លម្អិត​ជុំ​វិញ​ករណី ជន​អគតិ​បោក​ក្មេង​ផឹក​ថ្នាំ​ញៀន រហូត​ប្រកាច់​វង្វេង​ស្មារតី ៣​នាក់ (មាន​វីដេអូ)

កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា កន្លង​ទៅ​នេះ មាន​វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ឡើង​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​មាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង។ វីដេអូ​នោះ បង្ហាញ​ពី​ក្មេង​ប្រុស ៣​នាក់ បាន​វង្វេង​វង្វាន់​ប្រកាច់​បាត់​ស្មារតី ព្រោះ​តែ​មាន​ជន​អគតិ​ម្នាក់ បាន​លាយ​ថ្នាំ​ញៀន​ប្រភេទ អ៊ិចស្តាហ្សី (ថ្នាំ​គ្រវី) ជាមួយ​ទឹក​សុទ្ធ និង​ទឹក​ក្រូច​បោក​ឲ្យ​ពួក​គេ​ផឹក។ តាម​របាយការណ៍​សមត្ថកិច្ច បាន​បញ្ជាក់​យ៉ាង​លម្អិត​ជចុំ​វិញ​ករណី​នេះ ក្រោយ​ចាប់​បាន​ជន​សង្ស័យ​ដែល​ដាក់​ថ្នាំ​ញៀន​ឲ្យ​ក្មេង​ទាំង៣នាក់​ផឹក។

ដំណើរ​រឿង​ដំបូង គឺ​នៅ​វេលា​ម៉ោង ៨​កន្លះ​ព្រឹក ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ផ្ទះ​លក់​ដូរ​​ឈ្មោះ អ៊ឹម សារ៉ន ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ដែល​មាន​ទី​តាំង​បី​ភូមិ១ សង្កាត់៤ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ មាន​ក្មេង​ៗ​ចំនួន ៤​នាក់ កំពុង​ទិញ​អី​អង្គុយ​ញាំ។ ក្រោយ​មក ស្រាប់​តែ​មាន​ឈ្មោះ វ៉ន វុត្ថា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ដែល​មាន​ទី​លំនៅ​នៅ​ក្រុម២៣ ភូមិ១ សង្កាត់៤ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ និង​មាន​មុខ​របរ​ជា បុគ្គលិក​ក្លឹប​កម្សាន្ត បាន​យក​ទឹក​ក្រូច​មក​ឲ្យ​ក្មេង​ទាំង​នោះ​ផឹក។

តាម​ពិត​ទៅ ឈ្មោះ វ៉ន វុត្ថា ជា​បុគ្គលិក​ក្លឹប ដែល​មាន​ថៅកែ​ជា​ជន​ជាតិ​ចិន នៅ​ខេត្ត​ព្រះ​សីហនុ។ ជន​អគតិ​រូប​នេះ បាន​ប្រទះ​ឃើញ​ដប​ថ្នាំ​តូច​មួយ ដែល​ជន​ជាតិ​ចិន​បោះ​ចោល​ក្នុង​ធុង​សំរាម ក៏​យក​មក​លាយ​ទឹក​សុទ្ធ រួច​ពេល​មក​ដល់​ផ្ទះ​កើត​ហេតុ​ខាង​លើ រូប​គេ​បាន​ទិញ​ទឹក​ក្រូច​ចាក់​លាយ និង​ចែក​ឲ្យ​ក្មេង​ទាំង ៤​នាក់​ផឹក ក្នុង​បំណង​ចង់​ដឹង​ពី​លទ្ធផល​មើល។ ក្មេង​ទាំង ៤​នាក់​ដែល​ចាញ់​បោក​ផឹក មាន​ឈ្មោះ ១-​ ឈ្មោះ​ គង់​ កយ​ ភេទប្រុស​ អាយុ​ ១៣ឆ្នាំ ២-​ ឈ្មោះ​ ឆន​ ឆវិន​ ភេទ​ ប្រុស​ អាយុ​ ១០ឆ្នាំ ៣-​ ឈ្មោះ​ សូ​ រតនា​ ភេទ​ ប្រុស​ អាយុ​ ៨ឆ្នាំ ៤-​ ឈ្មោះ​ សូ​ រិទ្ធី​ ភេទ​ ប្រុស​ អាយុ​ ៧ឆ្នាំ​។

