ម្ចាស់ហាងពេជ្ររូបស្រស់ មានទាំងក្រុមហ៊ុន តែបើដឹងតម្លៃកាបូបវិញ អ្នកប្រេនៗអស់ពាក្យនិយាយ

ការ​ប្រើ​សម្ភារៈ​ថ្លៃ​ៗ គឺ​អាស្រ័យ​ទៅ​តាម​មនុស្ស ព្រោះ​អ្នក​ខ្លះ​ប្រើ​ព្រោះ​ចង់​បាន​របស់​ល្អ ឯ​អ្នក​ខ្លះ​ប្រើ​ព្រោះ​ចង់​បង្អួត​ឱ្យ​គេ​សរសើរ។ ចំណែក​អ្នក​ស្រី ទ្រី ដាណា ដែល​ជា​ម្ចាស់​ហាង​ពេជ្រ ដាណា និង​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​នាំ​ចូល​គ្រឿង​សម្អាង NNP បែរ​ជា​កាន់​កាបូប​ថោកៗ ព្រោះ​គិត​ថា កាបូប​ថ្លៃ​ប៉ុណ្ណា​មិន​សំខាន់ សំខាន់​មាន​លុយ​ក្នុង​នោះ ឬ​អត់។ ម្យ៉ាង​ទៀត ចង់​យក​លុយ​ទៅ​ជួយ​អ្នក​ក្រ​ខ្សត់ ទើប​មាន​តម្លៃ​ពិតៗ។

អ្នក​ស្រី ទ្រី ដាណា បាន​សរសេរ​រៀប​រាប់​ថា៖ "កាបូប​ខ្ញុំ ២​នេះ អា​ពណ៌​លឿង ១៨​ដុល្លារ អា​ពណ៌​ត្នោត ២៥​ដុល្លារ ប្រើ​រាប់​ឆ្នាំ​ហើយ​។ ខ្ញុំ​មិន​ដែល​មានអារម្មណ៍​ថា​អន់ មិន​ដែល​ចង់​ប្រើ​របស់​ថ្លៃ របស់​ប្រេន​អី​ទេ ព្រោះ​គិតថា​តម្លៃ​មនុស្ស​មិនមែន​ស្ថិត​នៅ​លើ​សម្ភារៈ​ប្រើប្រាស់​ជាប់​ខ្លួន តែ​ខ្ញុំ​ក៏​មិនប្រើ​របស់​ក្លែងក្លាយ​បន្លំ​ម៉ាក​គេ​ដែរ​។ ខ្ញុំក៏​ដូ​ចបង​ប្អូន​ដែរ កាល​មិនទាន់​អី​ជាប់​ខ្លួន​សោះ ចេះតែ​អង្គុយ​គិតថា បើ​មាន​កាបូប​តម្លៃ​មួយ​ពាន់​ដុល្លារ​យួរ បើ​មាន​ខោអាវ​តម្លៃ ២០០​ដុល្លារ ៣០០​ដុល្លារ​ជាប់​ខ្លួន មិន​ដឹង​ថា​គេ​មើល​មក​ឡូយ​ប៉ុណ្ណា​។ ប៉ុន្តែ​ពេល​ដែលមាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ទិញ​វា ខ្ញុំ​បែរជា​គិត​ផ្សេង គិតថា​កាបូប​តម្លៃ​ប៉ុណ្ណា​មិន​សំខាន់ សំខាន់​មាន​លុយ​នៅក្នុង​នោះ​អត់។

តាម​ពិត​ទៅ មាន​តែ​យើង​ខ្លួន​ឯង​ទេ ដែល​ដឹង​ពី​ខ្លួន​ឯង ហើយ​ក៏​គ្មាន​អ្នក​ណា​មក​វាយ​តម្លៃ​យើង​ដែរ មក​ពី​យើង​ចេះ​តែ​គិត​ខ្លួន​ឯង។ ពេល​អ្នក​កាន់​កាបូប​តម្លៃ ១០០០​ដុល្លារ ហើយ​មាន​លុយ​តែ ២០​ដុល្លារ​ក្នុង​នោះ អ្នក​ពិត​ជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត ចេះ​តែ​គិត​ថា​ស្រាល​ខ្លួន ប៉ុន្តែ​ប្រឹង​សម្ដែង​ថា​ខ្លួន​ឯង​ឡូយ ត្រូវ​អត់? តែ​បើ​មាន​កាបូប​តម្លៃ ២០​ដុល្លារ ហើយ​មាន​លុយ​ក្នុង​នោះ ១០០០​ដុល្លារ​វិញ អ្នក​ក៏​មាន​អារម្មណ៍​ថា​ធ្ងន់​ខ្លួន ហើយ​មិន​ខ្លាច​នរណា​មើល​ងាយ​ឡើយ តែ​ធាតុ​ពិត​គឺ​គ្មាន​អ្នក​ណា​ដឹង គ្មាន​អ្នក​ណា​មក​និយាយ​អី​ផង​ហ្នឹង!

