សិស្សស្រីនិទ្ទេស A ម្នាក់ សុំការអនុញ្ញាតពីសម្ដេចទទួលរង្វាន់មុនគេ ពេលដឹងមូលហេតុខ្លោចចិត្ត

សិស្ស​ម្នាក់​ដែល​ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ២០១៩ បាន​សុំ​ការ​អនុញ្ញាត​ពី​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ឡើង​ទទួល​រង្វាន់ និង​ជួប​ជា​មួយ​សម្ដេច​មុន​គេ។ មូលហេតុ គឺ​ដោយសារ​ប្អូន​ស្រី​ត្រូវ​ត្រលប់​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​ឪពុក​បង្កើត​នៅ​ព្រឹក​នេះ។

ឪពុក​របស់​ប្អូន​ស្រី​នេះ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ត្រូវ​បូជា​នៅ​វេលា​ព្រឹក​នេះ។ បំណង​ធំ​បំផុត​របស់​ឪពុក​ប្អូន​ស្រី គឺ​ចង់​ឃើញ​កូន​ស្រី​បាន​ជួប​សម្ដេច​ដោយ​ផ្ទាល់ និង​បាន​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​សម្ដេច ប៉ុន្តែ​ក្ដី​គួរ​ឱ្យ​ស្ដាយ​លោក​មិន​អាច​នៅ​មើល​រូប​ថត​ទាំង​នោះ​បាន។ បន្ទាប់​ពី​បាន​ដឹង​ដំណឹង​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ប្អូន​ស្រី ចំនួន ៥​លាន​រៀល​ផង​ដែរ។ ​

គួរ​បញ្ជាក់​ដែរ​ថា ដូច​ទៅនឹង​ទ​ម្លាប់​រៀង​រាល់​ឆ្នាំ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​កម្ពុជា នឹង​ជួប​សំណេះសំណា​ល​ជាមួយ​សិស្ស​និទ្ទេស A ឆ្នាំ​២០១៩ ទូទាំង​ប្រទេស ៤៤៣​នាក់ នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​។​ ​ជំនួប​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ដែល​មាន​ការចូលរួម​ពី​ពី​អាណាព្យាបាល​សិស្ស និង​លោកគ្រូ​តំណាង​សាលា​របស់​សិស្ស​ឆ្នើម​ទាំង​នោះ​ផងដែរ​។​

​ក្នុងឱកាស​ជំនួប​សំ​ណេះ​សំ​ណា​ល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ប្រគល់ iPad ជូន​សិស្ស​និទ្ទេស A ទាំង​៤៤៣​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ១​គ្រឿង​ផងដែរ​។ អំណោយ​នេះ​ជា​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ជីបម៉ុង ដែល​តែង​បាន​ឧបត្ថម្ភ​រៀងរាល់ឆ្នាំ ជូន​ដល់​សិស្ស​និទ្ទេស A​។​ ការ​ប្រឡង​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​នេះ មាន​បេក្ខជន​ចំ​នួន ៧៩,០៥២​នាក់ ស្មើនឹង​៦៨.៦២​ភាគ​រយ​បាន​ប្រឡង​ជាប់​។ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់​, និទ្ទេស B ចំនួន​២៤៣០​នាក់​, និទ្ទេស C ចំនួន ៥៨៤៧​នាក់​, និទ្ទេស D ចំនួន ១៤១០០​នាក់ និង​និទ្ទេស E ចំនួន​៥៦២៣២​នាក់​។​

ឆ្នាំ​នេះ​គឺជា​ឆ្នាំទី​៦ ហើយ ដែល​សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី បាន​ផ្តល់​កិ​ត្តិ​យ​សជូន​សិស្ស​ជាប់​និទ្ទេស A បាន​ចូលជួប​សំណេះសំណា​ល​ដោយផ្ទាល់​។ ការផ្តល់​ឱកាស​ឱ្យ​សិស្ស​និទ្ទេស A ចួលជួប​សំ​ណេះ​សំ​ណា​ល​ដោយផ្ទាល់​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ការផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ដ៏​ឧត្តុង្គឧត្តម​មួយ ពី​សំណាក់​ប្រមុខរាជ​រដ្ឋាភិបាល​សម្រាប់​អ្នក​អ្នកសិក្សា​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!