ចៅក្រមម្នាក់បាញ់សម្លាប់ខ្លួនក្នុងតុលាការ ព្រោះមិនអាចក្បត់ឆន្ទៈ កាត់ក្ដីខុសដោយមានសំពាធថ្នាក់លើ

តាម​សារព័ត៌មាន Daily Mail របស់​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា ចៅក្រម​ថៃ​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​បាញ់​ខ្លួនឯង​ចំ​ដើមទ្រូង នៅ​ក្នុង​តុលាការ ក្នុង​ការប៉ុនប៉ង​ធ្វើ​អត្តឃាត បន្ទាប់​ពី​រង​សម្ពាធ​ពី​ថ្នាក់​លើ។ ហេតុការណ៍​នេះ កើត​ឡើង​បន្ទាប់ពី​​ជន​រង​គ្រោះ​​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ថា ចៅក្រម​ជាន់ខ្ពស់ បាន​ដាក់​សម្ពាធ​ឱ្យ​​រូប​លោក​កាត់ទោស​ជន​ជាប់ចោទ​ជា​ជន​ជាតិ​មូស្លីម ៥រូប ដែល​អាច​មាន​ពិរុណ​រហូត​ត្រូវ​ប្រហារ​ជីវិត ៣​នាក់ និង​ជាប់​ពន្ធនាគារ ២​នាក់។ ​

​តាម​ប្រភព​ព័ត៌មាន ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ បាន​ឱ្យ​ដឹង​ថា លោក Khanakorn Pianchana ដែល​ជា​ចៅក្រម បាន​បើកសវនាការ លើ​សំណុំរឿង​ដែល​ពាក់​ព័​ន្ធ​នឹង ការ​ចោទ​ប្រកាន់ ពី​បទ​មនុស្សឃាត​និង​ប្រើ​ប្រាស់​អាវុធ ប្រឆាំងនឹង​បុរស ៥ នាក់ នៅក្នុង​តុលាការខេត្ត​មួយ នៅ​ភាគខាងត្បូង នៃ​ទីក្រុង​យ៉ាឡា​។ ជន​រង​គ្រោះ បាន​សំអាង​ថា​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​លើ​ជន​សង្ស័យ ប៉ុន្តែ​ថ្នាក់​លើ​បាន​បង្ខំ​ឱ្យ​លោក​កាត់​ទោស។ ​

​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវបាន​គេ​សន្មត​ថា ជា​របស់​ចៅក្រម ត្រូវបាន​ចែកចាយ យ៉ាង​ទូ​លំ​ទូលាយ​នៅលើ បណ្តាញ​ស​ង្គ​ម មុនពេល​សេចក្តី សម្រេច​របស់គាត់​។ សេចក្តីថ្លែងការណ៍ បាន​រាយការណ៍​ថា ចៅក្រម​ជាន់ខ្ពស់​បាន​ណែនាំ​គាត់ ឱ្យ​ផ្លាស់ប្តូរ​សាលក្រម របស់​គាត់​ទៅ​ជា​មានទោ​ស​។ នេះ​មានន័យ​ថា ត្រូវ​កាត់ទោស​ជន​ជាប់ចោទ បី​នាក់​ឱ្យស្លាប់ (​ប្រហារជីវិត​) និង​ពីរ​នាក់​ទៀត ឱ្យ​ជាប់ពន្ធនាគារ​។​

​សារ​នេះ​ត្រូវបាន គេ​រាយការណ៍​ថា បាន​ចុះផ្សាយ​ដំបូ​ង​នៅលើ ទំព័រ​ហ្វេស​ប៊ុ​ក​របស់លោក Khanakorn ប៉ុន្តែ​មិនអាច​រកឃើញ ពេលវេលា​សរសេរ បាន​រៀបរាប់ថា «​នៅពេល​នេះ​ចៅក្រម ដទៃ​ទៀត​នៃ​តុលាការ​ដំ​បូ​ង នៅ​ទូទាំង​ប្រទេស កំពុង​ត្រូវ​បានគេ​ប្រព្រឹត្ត​ដូច​ខ្ញុំ​ដែរ​។ បើ​ខ្ញុំ​មិនអាច​រក្សា​សច្ចាប្រណិធា​ន របស់​ខ្ញុំ​ទេ ខ្ញុំ​សុខចិត្ត​ស្លាប់ ជាង​រស់​ដោយ​គ្មាន កិ​ត្តិ​យស​»។

នៅ​ពេល​មាន​ចម្រូង​ចម្រាស់​កើត​ឡើង ចៅ​ក្រម Khanakorn Pianchana បាន​សរសេរ​ថា៖ "អ្នក​ត្រូវ​តែ​ច្បាស់ និង​មាន​ភស្តុតាង​គ្រប់​គ្រាន់ មុន​ពេល​កាត់​ទោស​នរណា​ម្នាក់។ បើ​អ្នក​មិន​ច្បាស់​ទេ កុំ​កាត់់​ទោស​គេ​ផ្ដេសផ្ដាស"។ បុរស​ដដែល​បាន​សរសេរ​ទៀត​ថា៖ "ខ្ញុំ​មិន​មែន​ថា ៥​នាក់​នោះ មិន​ប្រព្រឹត្ត​បទល្មើស​ទេ ពួក​គេ​ប្រហែល​ជា​ធ្វើ​មែន។ តែ​ដំណើរ​ការ​កាត់​ក្ដី ត្រូវ​តែ​ច្បាស់​លាស់ និង​សុក្រឹត​បំផុត។ បើ​ដាក់​ទោស​មនុស្ស​ខុស នឹង​ធ្វើ​ឱ្យ​ពួក​គេ​រង​ភាព​អយុត្តិធម៌"។

គួរ​បញ្ជាក់​ថា ចៅក្រម​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម ហើយ​បាន​រួច​ជីវិត​ពី​សេចក្ដី​ស្លាប់ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​បក​ស្រាយ​ច្បាស់ ពី​ស្ថាប័ន​តុលាការ​នៅ​ឡើយ​ទេ​ជុំ​វិញ​បញ្ហា​នេះ។ ព័ត៌មាន​ជា​ច្រើន​ក្នុង​លោក បាន​ចុះ​ផ្សាយ​ពី​រឿង​រ៉ាវ​ចៅ​ក្រម​បាញ់​ខ្លួន​ឯង បណ្ដាល​ឱ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ក្ដៅ​គគុក​ផង​ដែរ៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!