ឃើញ​ទេ មាន​តែ​ខ្លួន​ឯង​ទេ ដែល​ដឹង​ពី​ខ្លួន​ឯង។ បើ​អ្នក​មាន​ឡាន ហើយ​ជិះ​ម៉ូតូ​ទៅ​ណា​មក​ណា ក៏​អ្នក​មិន​គិត​ថា​អន់។ តែ​បើ​អ្នក​មាន​ត្រឹម​តែ​ម៉ូតូ​វិញ ហើយ​គ្មាន​ឡាន ជិះ​ទៅ​ណា​មក​ណា ក៏​ចេះ​តែ​គិត​ថា​គេ​មើល​ងាយ។ តាម​ពិត​ក៏​គ្មាន​អ្នក​ដឹង គ្មាន​អ្នក​មើល​ឃើញ។ ចឹង​តម្លៃ​មនុស្ស មិន​មែន​ស្ថិត​នៅ​លើ​របស់​អស់​ហ្នឹង​ទេ គឺ​វា​ស្ថិត​នៅ​លើ​សកម្មភាព និង​អំពើ​ល្អ​របស់​យើង។ មាន​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​អួត​របស់ ហើយ​គ្មាន​ចិត្ត​ចេះ​ជួយ​គេ និយាយ​ស្ដី​មិន​ពីរោះ ក៏​គ្មាន​អ្នក​ចូល​ចិត្ត គ្មាន​អ្នក​ឱ្យ​តម្លៃ​ដែរ។

ខ្ញុំ​នឹក​ឃើញ​ពេល​ក្រ ពេល​អត់ លុយ​មួយ​ម៉ឺន​រៀល មួយ​ម៉ឺន​រៀល មាន​តម្លៃ​ណាស់។ ចឹង​ហើយ បាន​ចូល​ចិត្ត​ជួយ​គេ ជាជាង​ចំណាយ​លុយ​លើ​ការ​អួត​ទ្រព្យ​សម្បត្តិ ដែល​វា​មិន​បង្កើន​តម្លៃ​ដល់​យើង​នោះ។ រាល់​ថ្ងៃ​នេះ ខ្ញុំ​មាន​វាសនា​ល្អ មាន​ក្រុមហ៊ុន មាន​ហាង​ពេជ្រ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​ប្រវត្តិ​ជូរ​ចត់​លក់​ខោ​អាវ​ក្រោម​ឆត្រ មុន​ឈាន​ដល់​ចំណុច​នេះ​ទេ។ មនុស្ស​យើង ត្រូវ​រស់នៅ​ដោយ​សាមញ្ញ ធ្វើ​តែ​អំពើ​ល្អ កុំ​មាន​ចិត្ត​អំនួត កុំ​ភ្លេច​កំណើតនិង​កុំ​ឱ្យ​តម្លៃ​ទ្រព្យ​សម្បត្តិ​ជា​ជាង​អំពើ​ល្អ នោះ​ក្ដី​សុខ​នឹង​កើត​មាន​ពិតៗ។ ហាហាហា និយាយ​ច្រើន​ណាស់​ថ្ងៃ​នេះ។"

គួរ​​​បញ្ជាក់​​​ថា ដំបូង​​​ឡើយ អ្នក​​​ស្រី ទ្រី ដា​ណា គ្រាន់​​​តែ​​​ជា​​​អ្នក​​​លក់​​​ខោ​​​អាវ​​​ជ​ជុះ និង​​​ឥ​វ៉ាន់​​​ក្រោម​​​ឆត្រ មុខ​​​រោង​​​ចក្រ​​​ប៉ុណ្ណោះ​។ ក្នុង​​​ជីវិត​​​ជា​​​ក្មេង​​​កំព្រា​​​ឪពុក​​​ម្ដាយ​​​តាំង​​​ពី​​​តូច អ្នក​​​ស្រី​​​​តស៊ូ​​​គ្រប់​​​បែប​​​យ៉ាង និង​​​ស​ន្សំ​​​បាន​​​ប្រាក់​​​មួយ​​​ចំនួន ក៏​​​ទៅ​​​ដាក់​​​ទុន​​​រក​​​ស៊ី​​​តិច​​​តួ​ច​។ ចាប់​​​ផ្ដើម​​​រក​​​ស៊ី​​​ដំបូង គឺ​​​យក​​​គ្រឿង​​​សម្អាង​​​ពី​​​គេ មក​​​ដើរ​​​លក់​​​តាម​​​ផ្សារ ដោយ​​​ជំពាក់​​​ខ្លះ និង​​​ឱ្យ​​​ថ្លៃ​​​ដើម​​​ខ្លះ​។ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ជា​​​រឿង​​​ងាយ​​​ស្រួល​​​ឡើយ ព្រោះ​​​អ្នក​​​ខ្លះ​​​មិន​​​លក់​​​ឱ្យ ព្រោះ​​​គេ​​​ខ្លាច​​​ជំពាក់​​​មិន​​​សង​។