ឈ្មោះ វ៉ន វុត្ថា បាន​ប្រាប់​ក្មេង​ទាំង​នោះ​ថា ពួក​ឯង​ផឹក​ទៅ ជា​ទឹក​ទំពាំង​បាយ​ជូរ។ ពេល​នោះ ក្មេង​ទី១ ឈ្មោះ គង់ កយ ផឹក​បាន​បន្តិច​ក៏​ឈប់ ព្រោះ​មាន​រសជាតិ​ល្វីង។ ចំណែក​ឯ​ក្មេង ៣​នាក់ ដែល​រង​គ្រោះ បាន​ផឹក​អស់​ម្នាក់ ២ ទៅ ៣​កូន​កែវ។ ពេល​ផឹក​រួច ក្មេង​ទាំង​នោះ នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន។ ក្មេង​ម្នាក់​​ឈ្មោះ គង់ កយ ដែល​ផឹក​តិច​ជាង​គេ ពេល​ទៅ​ដល់​ផ្ទះ រក​អី​ហូប​បន្ថែម ក៏​ស្វាង​បាត់​អស់​ជាតិ​ថ្នាំ។

ដោយ​ឡែក ក្មេង ៣នាក់​ផ្សេង​ទៀត មួយ​សន្ទុះ​ក្រោយ​មក ថ្នាំ​ញៀន​បាន​ចាប់​ផ្ដើម​បញ្ចេញ​អនុភាព ធ្វើ​ឲ្យ​ពួក​គេ បញ្ចេញ​កាយវិការ​ប្លែកៗ រវើ​រវាយ និយាយ​លែង​ដឹង​ខុស​ត្រូវ។ ក្រុម​គ្រួសារ​ឃើញ​បែប​នេះ ក៏​មាន​ការ​ភិត​ភ័យ​យ៉ាង​ខ្លាំង និង​បញ្ជូន​ទៅ​កាន់​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ (ពេទ្យ​ចំការ​ចេក) ព្រោះ​ពួក​គេ មាន​អាការៈ​ប្រកាច់​ខុស​ប្រក្រតី។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ ក្រុម​ពេទ្យ​ជំនាញ បាន​ចាក់​ថ្នាំ យ៉ាសុប៉ាម (ថ្នាំ​ងងុយ​ដេក) ម្នាក់ ១​ម្ជុល និង​ថ្នាំ​សុល​គូថ។

ប្រហែល​មួយ​ម៉ោង​ក្រោយ​មក បុគ្គលិក​អង្គការ​ម្លប់​តាប៉ាង ប្រចាំ​ខេត្ត​ព្រះ​សីហនុ បាន​ទទួល​យក​ក្មេង​ទាំង៣ ពី​ពេទ្យ ទៅ​ទីស្នាក់ការ​របស់​ពួក​គេ ដើម្បី​ជួយ​បន្សាប ដោយ​ឲ្យ​ញាំ​ទឹក​ក្រូច និង​ចាក់​ភ្លេង​ឲ្យ​រាំ សម្រួល​អារម្មណ៍។ បន្ទាប់​ពី​ពួក​គេ​ស្វាង​អស់​ជាតិ​ថ្នាំ អង្គការ​បាន​ប្រគល់​ក្មេង​ទាំង​នោះ ទៅ​ឲ្យ​ឪពុក​ម្ដាយ យក​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន។

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុគ្គលិក​ក្លឹប​ឈ្មោះ វ៉ន វុត្ថា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​វេលា​ម៉ោង១១កន្លះ ថ្ងៃ​ទី២៧​ខែ​កុម្ភៈ​ដដែល ដើម្បី​យក​ទៅ​សាកសួរ។ ចំណែក​ទឹក​ក្មេង​បាន​ផឹក ក្រោយ​ពេល​ពិសោធន៍​តាម​បែប​វេជ្ជសាស្ត្រ ជា​លទ្ធផល ឃើញ​ថា​មាន​ផ្ទុក​ធាតុ​ញៀន ប្រភេទ អ៊ិចស្តាហ្សី៕ ​

ទស្សនា​វីដេអូ៖ 

 

អត្ថបទ៖ សេង ឆៃយ៉ារ៉ា

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!