក​។​​សូម​ឱ្យ​តម្លៃ​នាង មិន​ថា​នៅ​ចំពោះមុខ ឬ​នៅ​ក្រោយខ្នង នៅ​ក្នុងផ្ទះ ឬ​នៅ​ទីសាធារណៈ នៅតែ​ពីរ​នាក់​នាង ឬ​នៅ​ជាមួយ​បង​ប្អូន​នាង ឬ​បង​ប្អូន​អ្នក​ទេ សូម​ឱ្យ​តម្លៃ​នាង សរសើរ​នាង ព្រោះ​នាង​ជា​ប្រពន្ធ​របស់​អ្នក មិនមែន​ជា​ស្រី ឬ​គ្រាន់តែ​ជា​គូ​កំណាន់ កំដរ​អារម្មណ៍​អ្នក​ឡើយ​។

នាង​ជា​ប្រព​ន​ញ​ធ​ស្របច្បាប់ នាង​មាន​សិទ្ធ​ស្មើនឹង​អ្នក មិន​ថា​សិទ្ធិសេរីភាព​ផ្លូវកាយ ឬ​ផ្លូវចិត្ត​នោះទេ​។ ​សូម​ស្រឡាញ់​នាង​ឱ្យ​ដូច​គ្រា​ដើម មិន​ថា​ពេលវេលា​ផ្លាស់ប្ដូរ​ទៅ​បែបណា មិន​ថា​នាង​ត្រូវ​ប្រែប្រួល​រាងកាយ រូប​សម្រស់​ទៅ​យ៉ាងណា មិន​ថា​នាង​មាន​ស្នាម​ជ្រួញ​លើ​មុខ​យ៉ាងណា ទោះ​ខ្លួនប្រាណ​នាង មាន​ស្នាម​សង្វារ​គួរ​ឱ្យ​ខ្លាច​បែបណា ក៏​សូម​ឱ្យ​អ្នក​នៅតែ​ស្រឡាញ់​នាង​ឱ្យ​ដូច​ពេល​ដំបូង​ដែល​អ្នក​ព្យាយាម​ចង់បាន​នាង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​អ៊ីចឹង​។

​ក្នុងនាម​ជា​ប្រពន្ធ​ម្នាក់ ជា​ម្ដាយកូន​របស់​អ្នក នាង​មិនដែល​ទាមទារ​អ្វី​ឱ្យ​លើ​ស​លប់​នោះ​ឡើយ នាង​គ្រាន់តែ​ចង់ឱ្យ​អ្នក​ស្រឡាញ់ មើលថែ ថ្នាក់ថ្នម​នាង​ឱ្យបាន​ច្រើន ផ្ដល់​កិ​ត្តិ​យស ផ្ដល់​ភាពកក់ក្ដៅ​ឱ្យ​គ្រួសារ មាន​ការ​ទទួលខុសត្រូវ​នៅ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ហើយ​មិន​ថា​មានរឿង​អ្វី ក៏​មិន​បោះបង់​នាង មិន​ទុក​នាង​ចោល មិន​ធ្វើឱ្យ​នាង​ឈឺចាប់ ទឹកភ្នែក​ជូត​ក្បាល​ជ​ង្គ​ង់ ឬ​គ្រាំ​ចិត្ត​រាល់ថ្ងៃ​នោះឡើយ ត្រឹម​ប៉ុណ្ណឹង ក្នុងនាម​ជា​មេ​គ្រួសារ​ម្នាក់ ជឿថា​អ្នក​ប្រាកដជា​អាច​ធ្វើបាន​៕​"

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!