ដោយសារ​​​មាន​​​ភាព​​​រួស​​​រាយ និង​​​ការ​​​អាណិត ទើប​​​ធ្វើ​​​ឱ្យ​​​អ្នក​​​លក់​​​តាម​​​ផ្សារ​​​ស្រលាញ់​​​ចូល​​​ចិត្ត ហើយ​​​ជួយ​​​យក​​​ឥ​វ៉ាន់​​​កាន់​​​តែ​​​ច្រើន​។ ក្រោយ​​​មក អ្នក​​​ស្រី​​​មាន​​​ដើម​​​ទុន​​​ច្រើន​​​គួរ​​​សម ពោល​​​គឺ​​​នៅ​អំឡុង​​​ឆ្នាំ​​២០១២ ក៏​​​ចាប់​​​ផ្ដើម​​​ស្គាល់​​​គេ និង​​​ប្រថុយ​​​យក​​​គ្រឿង​​​សម្អាង​​​ពី​​​ប្រទេស​​​ថៃ​​​មក​​​លក់​​​បន្ត​។ ទំនុក​​​ចិត្ត​​​ពី​​​អ្នក​​​តំណាង​​​ចែក​​​ចាយ ធ្វើ​​​ឲ្យ​​​អ្នក​​​ស្រី​​​សម្រេច​​​ចិត្ត​​​បើក​​​ក្រុមហ៊ុន​​​នាំ​​​ចូល​​​គ្រឿង​​​សម្អាង​​​ជា​​​ផ្លូវ​​​ការ កាល​​​ពី​​​ថ្ងៃ​​​ទី ១៣ ខែ​​​ឧសភា ឆ្នាំ​​២០១៨ ដោយ​​​ដាក់​​​ឈ្មោះ​​​ថា ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេន​ដីង ខូ​អិល​ធី​ឌី​។ សព្វ​​​ថ្ងៃ ក្រុមហ៊ុន​​​នេះ មាន​​​អ្នក​​​តំណាង​​​ចែក​​​ចាយ​​​បន្ត រហូត​​​ដល់​​​រាប់​​​ម៉ឺន​​​នាក់ គ្រប់​​​ខេត្ត រាជធានី ទូ​​​ទាំង​​​ប្រទេស​​​កម្ពុជា​។​

ជា​​​មនុស្ស​​​មាន​​​ក្ដី​​​ស្រមៃ​​​ធំ អ្នក​​​ស្រី ទ្រី ដា​ណា មិន​​​បាន​​​បញ្ចប់​​​គោល​​​ដៅ​​​ត្រឹម​​​នេះ​​​ទេ គឺ​​​ស្វែង​​​យល់​​​ពី​​​ជំនួញ​​​ថ្មីៗ​​​បន្ត​​​បន្ទាប់​។ ជាមួយ​​​គ្នា​​​នោះ​​​ដែរ អគ្គ​​​នាយិកា​​​​ក្រុមហ៊ុន​​​សម្អាង​​​រូប​​​នេះ កឺ​​​នឹក​​​ឃើញ​​​ទៅ​​​ដល់​​​គ្រឿង​​​អ​ល​ង្កា​រ មាស ពេជ្រ សម្រាប់​​​តែង​​​ខ្លួន​​​របស់​​​នារី​។ បន្ទាប់​​​ពី​​​ព្យាយាម​​​សិក្សា​​​ពី​​​វា​​​អស់​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​រួច​​​មក អ្នក​​​ស្រី ទ្រី ដា​ណា ក៏​​​បាន​​​សម្រេច​​​បើក​​​ហាង​​​ពេជ្រ​​​មួយ​​​ទៀត ដាក់​​​ឈ្មោះ​​​ថា «​ដា​ណា » កាល​​​ពី​​​ថ្ងៃ​​​ទី​២២ ខែ​​​ឧសភា ឆ្នាំ​​២០១៩៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!