អាជ្ញាធរ​ជាតិ​អប្សរា នឹង​ធ្វើ​កំណាយ​លើ​ស្រះ​ទឹក​​ប្រវត្តិសាស្ត្រ​ទាំង២ នៅ​ប្រាសាទ​អង្គរវត្ត

ក្នុង​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី១៩ ខែ​មេសា​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​ពី​ការ​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​បុរាណ​វិទ្យា​ដ៏​ធំ​មួយ លើ​ស្រះ​ទឹក​ទាំង២ ទាំង​ខាង​ជើង និង​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរវត្ត ចាប់​ពី​ថ្ងៃ​ទី២៣ ខែ​មេសា​តទៅ ដែល​អាច​ត្រូវ​ចំណាយ​ពេល​ប្រហែល ១​ខែ​កន្លះ ទៅ ២​ខែ។ បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល បាន​អះ​អាង​ថា ការ​ធ្វើ​កំណាយ​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ មុន​នឹង​ធ្វើ​ការ​ជួសជុល និង​កែ​លម្អ​ច្រាំង​របស់​ស្រះ​ទាំង២។

ក្នុង​សេចក្ដី​ជូន​ដំណឹង មាន​អត្ថន័យ​ទាំង​ស្រុង​ថា៖

«អាជ្ញាធរ​ជាតិ​អប្សរា មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​គ្រប់​ក្រសួង មន្ទីរ​ស្ថាប័ន​ជាតិ-អន្តរជាតិ សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ សមាគម​អ្នក​បើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ អ្នក​បើកបរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ម្ចាស់​សណ្ឋាគារ ទី​ភ្នាក់ងារ​ទេសចរណ៍ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ព្រម​ទាំង​សាធារណជន​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀប​ចំ​កំណាយ​សិក្សា​ស្រាវជ្រាវ​បុរាណ​វិទ្យា ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ៩​កើត ខែ​ពិសាខ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ស្រះ​ទឹក​ទាំង២ (ខាង​ជើង និង​ខាង​ត្បូង) នៃ​ប្រាសាទ​អង្គរវត្ត មុន​នឹង​ធ្វើ​ការ​ជួសជុល​កែ​លំអ​ច្រាំង​របស់​ស្រះ​ទាំង២។

អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹម​យ៉ាង​មុត​មាំ​ថា គ្រប់​ក្រសួង មន្ទីរ​ស្ថាប័ន​ជាតិ-អន្តរជាតិ សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ សមាគម​អ្នក​បើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ អ្នក​បើកបរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ម្ចាស់​សណ្ឋាគារ ទី​ភ្នាក់ងារ​ទេសចរណ៍ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ព្រម​ទាំង​សាធារណជន​ទាំង​អស់​ ជ្រាប​ជា​ដំណឹង ព្រម​ទាំង​ចូល​រួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ។»

គួរ​បញ្ជាក់​ដែរ​ថា លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គ​រ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ថ្លែង​ឱ្យ​ដឹងថា កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា​នេះ​ធ្វើឡើង​តាម​យោបល់​អ្នក​ជំ​នា​ញ​ការ​អាដហុក របស់​គណៈកម្មការ អាយ​ស៊ីស៊ី-​អង្គ​រ ដែល​សុំ​ឱ្យ​អ្នកជំ​នា​ញ​ធ្វើ​កំ​ណាយ មុននឹង​ជួសជុល និង​កែ​លំអ​ស្រះ​ទាំងពីរ​របស់​ប្រាសាទ​អង្គ​រ​វត្ត​។

តាម​លោក លី វណ្ណា គ​ម្រោង​ជួសជុល និង​ស្ដារ​ឡើង​វិញ​នៃ​ស្រះ​ខាងលើ គឺ​ក្នុង​បំណង​លើក​តម្លៃ កែ​លំអ​ស្រះ ដើម្បី​ឱ្យ​ទឹក​នៅ​បានយូរ និង​រៀបចំ​ច្រាំង​ស្រះ​ជុំ​វិ​ញ ដែល​កន្លង​មក​ស្រះ​ទាំង​នេះបាន​ទាក់ទាញ​ភ្ញៀ​វ​ទេសចរ​ជាច្រើន ដែល​ចូលចិត្ត​ផ្ដិត​ទិដ្ឋភាព​របស់​ពួកគេ​ជាមួយ​កំពូលប្រាសាទ​អង្គ​រ ដែល​ឆ្លុះ​ជាមួយ​ទឹកស្រះ​ដ៏​ស្រស់ស្អាត​។ លោក លី វណ្ណា​ បញ្ជាក់ថា កំណាយ​នេះ​នឹង​អាច​ឱ្យ​អ្នក​ជំ​នា​ញ​ដឹង​កាន់តែច្បាស់​ពីរ​ចនាស​ម្ព័​ន្ធ​របស់​ស្រះ ក៏ដូចជា​គុណភាព​របស់​ថ្ម ថា​តើ​វា​ត្រូវ​កែ​លំអ​បែបណា​បន្ថែម​ទៀ​ត​ផងដែរ​៕ ​

អត្ថបទ៖ សេង ឆៃយ៉ារ៉ា

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!