ហួស​ចិត្ត! បុរស​ម្នាក់​នៅ​ខេត្ត​ព្រៃវែង យក​កន្ត្រៃ​ចាក់​ខ្លួន​ឯង ដើម្បី​បង្ហាញ​ការ​ពិត​មួយ​ដល់​គូ​ស្នេហ៍

ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ បាន​កើត​ឡើង​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បន្ទាប់​ពី​បុរស​ម្នាក់ បាន​យក​កន្ត្រៃ​ចុង​ស្រួច​មក​ចាក់​ខ្លួន​ឯង បណ្ដាល​ឲ្យ​ធ្លាយ​ពោះ​ហូរ​ឈាម​ពេញ​ខ្លួន រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ។ ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាក់​ខ្លួន​ឯង​ដោយ​គ្មាន​ញញើត​ដៃ​នេះ គឺ​ដោយសារ​ចង់​បង្ហាញ​ចិត្ត​ស្មោះ​ចំពោះ​គូស្នេហ៍ ថា​ខ្លួន​ស្រលាញ់​ប្ដូរ​ផ្ដាច់​មិន​ប្រែ​ក្រឡាស់​ចោល​ពាក្យ​សន្យា​ឡើយ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាង​លើ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា វេលា​ម៉ោង ៧:២៤​នាទី​យប់​មិញ​នេះ ក្នុង​​ចំណុច​ផ្ទះ​ទៀម​លក់​គ្រឿង​សម្អាង​ស្ថិត​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​យក​កន្ត្រៃ​មក​ចាក់​ពោះ​ខ្លួន​ឯង មាន​ឈ្មោះ ឡាញ់ ថៃ អាយុ ៣៨​ឆ្នាំ រស់​នៅ​ភូមិ​ធ្នង់​លិច ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ។

ចំណែក​នារី​ជា​សង្សារ មាន​ឈ្មោះ អៀម លីណា ហៅ​ស្រី​ផល អាយុ ៣៤​ឆ្នាំ ជា​ម្ចាស់​លក់​គ្រឿង​សម្អាង រស់​នៅ​ចំណុច​ភូមិ ឃុំ កើត​ហេតុ​ខាង​លើ។ មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាក់​ខ្លួន​ឯង​របស់​បុរស​ជា​សង្សារ គឺ​ដោយសារ​​គូ​កំណាន់​ចិត្ត អៀម លីណា បាន​សុំ​បែក​ចែក​ផ្លូវ​គ្នា ព្រោះ​ថា ឡាញ់ ថៃ មាន​ប្រពន្ធ​​ដែល​លែង​លះ​គ្នា​មិន​ទាន់​ដាច់​ស្រេច។ ដោយសារ​លឺ​ពាក្យ​សុំ​បែក​នោះ​ហើយ ទើប ឡាញ់ ថៃ យក​កន្ត្រៃ​មក​ចាក់​ពោះ​ខ្លួន​ឯង ដើម្បី​បញ្ជាក់​ថា ខ្លួន​ពិត​ជា​ស្រលាញ់​ស្មោះ ហើយ​សន្យា​នឹង​លែង​ប្រពន្ធ​ឲ្យ​ដាច់​ស្រេច។

បន្ទាប់​ពី​ចាក់​ពោះ​ខ្លួន​ឯង​ រង​របួស​ធ្ងន់ធ្ងរ ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើ​ការ​ព្យាបាល​បន្ទាន់។ បច្ចុប្បន្ន ជន​រង​គ្រោះ​ចាក់​ពោះ​បង្ហាញ​ស្នេហ៍​ស្មោះ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ឈ្មោះ ប៉ែន នុត។ ជុំ​វិញ​បញ្ហា​នេះ​ដែរ អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន បាន​បង្ហាញ​អារម្មណ៍​ហួស​ចិត្ត មិន​នឹក​ស្មាន​ថា​បុរស​ខាង​លើ ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ ហើយ​ក៏​នាំ​គ្នា​រិះ​គន់​ចំពោះ​ស្នេហា​ត្រីកោណ មាន​ប្រពន្ធ​ហើយ បែរ​ជា​ទាក់​ទង​អ្នក​ផ្សេង។

អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់ បាន​សម្ដែង​អារម្មណ៍​ខឹង​សម្បារ និង​សរសេរ​ថា៖ "យី!..អាហ្ហើយ ចាក់ពោះ​វាតិចពេក​ហើយ មិនអា ក វិញបានល្អ។ ប្រពន្ធ​កូន​នៅផ្ទះ​អោយ​ច្រងោ មិន​គិតខំ​រកលុយ​ផ្គត់ផ្គង់​ចិញ្ចិម​គ្រួសារ​ដែល​វា​មាន​ស្រាប់​ទៅ​ហើយ​នោះ គិត​តែ​មក​ខំ​បញ្ជាក់​ស្នេហ៍​ស្មោះ​ឯណា​នេះ​វិញ! ដល់​ចឹង​រួច​តាំង​មក​អោយប្រពន្ធ​ដឹក​យក​ទៅ​ពេទ្យ​ហើយ​នៅ​រក្សា ខាត​ទាំង​ពេលវេលា​អស់​ទាំង​លុយ​មើល​ខ្លួន"។

ចំណែក​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​ទៀត បាន​សរសេរ​ស្រដៀង​គ្នា​ថា៖ " វា​មាន​ប្រពន្ធ​ហើយ វាមក​ស្រឡាញ់​យើង វាចាក់​ខ្លួន​វា​ឲ្យ​យើង ស្លាប់​ចិត្ត ថ្ងៃ​ក្រោយ វានឹង​អាច ទៅ​ស្រឡាញ់ ស្រី​ម្នាក់​ទៀត វា ក៏​ធ្វើ​ចឹងទៀត ទុក​ចិត្តមិន​បាន​ទេ។" ​​​​​

អត្ថបទ៖ សេង ឆៃយ៉ារ៉ា

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!