ឧកញ៉ា ម៉ុង ឬទ្ធី ចតឡានចោលក្នុងព្រៃមិនបានបិទទ្វារ ពេលចូលឡានវិញស្ទើរលស់ព្រលឹង

នៅ​តាម​ព្រៃ​កម្ពុជា សម្បូរ​ទៅ​ដោយ​សត្វ​ជា​ច្រើន​ប្រភេទ ព្រោះ​ជា​ទឹក​ដី​ត្រជាក់ត្រជំ​ក្នុង​តំបន់​ត្រូពិក អំណោយ​ផល​ដល់​ការ​រស់​នៅ។ ជាក់​ស្ដែង ឯក​ឧត្ដម​បណ្ឌិត​ឧកញ៉ា ម៉ុង ឬទ្ធី ដែល​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋី​កសិកម្ម​ស្រុក​ខ្មែរ មាន​ការ​ភ្ញាក់​ផ្អើល​ស្ទើរ​លស់​ព្រលឹង ក្រោយ​ពេល​ចត​រថយន្ត​ចោល​ក្នុង​ព្រៃ ដោយ​មិន​បាន​បិទ​ទ្វារ ស្រាប់​តែ​មាន​សត្វ​ពង្រូល​មក​សំងំ​ពួន​ក្នុង​រថយន្ត។ ទម្រាំ​​យក​ចេញ​វិញ​បាន ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ ដោយ​ត្រូវ​រក​អ្នក​ជំនាញ​មក​ចាប់​ចេញ​វិញ តែ​យក​ទៅ​ដាក់​ទ្រុង​បណ្ដោះ​អាសន្ន ខ្លាច​គេ​ផ្សេង​ចាប់​បាន​យក​ទៅ​ធ្វើ​ជា​ម្ហូប។

ឯកឧត្ដម​បណ្ដិត ម៉ុង ឬទ្ធី បាន​បង្ហោះ​រូប​ភាព​ទាំង​នោះ ហើយ​សរសេរ​ថា៖ "សូម​បង​ប្អូន​មេត្តា​​ចត​រថយន្ត​ក្នុង​ព្រៃ កុំ​បើក​ទ្វារ​ចំហ​ចោល​ដូច​ខ្ញុំ ប្រយ័ត្ន​ពង្រូល​ចូល​ទៅ​ពួន​សម្ងំ​ដូច​ឡាន​ខ្ញុំ ទម្រាំ​យក​ចេញ​ព្រលឹង​ចង់​រត់​ទៅ​ស៊ី​ព្រលិត យក​ចេញ​បាន​មក​រក្សា​ទុក ខ្លាច​គេ​ចាប់​បាន​យក​ទៅ​ឆា​ក្ដៅ។ ការ​បង្ហោះ​នេះ ទើប​ជាង​មួយ​ម៉ោង​មុន នៅ​លើ​ទំព័រ Facebook ថ្មី​របស់​ឯកឧត្ដម បន្ទាប់​ពី Facebook ចាស់ ត្រូវ​គេ Hack យក​ទៅ​បាត់។

គួរ​បញ្ជាក់​ដែរ​ថា កន្លង​មក​ធ្លាប់​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែរ ពាក់​ព័ន្ធ​នឹង​សត្វ​ព្រៃ​មក​សំងំ​ក្នុង​រថយន្ត ហើយ​ខ្លះ​ទៅ​ដល់​ផ្ទះ​ហើយ ទើប​បាន​ដឹង។ ប៉ុន្តែ​ភាគ​ច្រើន គឺ​ជា​សត្វ​ពស់​ថ្លាន់ ដែល​ចូល​ចិត្ត​លូន​ចូល​កន្លែង​ស្ងាត់​ៗ​លាក់​ខ្លួន។ នៅ​ប្រទេស​ថៃ ធ្លាប់​មាន​ពស់​យ៉ាង​ធំ ទៅ​សំងំ​ក្នុង​រថយន្ត​ទាញ​មិន​ចេញ​ឡើយ ហើយ​មាន​ពលករ​ជន​ជាតិ​ខ្មែរ​ម្នាក់​ចេះ​ក្បួន​ទាញ​ពស់ ដោយ​ប្រើ​ធ្មេញ​ខាំ​កន្ទុយ​ពស់ រហូត​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សារព័ត៌មាន​ថៃ៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!