ប្រាសាទបុរាណមួយ ត្រូវជនអគតិ ជីកកកាយរកវត្ថុមានតម្លៃ រងការខូចខាតកាន់តែខ្លាំង
ប្រាសាទថ្នមប្តី មានទីតាំងនៅក្បែរជើងភ្នំទូកមាស ស្ថិតនៅផ្នែកខាងកើតក្នុងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។ ប្រាសាទមួយនេះ ត្រូវបានបុព្វបុរសខ្មែរកសាងឡើងនៅមុនសម័យអង្គរ ដែលជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិ មានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានឡើយ។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្នុងពេលក្នុងដែលពេលអ្នកយកព័ត៌មានយើងជូនមិត្តភក្ដិជាភ្ញៀវទេសចរមកពីបរទេសទៅលេងកម្សាន្ត ពិតជាគួរឱ្យសោកស្ដាយនៅពេលឃើញ ទីទួលប្រាសាទមានស្មៅ និងព្រៃដុះទ្រុមទ្រុល បាំងបិតតួ ប្រាសាទថ្នមប្តីទាំង២ ដែលជាស្នាដៃដូចតាខ្មែរ ហាក់ដូចជាត្រូវគេបោះបង់ចោលនៅលើដីទួលរហោឋាននេះជាយូរមកហើយ ដោយគ្មានអ្នកស្ដាយស្រណោះឡើយ។
នៅក្នុងតួប្រាសាទផ្នែកខាងជើង ឃើញមានអន្លងរណ្ដៅមានជម្រៅប្រមាណ១ម៉ែត្រ ដែលជនខិលខូចបានមកជីកកកាយរកកំណប់បុរាណនៅក្រោមប្រាសាទ ដែលអន្លង់នៃរណ្ដៅនេះ បើគេមិនលុបវិញនោះទេ នឹងអាចបង្កឱ្យគ្រឹះប្រាសាទបាក់ស្រុត។
ដោយឡែក ប្រាសាទ១ទៀតនៅជាប់គ្នាផ្នែកខាងត្បូងក៏ពិនិត្យឃើញមានការបែកបាក់យូរយាមកហើយ និងឃើញមានសសរទ្វារប្រាសាទដែលមានក្បូរក្បាច់រចនាបុរាណទុកនៅរាយប៉ាយ ដូចជាគ្មានការថែទាំទុកដាក់ត្រឹមត្រូវឡើយ។
ដូច្នេះហើយភ្ញៀវទេសចរ ក្នុងនាមជាកូនខ្មែរ សំណូមពរដល់អាជ្ញាធរឃុំស្រុកនិងមន្ទីរ វប្បធម៌ខេត្ត ដែលជាអ្នកថែរក្សាការពារ និងគ្រប់គ្រងប្រាសាទបុរាណនៅក្នុងខេត្តកំពង់ឆ្នាំងមេត្តាជួយចុះទៅពិនិត្យមើល ដើម្បីជួយមានវិធានការណ៍គ្រប់គ្រងថែរក្សាការពារប្រាសាទថ្នមប្តី១គូរនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសិក្សាស្វែងយល់ អំពីស្នាដៃដូនតាខ្មែរយើងផងចុះ។
ទាក់ទងនិងរឿងនេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ បានឱ្យដឹងថា នៅក្នុងស្រុកកំពង់លែងគឺមានឆ្មាំប្រាសាទម្នាក់ដែលមានតួនាទីថែរក្សាការពារប្រាសាទ ដូច្នេះរឿងខាងលើនេះ លោកនឹងបញ្ជាឱ្យឆ្មាំប្រាសាទនោះចុះទៅពិនិត្យមើលជាបន្ទាន់ និងដាក់វិធានការណ៍ម៉ឺងម៉ាត់ឱ្យឆ្មាំរូបនេះ ខិតខំថែរក្សាការពារប្រាសាទថ្នមប្តីខាងលើនេះ ឱ្យបានល្អប្រសើរឡើងវិញមិនឱ្យបាក់បែកខូចខាតដោយសារជនខិលខូចឡើយ។